ប្រែសម្រួល៖ ស-សម្បត្តិ
សេអ៊ូល៖ កូរ៉េខាងជើងបានថ្លែងនៅថ្ងៃសៅរ៍ (ថ្ងៃទី៨ ខែកុម្ភៈ) ថាអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនមែនសម្រាប់ការចរចាទេ ប៉ុន្តែគឺសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវដែលគំរាមកំហែងប្រជាជនរបស់ខ្លួន និងសន្តិភាពពិភពលោក នេះបើយោងតាមព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរុ អ៊ីស៊ីបា នៅសេតវិមានកាលពីថ្ងៃសុក្រ។ មេដឹកនាំទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថាកូរ៉េខាងជើងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានលើកឡើងអំពីការជួបប្រជុំរវាងមេដឹកនាំអាមេរិក និងជប៉ុនទេ ប៉ុន្តែបានដកស្រង់សម្តីរបស់មន្ត្រីអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប ដែលបានគូសបញ្ជាក់ឡើងវិញនូវការទាមទារឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង។
“យើងសូមបញ្ជាក់ឱ្យបានច្បាស់ម្តងទៀត៖ អាវុធនុយក្លេអ៊ែររបស់យើងមិនមែនជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទទួលបានការទទួលស្គាល់ពីនរណាម្នាក់ ហើយក៏មិនមែនជាវត្ថុចរចាដើម្បីដូរយកប្រាក់កាសដែរ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ KCNA។
“កងកម្លាំងនុយក្លេអ៊ែររបស់យើងគឺសម្រាប់ការប្រើប្រាស់ក្នុងការប្រយុទ្ធដ៏មុតមាំ ដើម្បីលុបបំបាត់ភ្លាមៗនូវការប៉ុនប៉ងណាមួយដោយកងកម្លាំងសត្រូវដែលរំលោភបំពានលើអធិបតេយ្យភាពប្រទេសយើង និងសុវត្ថិភាពប្រជាជនយើង ព្រមទាំងគំរាមកំហែងដល់សន្តិភាពពិភពលោក” នោះបើតាមសេចក្តីថ្លែងការណ៍។
កូរ៉េខាងជើងមិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងការស្នើសុំពីលោកត្រាំដើម្បីបន្តទំនាក់ទំនងជាមួយមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ទេ ហើយផ្ទុយទៅវិញបានសង្កត់ធ្ងន់លើបំណងរបស់ខ្លួនក្នុងការ “ពង្រឹង” កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
លោកត្រាំបានថ្លែងកាលពីថ្ងៃសុក្រថា លោក “នឹងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជាមួយលោក គីម ជុងអ៊ុន” ដោយបន្ថែមថាលោកមានទំនាក់ទំនងល្អជាមួយលោក គីម។ អ្នកទាំងពីរធ្លាប់បានជួបប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោកត្រាំ។
កាលពីថ្ងៃទី២០ ខែមករា នៅពេលដែលលោកចូលកាន់តំណែងសម្រាប់អាណត្តិទីពីររបស់លោក លោកត្រាំបានថ្លែងថាកូរ៉េខាងជើងគឺជា “មហាអំណាចនុយក្លេអ៊ែរ” ដែលបង្កើតឱ្យមានសំណួរថាតើលោកនឹងប្រកាន់យកការចរចាកាត់បន្ថយអាវុធ ជំនួសឱ្យការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរឬយ៉ាងណា។
“មេដឹកនាំទាំងពីរបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងភាពចាំបាច់ក្នុងការដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់លោកត្រាំ និងលោកអ៊ីស៊ីបា ដែលចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ៕
ប្រភព៖ Reuters/js
