អន្តរជាតិ

ត្រាំលើកឡើងថា អ៊ុយក្រែន «អាចក្លាយជារបស់រុស្ស៊ីនាពេលណាមួយ» មុនជំនួបរវាងលោក ហ្សេឡិនស្គី និងលោក វ៉ែន

ប្រែសម្រួល៖ស-សម្បត្តិ

ក្រុងគីវ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតដែលថា អ៊ុយក្រែន «អាចក្លាយជារបស់រុស្ស៊ីនាពេលណាមួយ» ខណៈដែលអនុប្រធានាធិបតីរបស់លោក ចេឌី វ៉ែន ត្រៀមខ្លួនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី នាចុងសប្តាហ៍នេះ។

ក្នុងការជំរុញឱ្យមានការបញ្ចប់សង្រ្គាមដែលបានអូសបន្លាយជិតបីឆ្នាំជាមួយរុស្ស៊ី លោកត្រាំបានពិភាក្សាអំពីជម្លោះនេះក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News ដែលបានផ្សាយកាលពីថ្ងៃចន្ទ (ថ្ងៃទី១០ ខែកុម្ភៈ)។

លោកមានប្រសាសន៍ថា «ពួកគេអាចធ្វើកិច្ចព្រមព្រៀង ឬមិនធ្វើកិច្ចព្រមព្រៀងក៏បាន។ ពួកគេអាចក្លាយជារបស់រុស្ស៊ីនាពេលណាមួយ ឬមិនក្លាយជារបស់រុស្ស៊ីនាពេលណាមួយក៏បាន»។

លោកត្រាំក៏បានសង្កត់ធ្ងន់លើការទទួលបានផលត្រឡប់ពីការវិនិយោគលើជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយស្នើឱ្យមានការដោះដូរជាមួយធនធានធម្មជាតិរបស់ក្រុងគីវ ដូចជារ៉ែកម្រជាដើម។

លោកមានប្រសាសន៍ថា «យើងនឹងមានប្រាក់ទាំងអស់នេះនៅទីនោះ ហើយខ្ញុំនិយាយថា ខ្ញុំចង់បានវាត្រឡប់មកវិញ។ ហើយខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់បានសមមូលនឹងប្រាក់ប្រហែល ៥០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃរ៉ែកម្រ។ ហើយពួកគេបានព្រមព្រៀងធ្វើបែបនោះជាមូលដ្ឋាន ដូច្នេះយ៉ាងហោចណាស់យើងមិនមានអារម្មណ៍ថាល្ងង់ខ្លៅ»។

លោកត្រាំក៏បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងបញ្ជូនអ្នកតំណាងពិសេសរបស់លោក គីត ខេឡក់ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដែលមានភារកិច្ចរៀបចំសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។

លោកត្រាំកំពុងជំរុញឱ្យមានការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ខណៈដែលលោក ហ្សេឡិនស្គី កំពុងអំពាវនាវឱ្យមានការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីវ៉ាស៊ីនតោន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយជាមួយរុស្សី។

ក្រុងគីវភ័យខ្លាចថា កិច្ចព្រមព្រៀងណាមួយដែលមិនរួមបញ្ចូលការប្តេជ្ញាចិត្តផ្នែកយោធាយ៉ាងម៉ឺងម៉ាត់ – ដូចជាសមាជិកភាពណាតូ ឬការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព – នឹងគ្រាន់តែផ្តល់ពេលវេលាឱ្យក្រឹមឡាំងក្នុងការប្រមូលផ្តុំកម្លាំង និងប្រដាប់អាវុធឡើងវិញសម្រាប់ការវាយប្រហារថ្មី។

អ្នកនាំពាក្យរបស់លោក ហ្សេឡិនស្គី លោក សឺហ្គី នីគីហ្វូរ៉ូវ បានប្រាប់ AFP ថា ប្រធានាធិបតីអ៊ុយក្រែននឹងជួបជាមួយលោក វ៉ែន នៅថ្ងៃសុក្រនេះ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខទីក្រុងមុយនិច។

ប្រភពមួយនៅក្នុងការិយាល័យរបស់លោក ហ្សេឡិនស្គី បាននិយាយថា លោក ខេឡក់ នឹងមកដល់អ៊ុយក្រែននៅថ្ងៃទី២០ ខែកុម្ភៈ ដោយមិនបានបញ្ជាក់លម្អិតថាតើលោកនឹងទៅទស្សនាកន្លែងណាខ្លះនៅក្នុងប្រទេសនោះទេ។

ដំណើរទស្សនកិច្ចរបស់លោកនឹងកើតឡើងប៉ុន្មានថ្ងៃមុនខួបលើកទីបីនៃការឈ្លានពានរបស់រុស្សីនៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក ហ្សេឡិនស្គី បានអំពាវនាវកាលពីថ្ងៃចន្ទឱ្យមាន «សន្តិភាពពិតប្រាកដ និងការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាព» សម្រាប់អ៊ុយក្រែន។

លោកបានមានប្រសាសន៍ថា «សន្តិសុខរបស់ប្រជាជន សន្តិសុខរបស់រដ្ឋរបស់យើង សន្តិសុខនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាពិសេស និរន្តរភាពធនធានរបស់យើង៖ មិនមែនសម្រាប់តែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកសេរីទាំងមូល»។

