ព័ត៌មានជាតិ

បិទកម្មវិធីការអប់រំ និងសមាធិ នៅវត្តវាំងមួងសង្កាត់និមិត្តក្រុងប៉ោយប៉ែត

 ដោយ : បន្ទាយ

បន្ទាយមានជ័យ : ឆ្លងកាត់កម្មវិធីអប់រំផ្លូវចិត្ត និងសមាធិ អស់រយៈពេល ៦យប់ ៧ ថ្ងៃ ស្ថិតនៅវត្តព្រហ្មមានជ័យសុវណ្ណារាម ហៅវត្តវាំងមួង ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាពព្រះឧត្ដម សីលញ្ញណ ធុល សុធា ព្រះមេគណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ខែ កុម្ភៈ ឆ្នាំ ២០២៥។

ព្រះឧត្តម សីលញ្ញណ ធុល សុធា ព្រះមេគណខេត្ត បានមានសង្ឃដីកាថា ការរៀបចំពិធីអប់រំ និងសមាធិ ចំពោះព្រះសង្ឃ លោកតា លោកយាយ សិស្សានុសិស្សរយៈពេល ៦យប់៧ថ្ងៃមកនេះ ពិតជាបានធ្វើឲ្យមានចិត្តស្ងប់ទាំងផ្លូវកាយផ្លូវចិត្ត ប្រព្រឹត្តទៅបានល្អប្រសើរ ព្រមទាំងបានតាំងចិត្តមុតមាំក្នុងអារម្មណ៍តែមួយ ដោយសច្ចភាព ស្ងប់អារម្មណ៍ជម្រះចោលនូវអំពើឧបាយមុខផ្សេងៗ។

ម្យ៉ាងវិញទៀត ការអប់រំផ្លូវចិត្តនិងសមាធិនេះ អាចធ្វើឲ្យទាំងចាស់ទាំងក្មេង បានយល់ពីអ្វីដែលល្អ អ្វីដែលអាក្រក់ និងវៀរចាកនូវអំពើរអាក្រក់ផ្សេងៗ ក៏ថាបាន ហើយការសន្សំបុណ្យរមែងនាំមកនូវសេចក្តីសុខ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមានប្រសាសន៍ថ្លែងនូវអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះព្រះមន្រ្ដីសង្ឃ ព្រះចៅអធិការវត្តវាំងមួង ដែលបានធ្វើការរៀបចំកម្មវិធីអប់រំ និងសមាធិនេះឡើងទទួលបានជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណ ចំពោះអស់លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ចង្ហាន់។ ល។

ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបានចុះពិនិត្យមហាកុដិនិងព្រះអង្គធំ ដែលត្រៀមនិងធ្វើបុណ្យឆ្លងនាថ្ងៃទី ៩ , ១០ ,១១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ និងរៀបចំ បង្សុកូលគម្រប់ខួប ៤ឆ្នាំ ឧទ្ទិសមហាកុសល ប្រគេនព្រះ វិភទ្ទញ្ញណ អត្ថគុតោ្តព្រហ្ម ខៀននិងពិធីរាប់បាតព្រះសង្ឃចំនួន១៥០អង្គផងដែរ ៕