ប្រែសម្រួល៖ រតនា

ក្រុងប៉ារីស៖ សហភាពអឺរ៉ុបនឹងឆ្លើយតបទៅនឹងការប្រកាសដាក់ពន្ធគយថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot កាលពីថ្ងៃចន្ទ (ថ្ងៃទី១០ ខែកុម្ភៈ)។
លោក Barrot បានប្រាប់ទូរទស្សន៍ TF1 ថា ប្រទេសបារាំង និងដៃគូអឺរ៉ុបមិនគួរស្ទាក់ស្ទើរក្នុងការការពារផលប្រយោជន៍របស់ខ្លួនចំពោះមុខការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិកឡើយ។
លោក Trump បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ពន្ធគយថ្មី ២៥ ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅសហរដ្ឋអាមេរិក បន្ថែមលើពន្ធលោហធាតុដែលមានស្រាប់ ដែលជាការពង្រីកការកែទម្រង់គោលនយោបាយពាណិជ្ជកម្មរបស់លោកមួយកម្រិតទៀត។
ឆ្លើយតបនឹងសំណួរថាតើប្រទេសបារាំង និងសហភាពអឺរ៉ុបនឹងឆ្លើយតបដែរឬទេ លោក Barrot បានថ្លែងថា៖ “ពិតជាឆ្លើយតបមិនខាន… នេះជាអ្វីដែលលោក Donald Trump បានធ្វើរួចហើយក្នុងឆ្នាំ២០១៨ ហើយយើងបានឆ្លើយតប។ យើងនឹងឆ្លើយតបម្តងទៀត។”
លោកបានបន្ថែមថា គណៈកម្មការអឺរ៉ុបនឹងសម្រេចថាតើវិស័យណាខ្លះដែលនឹងរងផលប៉ះពាល់ពីការឆ្លើយតបនេះ។
“គណៈកម្មការត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមនៅពេលដែលដល់ពេលវេលា។ ពេលនេះបានមកដល់ហើយ។ វាមិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ក្នុងការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនោះទេ” លោកបានថ្លែង៕
ប្រភព៖ Reuters/fh
