ដោយ៖ ប្រសិទ្ធ
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនកិត្តិយសក្នុងការចែករំលែកពីការកសាងប្រេនឌីងក្នុងសម័យឌីជីថលនៅក្នុងកម្មវិធីជំនួបសហគ្រិន,ម្ចាស់អាជីវកម្មដែលរៀបចំឡើងដោយសមាគមសហគ្រិនវីម៉ូនៅកម្ពុជា (VMOVE)។

សមាគមសហគ្រិនវីម៉ូនៅកម្ពុជា (VMOVE) ដែលមានឯកឧត្តមសួន ម៉ិ ជាប្រធាន បានរៀបចំកម្មវិធីជំនួបសហគ្រិន ម្ចាស់អាជីវកម្ម ផ្គូផ្គងពាណិជ្ជកម្មក្រោមប្រធានបទ សហគ្រិនកសាងប្រេនឌីងក្នុងសម័យឌីជីថល សម្រាប់សហគ្រាសធនតូចនិងមធ្យមនៅក្នុងឆ្នាំ២០២៥។
កម្មវិធីនេះគឺបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារ The Desk Connexion ជាន់ទី១ ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីឲ្យមានជំនួបសហគ្រិន ម្ចាស់អាជីវកម្ម ផ្គូផ្គងពាណិជ្ជកម្ម ជូនដល់សមាជិក សមាជិការបស់ខ្លួន។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាគណៈធិបតីកិត្តិយស, ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅកាត់ថា CTAFA ជាវាគ្មិនកិត្តិយស, សមាជិកសមាជិកាសមាគម និងម្ចាស់ជីវកម្មថ្មីៗជាង ៦០ នាក់បានចូលរួម។
ជំនួបនេះគឺរៀបចំឡើងដើម្បីបូកសរុបការងារសមាគម ពង្រឹងផែនការយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០២៥ ជាពិសេសជាការផ្ដល់ធាតុចូល កិច្ចពិភាក្សាដល់សមាជិកក្នុងការ ពង្រឹងនិងពង្រីកអាជីវកម្ម និងបង្កើតឱកាសចាប់ដៃគូថ្មីដល់សមាជិកចាស់និងសមាជិកថ្មីរបស់ខ្លួន។
ឯកឧត្តម សួន ម៉ិ បានបញ្ជាក់ថា ចំពោះម្ចាស់អាជីវកម្មទាំងតូចនិងមធ្យមទាំងអស់ ត្រូវតែដើរឲ្យទាន់នូវសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើយ៉ាងណាក៏សាងប្រេនឌីងឲ្យខ្លួនឯង ដើម្បីឲ្យអតិថិជនកាន់តែស្គាល់ពីសេវាកម្មរបស់យើង។
ឯកឧត្តមបានលើកឡើងថា៖ ចំពោះឆ្នាំ 2025 នេះសមាគមមានផែនការនិងចក្ខុវិស័យចំនួន ៣។ នៅក្នុងនោះទី១-គឺធ្វើយ៉ាងណាប្រមូលសហគ្រិនឲ្យបានច្រើនជាងមុនឈានដល់ទៅរាប់ពាន់នាក់ឬម៉ឺននាក់ ទី២-ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្មើគ្នា ទាំងការទំនាក់ទំនងទាំង ការរៀនសូត្រ ទាំងការជំនួបជាមួយដៃគូ investor ផ្សេងៗ និងទទួលបានឱកាសក្នុងការវិនិយោគ និងទី៣- យើងកំពុងតែបង្កើត platform មួយបាននឹងកំពុងជំរុញវីម៉ូទៅកាន់ global ដើម្បីឲ្យអន្តរជាតិមើលឃើញថា សហគ្រិនក្នុងស្រុករបស់យើង ទទួលបានចំណេះដឹងនិងជំនាញ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបច្ចុប្បន្ននេះកំពុងតែសិក្សាបង្កើត app សម្រាប់វីម៉ូផងដែរ។
ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ជាវាគ្មិនកិត្តិយស ក៏បានចូលរួមចែករំលែកអំពីសារៈសំខាន់ នៃការកសាងប្រេនឌីនដល់ម្ចាស់ជីវកម្មបានអញ្ជើញចូលរួម។ ឯកឧត្តមបានលើកឡើងថា ការកសាងប្រេនឌីងឲ្យខ្លួនឯងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះប្រេនឌីងជាវិធីនៃការបង្កើតនិងគ្រប់គ្រងអត្តសញ្ញាណ និងភាពពិសេស,ប្លែក (Unique) របស់អាជីវកម្ម ដើម្បីឲ្យអតិថិជនបានស្គាល់ច្បាស់ពីមួយទៅមួយ និងជឿទុកចិត្តលើម៉ាកយីហោរបស់យើង។ ឯកឧត្តមបានបន្ថែមថា ការកសាងប្រេនឌីងគឺមាន ៩ ប្រភេទ ដែលម្ចាស់អាជីវកម្មត្រូវផ្ដល់នូវអ្វីដែលអតិថិជនចង់បាន មិនត្រូវ ផ្ដល់នូវអ្វីដែលយើងចង់ផ្ដល់ឲ្យនោះទេ។
ឯកឧត្តមអ៊ុំ សារ៉ាវុធ បានបញ្ជាក់បន្ថែមទៀតថា ប្រភេទនៃការធ្វើប្រេនឌីង ដែលសំខាន់និងសមស្របទៅនឹងបរិបទប្រទេសយើង គឺមាន ៤ ក្នុងចំណោម ៩ ទី១ personal branding ឥឡូវនេះ personal branding វាទូលំទូលាយនៅតាម social media ហើយវាងាយស្រួល ហើយវាចំណាយតិច ទី២ corporate branding, ទី៣ services branding និងទី៤ ដែលពេញនិយមខ្លាំងជាងគេគឺ digital branding។
សូមបញ្ជាក់ដែរថា៖ VMOVE គឺជាសមាគមដ៏ជឿជាក់មួយកម្រិតជាតិ និងអន្តរជាតិ មានជំនាញច្បាស់លាស់ ផ្ដល់ការសិក្សា អប់រំជំនាញវជ្ជាជីវៈ និងជំនាញឯកទេស រួមទាំងជំនាញទន់សម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន សិស្ស និស្សិត ក្នុងគោលបំណង កសាងធនធានមនុស្សដ៏អស្ចារ្យសម្រាប់កម្ពុជា។ ជាក់ស្តែងគិតចាប់តាំងពីសមាគមដំណើរការជាផ្លូវការមកដល់បច្ចុប្បន្ននេះ គឺមានសមាជិកពេញសិទ្ធិចំនួន ១០១ នាក់។ បច្ចុប្បន្ននេះក៏បន្តប្រកាសស្វាគមន៍រាល់ម្ចាស់អាជីវកម្មទាំងអស់ ទាំងសហគ្រាសខ្នាតតូចនិងមធ្យមដែលមានបំណងចង់ចូលរួមជាមួយវីម៉ូដើម្បីពង្រីកអាជីវកម្ម ដោយសមាគម ស្វាគមន៍ជានិច្ច៕
