ដោយ : បន្ទាយ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣និង៥នាទី ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងឃាត់រថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ ៣F-៥៤.៩១ នៅលើផ្លូវជាតិលេខ ៥ ជិតរង្វង់មូលរូបសំណាកឆ្នាំងដី ក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ការត្រួតពិនិត្យបានរកឃើញថា រថយន្តខាងលើបានដឹកជញ្ជូនស៊ុតមាន់ចំនួន ៣២០ ដុំ ស្មើនឹង ៩៦០.០០០ គ្រាប់ ដែលបាននាំចូលពីប្រទេសវៀតណាមតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ហើយមានគម្រោងដឹកទៅចែកចាយនៅក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយមិនមានលិខិតអនុញ្ញាតស្របច្បាប់។
បច្ចុប្បន្ន ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងអស់ទៅរក្សាទុកនៅការិយាល័យជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីសម្រាប់ការស្រាវជ្រាវនិងចាត់ការបន្តតាមនីតិវិធី៕
