ប្រែសម្រួល៖ រតនា

កងកម្លាំងអាកាសអ៊ុយក្រែនបានពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ពីប្រទេសបារាំង និងយន្តហោះ F-16 ពីប្រទេសហូឡង់។
លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិបារាំង បានបញ្ជាក់អំពីការផ្ទេរយន្តហោះចម្បាំង Mirage នេះតាមរយៈសារមួយនៅលើបណ្តាញ X ដោយបន្ថែមថា យន្តហោះទាំងនេះត្រូវបានបើកបរដោយអ្នកបើកបរជនជាតិអ៊ុយក្រែន ដែលបានទទួលការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនខែនៅប្រទេសបារាំង។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានសន្យាផ្តល់យន្តហោះ Mirage ទាំងនេះដល់អ៊ុយក្រែនកាលពីរដូវក្តៅឆ្នាំមុន។
លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានថ្លែងនៅលើហ្វេសប៊ុកថា “លំហអាកាសអ៊ុយក្រែនកាន់តែមានសុវត្ថិភាពហើយ!”
ក្នុងការស្វាគមន៍ការមកដល់នៃ “យន្តហោះចម្បាំង Mirage 2000 ដំបូងពីបារាំង និងយន្តហោះ F-16 ពីព្រះរាជាណាចក្រហូឡង់” លោក Umerov បានមានប្រសាសន៍ថា៖ “យន្តហោះចម្បាំងទំនើបទាំងនេះបានមកដល់អ៊ុយក្រែនហើយ និងនឹងចាប់ផ្តើមបំពេញបេសកកម្មប្រយុទ្ធក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងការការពាររបស់យើង និងបង្កើនសមត្ថភាពរបស់យើងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព។”
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងអំណរគុណដល់លោក Macron កាលពីថ្ងៃព្រហស្បតិ៍ចំពោះ “ភាពជាអ្នកដឹកនាំ និងការគាំទ្ររបស់លោក។”
លោក Zelensky បានសរសេរនៅលើបណ្តាញ X ថា “ប្រធានាធិបតីបារាំងរក្សាពាក្យសន្យារបស់គាត់ ហើយយើងកោតសរសើរចំពោះរឿងនេះ។”
យន្តហោះចម្បាំងថ្មីទាំងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងសមត្ថភាពកងកម្លាំងអ៊ុយក្រែនក្នុងការផ្តល់ការគាំពារផ្លូវអាកាសដល់កងទ័ព វាយប្រហារគោលដៅនៅលើដី ប្រយុទ្ធនឹងយន្តហោះសត្រូវ និងទប់ស្កាត់មីស៊ីល។
តួនាទីចុងក្រោយនេះអាចមានសារៈសំខាន់ណាស់។ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងនានានៃប្រទេសអ៊ុយក្រែន ដោយច្រើនតែបាញ់រាប់សិបគ្រាប់ក្នុងមួយយប់ ដែលធ្វើឱយប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ុយក្រែនស្ថិតក្នុងស្ថានភាពតានតឹង។
កាលពីចុងសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៊ីទៅលើអគារលំនៅដ្ឋាននៅភាគកណ្តាលប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងតិច ១៤ នាក់ តាមការរាយការណ៍របស់សេវាសង្គ្រោះបន្ទាន់។
កាលពីខែមករា កងកម្លាំងអាកាសអ៊ុយក្រែនបានរាយការណ៍នៅលើហ្វេសប៊ុកថា អ្នកបើកបរយន្តហោះ F-16 ម្នាក់របស់ខ្លួនបានបំផ្លាញមីស៊ីលរុស្ស៊ីចំនួន ៦ គ្រាប់ក្នុងមួយយប់កាលពីខែធ្នូ។
លោក Peter Layton អ្នកវិភាគផ្នែកអាកាសចរណ៍យោធានៅវិទ្យាស្ថាន Griffith Asia បានលើកឡើងថា យន្តហោះ Mirage អាចសមស្របបំផុតសម្រាប់តួនាទីការពារផ្លូវអាកាស ដែលអាចឱ្យយន្តហោះ F-16 មានសេរីភាពក្នុងការបំពេញបេសកកម្មផ្សេងទៀត៕
