ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធនឹងជំងឺមិនឆ្លង ដើម្បីកាត់បន្ថយអត្រាកើនឡើង ដោយធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ចាប់ផ្តើមពីសាលារៀនឱ្យក្មេងៗបញ្ឈប់ការទទួលទានអាហារ ប្រៃពេក ផ្អែមពេក និងខ្លាញ់។

ការស្នើឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាមបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលនេះកាលពីរសៀលថ្ងៃទី ៧ កុម្ភៈកន្លងមក។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ពាក់ព័ន្ធជំងឺមិនឆ្លងដែលស្ថិតក្នុងអាទិភាពទី៣ នៃអាទិភាពទាំង៥ របស់ក្រសួងសុខាភិបាល គឺជំងឺមួយនេះអត់មានឱសថព្យាបាលជាសះស្បើយ។ ប៉ុន្តែសម្រាប់មន្រ្តី និងប្រជាពលរដ្ឋផ្សេងទៀតមួយចំនួនមិនបានចាប់អារម្មណ៍ គឺកំពុងស្ថិតក្នុងភាពលាយឡំ ភាពស្រពិចស្រពិលមិនច្បាស់លាស់ ជាបញ្ហាគ្រោះថ្នាក់ច្រើន គឺដូចដែលលោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់រួចហើយ។
ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះមានអ្នកជំងឺលើសឈាមមាន ១.០៧៨ ករណី ដែលពួកគេបានប្រាប់គ្រូពេទ្យរដ្ឋ ចុះនៅតាមបណ្តាពេទ្យឯកជន ឬទៅពេទ្យទៀតដែល យើងមិនដឹង,អ្នក ជំងឺទឹកនោមផ្អែមសម្រាកពេទ្យជាង ៦០០ ករណី និងអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៣.១៦៤ ករណី ជាពិសេសជំងឺដែលឯកឧត្តមចាប់អារម្មណ៍ជាងគេ គឺជំងឺផ្លូវចិត្តក៏ជាជំងឺមិនឆ្លងដែរ ដែលមានអ្នកជំងឺមកសម្រាកនៅមន្ទីររបស់រដ្ឋចំនួនជិតមួយម៉ឺនករណី។ បញ្ហានេះយើងត្រូវនាំគ្នាសម្រួចការងារនេះ ធ្វើយ៉ាងណាឱ្យអត្រាជំងឺមិនឆ្លងលើប្រជាពលរដ្ឋមានអត្រាថយចុះ។
ឯកឧត្តមបានបន្តថា ៖ ដោយត្រូវធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ចាប់ដៃគូ ផ្តើមពីសាលារៀន ឱ្យក្មេងៗឈប់ទទួទានអាហារ ប្រៃពេក ផ្អែមពេក និងខ្លាញ់ បង្កកើតជំងឺមិនឆ្លងនេះ គឺយើងត្រូវរួមគ្នា ដោះស្រាយសុខភាពបឋមនេះពីក្មេងនៅតាមសាលាតែម្តង។
នាឱកាសនោះលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ជំងឺមិនឆ្លង ដែលជនរងគ្រោះបានមកសម្រាកនៅមន្ទីរពេទ្យរបស់រដ្ឋមានៈ គ្រោះថ្នាក់ចរាចរណ៍សម្រាកពេទ្យសរុបមានចំនួន ៣.១៦១ ករណី អ្នកជំងឺលើសឈាមសម្រាកពេទ្យមានចំនួន ១.០៧៨ ករណី,អ្នកជំងឺទឹកនោមផ្អែមមានចូលសម្រាកពេទ្យមានចំនួន ៦៧១ ករណី, ស្ត្រីមានជំងឺមហារីកស្បូន មាត់ស្បូន និងសុដន ចូលសម្រាកពេទ្យសរុប ៥ករណី,ការព្យាបាល និងបន្សាបគ្រឿងញៀនសរុបទាំងករណីថ្មី និងករណីចាស់មានចំនួន ១០៣ករណី និងការព្យាបាលសុខភាពផ្លូវចិត្តសរុបចំនួន ៩.៧៩៧ ករណី៕