«រឿងទាំងអស់នេះកំពុងត្រូវបានសម្រេច» លោកបានបន្ថែមក្នុងសុន្ទរកថាវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

  • ជំនួបជាមួយលោកត្រាំ

លោកត្រាំបាននិយាយថា លោកចង់ធ្វើជាអ្នកសម្របសម្រួលដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែមិនបានគូសបញ្ជាក់អំពីសំណើលម្អិតដើម្បីនាំភាគីទាំងពីរទៅកាន់តុចរចាទេ។

ទាំងលោក ហ្សេឡិនស្គី និងប្រធានាធិបតីរុស្សី វ្លាឌីមៀរ ពូទីន បានបដិសេធការចរចាដោយផ្ទាល់ជាមួយគ្នា ហើយហាក់ដូចជាមានចន្លោះតិចតួចដែលភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយ។

លោក ពូទីន កំពុងទាមទារឱ្យអ៊ុយក្រែនដកថយចេញពីតំបន់ភាគខាងត្បូង និងភាគខាងកើតដែលក្រុងគីវនៅតែមានការគ្រប់គ្រង ហើយចាត់ទុកទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ៊ុយក្រែន និងណាតូថាមិនអាចទទួលយកបាន។

ចំណែកលោក ហ្សេឡិនស្គី បានបដិសេធការសម្របសម្រួលផ្នែកទឹកដីណាមួយជាមួយទីក្រុងម៉ូស្គូ ទោះបីជាលោកបានទទួលស្គាល់ថា អ៊ុយក្រែនប្រហែលជាត្រូវពឹងផ្អែកលើមធ្យោបាយការទូតដើម្បីធានាការត្រឡប់មកវិញនូវទឹកដីមួយចំនួន។

រុស្ស៊ីនិយាយថា ខ្លួនបានឧបសម្ព័ន្ធតំបន់ចំនួនប្រាំនៃអ៊ុយក្រែន – គ្រីម៉េអានៅឆ្នាំ២០១៤ បន្ទាប់មកដូនេតស្ក ខឺសុន លូហ្គានស្ក និងហ្សាប៉ូរីហ្សា នៅឆ្នាំ២០២២ – ទោះបីជាខ្លួនមិនមានការគ្រប់គ្រងពេញលេញលើតំបន់ទាំងនោះក៏ដោយ។

លោក ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃចន្ទថា ការជួបជាមួយលោកត្រាំកំពុងត្រូវបានរៀបចំ ទោះបីជាមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយក៏ដោយ ខណៈដែលលោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថា លោក «ប្រហែលជា» នឹងជួបលោក ហ្សេឡិនស្គី នាពេលឆាប់ៗនេះ ប៉ុន្តែបានបដិសេធមិនធ្វើដំណើរទៅកាន់ក្រុងគីវដោយផ្ទាល់។

កាសែត New York Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោកត្រាំបានប្រាប់អ្នកបោះពុម្ពផ្សាយថា លោកបាននិយាយតាមទូរសព្ទជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា មេដឹកនាំរុស្សីបានប្រាប់លោកថា គាត់ «ចង់ឃើញមនុស្សឈប់ស្លាប់»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានបដិសេធមិនបញ្ជាក់ ឬបដិសេធការហៅទូរស័ព្ទនេះ។

អ្នករៀបចំសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលត្រូវបានតាមដានយ៉ាងជិតស្និទ្ធ បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា លោក ហ្សេឡិនស្គី នឹងចូលរួមកិច្ចប្រជុំកំពូលពីថ្ងៃទី១៤-១៦ ខែកុម្ភៈ។ គណៈប្រតិភូសហរដ្ឋអាមេរិករួមមានរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ ក៏ដូចជាលោក ខេឡក់ និងលោក វ៉ែន ដូចដែលប្រធាន MSC លោក គ្រីស្តូហ្វ ហឺសហ្គិន បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង។

នឹងមិនមានវត្តមានតំណាងរដ្ឋាភិបាលរុស្សីទេ លោក ហឺសហ្គិន បានមានប្រសាសន៍។

កិច្ចប្រជុំនេះកើតឡើងពេលដែលរុស្សីកំពុងរីកចម្រើនឆ្ពោះទៅមុខនៅតំបន់ដូនេតស្កភាគខាងកើតនៃអ៊ុយក្រែន ដែលខ្លួនបានចូលកាន់កាប់តំបន់ជាច្រើន – ភាគច្រើនត្រូវបានទម្លាក់គ្រាប់បែកដោយរុស្សីអស់រយៈពេលជាច្រើនខែ – ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ទីក្រុងម៉ូស្គូក៏បានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ ដោយអះអាងថា ការវាយប្រហារទាំងនោះគោលដៅលើមូលដ្ឋានដែលជួយដល់យោធាក្រុងគីវ។

នៅថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនបាននិយាយថា វិស័យថាមពល «នៅតែស្ថិតក្រោមការវាយប្រហារ» ហើយក្រុងគីវកំពុង «អនុវត្តការដាក់កម្រិតការផ្គត់ផ្គង់ថាមពលបន្ទាន់ជាបន្ទាន់» ដើម្បី «កាត់បន្ថយផលវិបាកដែលអាចកើតមាន»៕

ប្រភព៖ AFP/ec