សន្ដិសុខសង្គម

ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់របស់កូរ៉េមានរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជាច្រើនគ្រឿង

ដោយ៖ សហការី

ភ្នំពេញៈអគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយ៉ាងសន្ធោសន្ធៅធ្វើឲ្យមានរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់  ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ យីហោ ហ្វ័រម៉ាត ខេមបូឌាខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

ម្ចាស់សហគ្រាសឈ្មោះ YOO MIWOL ជនជាតិកូរ៉េខាងត្បូង ភេទប្រុស  ។

រោងចក្រដែលឆេះមានទំហំផ្ទៃដីចំនួន១ម៉ឺនម៉ែត្រក្រឡា ហើយមានចំនួន២អគារជាប់គ្នាដែលមានទំហំ៥៣០០ម៉ែត្រក្រឡា  និងមានមានកម្មករ-កម្មការិនី ចំនួនប្រហែលជាង៤០០នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរោងចក្រខាងលើកម្មករគឺបានចេញទៅធ្វើការត្រឡប់ទៅផ្ទះអស់ហើយ។លុះដល់ម៉ោងកើតហេតុមិនដឹងថាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែមានឃើញភ្លើងឆេះពីអគារប៉ែកខាងក្រោយ ផ្នែកខាងកង្ហារបឺតកម្ដៅឡើងសន្ធោសន្ធៅតែម្តង។ដូច្នេះសន្តិសុខយាមនៅទីតាំងកើតហេតុបានទាញទុយោនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់មិនទាន់ភ្លើងឆេះខ្លាំងឡើងៗ ទើបរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីអន្តរាគមន៍រថយន្តមកតាមបណ្ដាអង្គភាពជាច្រើនគ្រឿងដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

ក្នុងករណីនេះផងដែរ ដោយសារតែដំបូលរោងចក្រត្រូវបានបាក់ស្រុត អ៊ីចឹងហើយពិបាកក្នុងការបាញ់ពន្លត់ អាជ្ញាធរសម្រេចយកគ្រឿងចក្រមួយគ្រឿង មកវាយបំបែករបងអគាររោងចក្រនិងហែកកាយជាបំណែកដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យស្រួលអន្តរាគមន៍បាញ់ពន្លត់នៅក្នុងករណីអគ្គិភ័យនេះ។  ហេតុការណ៍នេះកម្លាំងជំនាញពាក់ព័ន្ធបានសហការគ្នាបាញ់ពន្លត់រហូតដល់ម៉ោងប្រហែល១២យប់ថ្ងៃដដែល ទើបភ្លើងអន់ថយទៅវិញ។ ក្នុងករណីគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានឲ្យដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារក៏ដូចជាអគាររោងចក្រអស់ទាំងស្រុងចំពោះមូលហេតុវិញ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមក្រោយដើម្បីរកប្រភពដែលបង្កឲ្យមានការឆាបឆេះនេះ៕