កម្សាន្ដ

ពានរង្វាន់ Star Awards ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅខែកក្កដានេះ ដោយអបអរខួបលើកទី៣០

ប្រែសម្រួល៖ ស្រីនិច

ពានរង្វាន់ Star Awards នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ដែលជាខួបលើកទី៣០របស់កម្មវិធីនេះ។ ពានរង្វាន់ Star Awards បានចាប់ផ្តើមនៅឆ្នាំ១៩៩៤ ប៉ុន្តែត្រូវបានផ្អាកមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនេះ គឺដើម្បីផ្តល់កិត្តិយសដល់ទេពកោសល្យច្នៃប្រឌិត និងខ្លឹមសារក្នុងឧស្សាហកម្មកម្សាន្តចិននៅមូលដ្ឋាន ហើយលើសពីនេះទៅទៀត អ្នកគាំទ្រនឹងបានឃើញតារាក្នុងស្រុកដែលពួកគេចូលចិត្តស្លៀកពាក់យ៉ាងស្រស់ស្អាត ពេលដើរលើកម្រាលព្រំក្រហម ក្នុងសម្លៀកបំពាក់ដែលនឹងត្រូវបានគេនិយាយដល់រាប់ថ្ងៃ និងពេលខ្លះរាប់ឆ្នាំ។

ពានរង្វាន់រាប់សិបត្រូវបានប្រគល់ជូនក្នុងកម្មវិធីនេះ រួមមានពានរង្វាន់តួឯកប្រុសល្អបំផុត និងតួឯកស្រីល្អបំផុត ខ្សែភាពយន្តទូរទស្សន៍ល្អបំផុត បទចម្រៀងប្រធានបទល្អបំផុត និងពានរង្វាន់ដែលមានការប្រកួតប្រជែងខ្លាំង គឺតារាប្រុសស្រីពេញនិយមបំផុត១០រូប។

ពានរង្វាន់ Star Awards ឆ្នាំ២០២៤ កាលពីឆ្នាំមុន បានឃើញទាំងពានរង្វាន់តួឯកប្រុសស្អាតបំផុត និងតួឯកស្រីស្អាតបំផុត ត្រូវបានឈ្នះដោយអ្នកឈ្នះលើកដំបូង។ លោក Jeremy Chan បានទទួលពានរង្វាន់តួឯកប្រុសល្អបំផុតសម្រាប់តួនាទីរបស់គាត់ក្នុងរឿង All That Glitters ខណៈដែលកញ្ញា Kym Ng បានឈ្នះចំណាត់ថ្នាក់លេខមួយសម្រាប់តួឯកស្រីល្អបំផុតក្នុងខ្សែភាពយន្តទូរទស្សន៍ Till The End។

តារាសម្តែង Zhang Ze Tong បានឈ្នះពានរង្វាន់ច្រើនជាងគេកាលពីឆ្នាំមុន ដោយឈ្នះក្នុងប្រភេទចំនួនបី៖ ពានរង្វាន់តួសម្តែងរងប្រុសល្អបំផុតសម្រាប់តួនាទីរបស់គាត់ក្នុងរឿង All That Glitters ពានរង្វាន់តារារះថ្មីពេញនិយមបំផុត និងពានរង្វាន់ MyPick! សម្រាប់តួអាក្រក់ដែលគេស្អប់បំផុត។

ក៏មានការចូលរួមសម្តែង និងការបង្ហាញខ្លួនពីភ្ញៀវអន្តរជាតិផងដែរ រួមមានសមាជិកក្រុមតន្ត្រី K-pop Shinee គឺ Onew និងតារាសម្តែងហុងកុង Charmaine Sheh។

ព័ត៌មានលម្អិតសម្រាប់ពានរង្វាន់ Star Awards ឆ្នាំ២០២៥ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ សូមតាមដានបន្ត៕

ប្រភព៖ CNA/cg