ដោយ៖ សុខុម
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
ស្ទឹងត្រែងៈ បើតាមការបង្ហើបពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងថា៖ កសិផលកសិកម្ម ដែលផលិតបានប្រចាំឆ្នាំជួយផ្គត់ផ្គង់តម្រូវការក្នុងខេត្តរួចនាំចេញទៅក្រៅប្រទេសបានដល់ទៅជាង១លានតោនឯណោះ។
![](https://cambodiaflashnews.com/wp-content/uploads/2025/02/Stengtreng.jpg)
បើទោះបីជាសកលលោក ជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ខេត្តស្ទឹងត្រែងនៅតែអាចមានលទ្ធភាពផលិតវត្ថុធាតុដើម ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង។
ការលើកឡើងបែបនេះដោយសារខេត្តមានផ្ទៃដីនៅធំទូលាយ បើធៀបទៅនឹងបណ្តាខេត្តដទៃទៀត។ខេត្តនេះមានសក្តានុពល អំណោយផលខ្លាំង លើដំណាំផ្នែកកសិឧស្សាហកម្ម។ កក្តាទាំងនេះ គឺរង់ចាំតែអ្នកមកបណ្តាក់ទុនវិនិយោគធំៗរកស៊ីតែប៉ុណ្ណោះ។
ខេត្តស្ទឹងត្រែង មានសណ្ឋានដីខ្ពង់រាប និងទំនាប មានដងទន្លេចំនួន៤ហូរកាត់។ទន្លេមេគង្គដែលតភ្ជាប់ពីប្រទេសចិន ថៃ ឡាវ កម្ពុជាទៅកាន់សមុទ្រ ស្ថិតក្នុងតំបន់ឥណ្ឌូចិន។ប្រភពទឹកប្រើប្រាស់ ដីមានជីជាតិដាំដុះ ដំណាំលូតលាស់បានល្អណាស់។ប្រជាជនក្នុងខេត្តបានពឹងផ្អែកលើកសិកម្មជាចម្បង។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងបាននិយាយថា ដំណាំដែលសមស្របតាមផ្ទៃដីគឺដំណាំកសិឧស្សាហកម្ម។ សព្វថ្ងៃនេះរួមមាន៖ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្វាយ ចេកអំបូងលឿងនិងដំណាំរួមផ្សំជាច្រើនមុខទៀត។
ក្រៅពីនេះសណ្ឋានដីគឺអំណោយផលផងដែរក្នុងការចិញ្ចឹមសត្វតាមស្តង់ដាបច្ចេកទេសកសិកម្មនិងនាំចេញ។
លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា៖ កសិករផលិតដំណាំដំឡូងមីបានជាង៥សែនតោនក្នុង១ឆ្នាំ លើផ្ទៃដីដាំបានជាង៤ម៉ឺនហិកតា។ ស្វាយចន្ទីមានជាង៥ម៉ឺនហិកតា ទទួលបានទិន្នផល៥ម៉ឺនតោន ប្រចាំឆ្នាំ។
ក្រៅពីនេះមានដីដាំកៅស៊ូជាង១ម៉ឺនហិកតា។ដំណាំស្វាយជាង៤ពាន់ហិកតានិងដំណាំផ្សេងៗរាប់ពាន់ហិកតា កំពុងដាំដុះបង្កបង្កើនផលផលិតបានជាង១លានតោនក្នុង១ឆ្នាំៗនៃដំណាំទាំងអស់។
លោក ទុំ នីរ៉ូ បាននិយាយថា គិតមកដល់ដើមឆ្នាំ២០២៥នេះខេត្តស្ទឹងត្រែង គឺមិនទាន់មានរោងចក្រខ្នាតធំៗនិងមធ្យមដើម្បីកែច្នៃផលិតផលកសិកម្មនៅឡើយទេ។មានត្រឹមតែជាសហគ្រាស ខ្នាតតូច ផ្គត់ផ្គង់ទីផ្សារ បន្តិចបន្តួចប៉ុណ្ណោះ។
នេះគឺជាឱកាសសម្រាប់អ្នកដែលចង់មកវិនិយោគទុន និងរកស៊ីលើវិស័យកសិកម្ម។ ជាជំហររបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការមកវិនិយោគកែច្នៃនូវផលិតផលកសិកម្មលើទឹកដីខេត្តនេះ។
លោកប្រធានមន្ទីរកសិកម្មខេត្តសង្ឃឹមថាផលិតផលកសិកម្មដែលកសិករផលិតបានសមល្មមដើម្បីផលិតឬកែច្នៃវត្ថុធាតុដើមក្នុងការនាំចេញ។ បើសិនជាមានរោងចក្រនោះក៏អាចប្រមូលទិញវត្ថុធាតុដើមមកពីតាមបណ្តាខេត្តក្បែរគ្នាបានមិនខ្វះឡើយ៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)