អន្តរជាតិ

សារព័ត៌មានកូរ៉េខាងជើងKCNAថានាវាមុជទឹកនុយក្លេអ៊ែរអាមេរិកនៅកំពង់ផែកូរ៉េខាងត្បូងបង្កើតការគំរាមកំហែងធ្ងន់ធ្ងរ

ប្រែសម្រួល៖រតនា

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងជើងបានថ្លែងកាលពីថ្ងៃអង្គារ (១១ កុម្ភៈ) ថា សហរដ្ឋអាមេរិកកំពុងបង្កើតការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរម្តងទៀត ដោយបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កំពង់ផែកូរ៉េខាងត្បូង ហើយកងកម្លាំងយោធារបស់ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការណាមួយដែលចាំបាច់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA។

ការលេចមុខនៃនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនៅឧបទ្វីបកូរ៉េ គឺជា “ការបង្ហាញយ៉ាងច្បាស់នូវអាការប្រឆាំងដែលមិនប្រែប្រួលរបស់អាមេរិក” ប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិខាងជើងដែលមិនបានបញ្ចេញឈ្មោះ។

“យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធាប្រទូសរ៉ាយដ៏គ្រោះថ្នាក់របស់អាមេរិក ដែលអាចនាំឱ្យការប្រឈមមុខយោធាធ្ងន់ធ្ងរនៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ ឈានទៅដល់ជម្លោះកងកម្លាំងប្រដាប់អាវុធជាក់ស្តែង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA។

កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹង “អនុវត្តសិទ្ធិស្របច្បាប់ដោយមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មអ្នកបង្កហេតុ” សេចក្តីថ្លែងការណ៍បានបន្ត ដោយមិនបានពន្យល់លម្អិត។

នាវាមុជទឹកវាយប្រហារលឿន Alexandria របស់អាមេរិកបានមកដល់ទីក្រុងបូសានកូរ៉េខាងត្បូងដើម្បីបំពេញស្បៀងឡើងវិញ និងសម្រាកសម្រាប់កងនាវិករបស់ខ្លួន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីពីកងទ័ពជើងទឹកខាងត្បូង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់និងមតិយោបល់នៅឡើយទេ។

នាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរនេះ គឺជាផ្នែកមួយនៃកងនាវាប៉ាស៊ីហ្វិករបស់អាមេរិក ដែលប្រដាប់ដោយមីស៊ីលក្រាម Tomahawk នេះបើយោងតាមកងទ័ពជើងទឹកអាមេរិក។

កូរ៉េខាងជើងតែងតែរិះគន់វត្តមាននៃទ្រព្យសម្បត្តិយោធាអាមេរិក និងការហ្វឹកហាត់រួមគ្នារវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង។ កាលពីថ្ងៃអាទិត្យ ខាងជើងបានព្រមានអំពី “ផលវិបាកមិនល្អ” ដោយរិះគន់ស៊េរីនៃការហ្វឹកហាត់ដែលធ្វើឡើងដោយសម្ព័ន្ធមិត្ត។

អ្នកនាំពាក្យក្រសួងការពារជាតិខាងជើងមិនបានលើកឡើងអំពីការហ្វឹកហាត់បាញ់កាំភ្លើងផ្ទាល់ដាច់ដោយឡែកដែលធ្វើឡើងរួមគ្នាដោយកងទ័ពកូរ៉េខាងត្បូងនិងអាមេរិកនៅទីលានបាញ់កាំភ្លើងភាគខាងត្បូងនៃព្រំដែនយោធាកូរ៉េចាប់តាំងពីសប្តាហ៍មុន។

ខាងជើងបានបង្កើនការប្រើប្រាស់ខ្លឹមសារប្រទូសរ៉ាយ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងកាលពីខែមុនសម្រាប់អាណត្តិប្រធានាធិបតីលើកទីពីររបស់លោក បើទោះបីជាមានការលើកឡើងរបស់លោកដែលបង្ហាញថា លោកនឹងទាក់ទងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សម្រាប់ការសន្ទនាដោយផ្ទាល់ក៏ដោយ៕

ប្រភព៖ Reuters/lh