សន្ដិសុខសង្គម

បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្តមកពីមុខបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត

ដោយ៖ កំចាយ

កំពត÷ ព្រោះតែធ្វេសប្រហែសដោយបើកបរម៉ូតូក្នុងល្បឿនលឿន រហូតជ្រុលបុករថយន្តមកពីមុខបានបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ នាយប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៥។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានប្រាប់ឲ្យដឹងថា៖ បុរសដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះ ចាន់ មន អាយុ ៣៦ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថា កាលពីម៉ោង៨ និង១០នាទីយប់ថ្ងៃទី៩ ខែកុម្ភ: មានករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥-១៧៦ ដោយបុរសម្នាក់បើកម៉ូតូមួយគ្រឿងបុកជាមួយរថយន្តមកពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ខ្លួនឯងនៅនឹងកន្លែង។

សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនហេតុការណ៍កើតឡើង គេឃើញបុរសម្នាក់បើកម៉ូតូយ៉ាងល្បឿនក្នុងទិសដៅពីលិចទៅកើត។ ស្របពេលមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកមកពីមុខ ម៉ូតូក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យដួល ហើយអ្នកបើកបរបានស្លាប់ភ្លាមៗតែម្តង។ ក្នុងស្ថានភាពបែបនេះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តនៅក្បែរកន្លែងកើតហេតុ៕