ប្រែសម្រួល ៖ លន ស្រស់
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
តើអ្នកមានមិត្តភក្តិដែលមានរោមឬគ្រាន់តែស្រឡាញ់សុនខដែរទេ? ប្រសិនបើដូច្នេះមែន សូមកុំភ្លេចទៅទស្សនាមហោស្រពសុនខសិង្ហបុរី (Singapore Dog Festival) ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ នៅតំបន់បៃតងផាឡាវ៉ាន់ក្នុងកោះសិនតូសា (Sentosa)។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃសម្រាប់ម្ចាស់សុនខ និងអ្នកស្រឡាញ់សុនខនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Furflr ដែលជាអ្នករៀបចំព្រឹត្តិការណ៍ធំៗផ្សេងទៀតទាក់ទងនឹងសត្វចិញ្ចឹម ដូចជាពិព័រណ៍ឆ្មាអាស៊ី និងមហោស្រពឆ្មាសិង្ហបុរី។ មហោស្រពសុនខសិង្ហបុរីលើកចុងក្រោយត្រូវបានប្រារព្ធធ្វើឡើងកាលពីឆ្នាំ២០១៨។
មហោស្រពនេះនឹងបើកដំណើរការចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់ទាំងពីរថ្ងៃ ហើយនឹងផ្តល់ឱកាសឱ្យសាធារណជនបានទស្សនាអាជីវកម្មសត្វចិញ្ចឹមក្នុងស្រុក សិប្បករ និងអង្គការនានា។ នឹងមានម៉ាកយីហោចំនួន៤០ ដែលផ្តោតលើសុនខនៅក្នុងព្រឹត្តិការណ៍នេះ ចាប់ពីចំណីសម្រន់រហូតដល់សម្ភារសម្អាងចាំបាច់។
ភ្ញៀវក៏អាចរង់ចាំទស្សនាការប្រកួតប្រជែង ល្បែងកម្សាន្ត និងរង្វាន់គួរឱ្យរំភើបផងដែរ។ ក្នុងចំណោមចំណុចពិសេសៗនៃមហោស្រពសម្រាប់ម្ចាស់សត្វចិញ្ចឹម និងសុនខរបស់ពួកគេ មានការប្រកួតស្លៀកពាក់ល្អបំផុត តំបន់ Bark N Play ដែលពួកគេអាចចូលរួមល្បែងកម្សាន្តអន្តរកម្ម និងកន្លែងថតរូប ព្រមទាំងចំណុចថតរូបផ្សេងទៀតជុំវិញទីធ្លាមហោស្រព រួមទាំងមានប៉ោងពណ៌ចម្រុះផងដែរ។
មហោស្រពក៏កំពុងរៀបចំកម្មវិធីស្មុំកូនសុនខផងដែរ ដោយសហការជាមួយអង្គការ Purely Adoptions សម្រាប់អ្នកដែលកំពុងគិតចង់បន្ថែមសមាជិកថ្មីក្នុងគ្រួសាររបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រមហោស្រពសុនខសិង្ហបុរី។ ព័ត៌មានថ្មីៗក៏មាននៅលើទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់មហោស្រពផងដែរ៕/
ប្រភព៖ CNA/lc
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)