ដោយៈសុខុម

ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥ បានចុះពិនិត្យមើលសំណង់ចំណត ផ្លូវទឹកនៅកំពង់ស្រឡាងក្រុងស្ទឹងត្រែង ដើម្បីត្រៀមជួសជុលកែលម្អ ឱ្យមានសោភ័ណភាពឡើងវិញនៅពេលខាងមុខ។
លោកអភិបាលខេត្តស្ទឹងត្រែងបាននិយាយថា៖ លោកចង់រក្សាសមិទ្ធផលចាស់ឱ្យស្របទៅតាមគោលការណ៍ រក្សាចាស់ អភិវឌ្ឍថ្មី។នៅពេលកែសោភ័ណភាពនៅទីនេះឲ្យទៅជាកន្លែងស្រស់ស្អាត ពេលនោះប្រជាពលរដ្ឋក៏ងាយស្រួលប្រារព្ធនូវពិធីប្រពៃណីផ្សេងៗផងដែរ។ ម្យ៉ាងទៀត ចំណតស្រឡាងវាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នៅពេលពួកគាត់បើកទូកមកចតដោះដូរទំនិញ។ នៅពេលរៀបចំរួចរាល់ហើយនោះ ទីកន្លែងនេះក៏នឹងក្លាយទៅជាកន្លែងសម្រាប់អ្នកទេសចរទស្សនាថតរូបភាព។
លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា៖ ផ្លូវទឹកនៅកំពង់ស្រឡាងចាស់នេះ គឺជាកន្លែងប្រមូលផ្តុំទូករបស់បងប្អូនប្រជាពលរដ្ឋមកពីតាមជនបទ។ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តនឹងចាប់ផ្តើមជួសជុលនៅពេលដ៏ឆាប់ខាងមុខនេះ។
លោកសរ គឹមណាតបានបញ្ជាក់ថា សំណង់កំពង់ស្រឡាងផ្លូវទឹកនេះមានប្រវែង១៣១ម៉ែត្រ ទទឹង៦ម៉ែត្រ៕
