ដោយ : បន្ទាយ

បន្ទាយមានជ័យ: រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤,៤ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ក្នុងការអនុវត្តការងារបោសសម្អាតមីននៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ។
នេះបើតាមលោកវ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាប្រជាមានិតចិនប្រចាំកម្ពុជាបានឲ្យដឹងក្នុងទំព័រហ្វេសប៊ុកស្ថានទូតកាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២៥ ។
លោកទូត បានបន្ថែមថា: សង្ឃឹមថា ចម្ការមីននៅលើដីនេះនឹងត្រូវបានបោសសម្អាតឱ្យបាន ឆាប់ ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោក ហេង រតនា ប្រាប់វីអូអេថា ចិនបន្តផ្តល់ជំនួយជាង ៤ លាន ដុល្លារដល់កម្ពុជា អគ្គនាយកនៃ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា(CMAC) ប្រាប់សារព័ត៌មានបរទេសកាលពីថ្ងៃទី០៦ខែកុម្ភ:ថា: ជំនួយសម្រាប់សកម្មភាពបោសសម្អាតមីននេះ មិនមែនជំនួសជំនួយរបស់សហរដ្ឋ អាមេរិក ដែលត្រូវបានរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ បង្កកប្រកាសផ្អាកជាបណ្តោះអាសន្ននោះឡើយ។
លោកថា ថ្មីៗនេះ ចិនបន្តផ្តល់ជំនួយចំនួន ៤ លាន ៤ សែនដុល្លារអាមេរិក ក្នុងមួយ ឆ្នាំ ដើម្បីសកម្មភាពដោះមីននៅកម្ពុជា។
លោកថាគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជាបានទើបតែចាប់ផ្តើម ពីឆ្នាំ ២០២៣ ដល់ ឆ្នាំ ២០២៦ ដែលមានថវិកាសរុប ១៣,២ លាន ដុល្លារសរអា ។ជាជំនួយមានស្រាប់ រយៈពេល ២ឆ្នាំ មកហើយ អ៊ីចឹងនេះជាឆ្នាំទី ៣ ។
លោក ហេង រតនា បញ្ជាក់ថា ជំនួយរបស់ចិនមិនមែន ជំនួសជំនួយរបស់ អាមេរិក ទេ។
សូមបញ្ជាក់ថា បន្ទាប់ ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាប្រធានាធីបតី សហរដ្ឋ អាមេរិក អាមេរិក បាន ប្រកាសបង្កក ជំនួយរយៈ ពេល ៩០ ថ្ងៃ ហើយសកម្ម ភាព ដែល គាំទ្រលើប្រតិបត្តិករដោះមីននៅកម្ពុជា ក៏ត្រូវបានផ្អាកទាំងស្រុង ។
ចំណែក បុគ្គលិក ដោះមីនជាង ១.០០០ នាក់ ក៏រងប៉ះពាល់។
សហរដ្ឋអាមេរិក គឺជាដៃគូផ្តល់ជំនួយមួយក្នុងចំណោមដៃគូ នៃបណ្តាប្រទេសផ្សេងៗ ដែល ជាដៃគូ ផ្តល់ជំនួយបោស សម្អាត មីននៅកម្ពុជា ដែលមាន រហូតដល់ជាង ៣០ គម្រោង។ ថ្មីៗ នេះ រដ្ឋាភិបាល ជប៉ុន ក៏បានផ្តល់ ថវិកា ១,៣លាន ដុល្លារ អាមេរិក ដល់អង្គការ មនុស្សធម៌ និងបោសសម្អាតមីន ដើម្បីប្រតិបត្តិការដោះមីន នៅ កម្ពុជា។ ជំនួយនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហេង រតនា បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនជាអ្នកផ្តល់ជំនួយធំជាងគេ ដល់អង្គភាពស៊ីម៉ាក់ ជា មធ្យម ៦ទៅ ៧ លាន ដុល្លារក្នុងមួយឆ្នាំ ។
ជប៉ុនបានជួយសាង សង់អគារហ្វឹកហ្វឺនជិត ២០ លានដុល្លារផងដែរ។
ចំណែក កាលពីចុងខែមករា រដ្ឋាភិបាលអូស្ត្រាលី និង អង្គការ យូអិនឌីភី (UNDP) បាន ចុះហត្ថលេខាលើកិច្ចព្រម ព្រៀងវិភាគទាន ដោយបានបន្ថែម ថវិកាជំនួយ ចំនួន ២ លានដុល្លារ អូស្ត្រាលី ដល់គម្រោង បោសសម្អាតមីននៅកម្ពុជា ដើម្បី គាំទ្រ កម្ពុជាឆ្ពោះទៅ រកការ គ្មានមីននៅ ឆ្នាំ ២០៣០៕
