ប្រែសម្រួល៖ ស-សម្បត្តិ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជាមួយលោក ដេវីដ ប៊ូរីត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន US Steel នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ) ខណៈក្រុមហ៊ុនដែកថែបកំពុងជួបការលំបាកនេះបានជំរុញឱ្យមានការសម្រេចចិត្តលើការទិញយកដែលខ្លួនបានស្វែងរកជាយូរមកហើយដោយក្រុមហ៊ុន Nippon Steel របស់ជប៉ុន។
សំណើទិញយកក្រុមហ៊ុន US Steel ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Nippon Steel ត្រូវបានរារាំងកាលពីខែមុនដោយអតីតប្រធានាធិបតី ចូ បៃដិន។
លោកត្រាំក៏បានជំទាស់នឹងកិច្ចព្រមព្រៀងនេះដែរ ប៉ុន្តែបានស្វាគមន៍ការវិនិយោគរបស់ជប៉ុនក្នុងវិស័យបច្ចេកវិទ្យា។ លោកនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរុ អ៊ីស៊ីបា នៅសេតវិមាននាថ្ងៃសុក្រ។
មិនមានការបញ្ជាក់ភ្លាមៗថាតើអ្វីត្រូវបានពិភាក្សានៅក្នុងជំនួបរវាងលោកត្រាំ និងលោកប៊ូរីត នៃក្រុមហ៊ុន US Steel នោះទេ។
កាលពីឆ្នាំមុន លោកត្រាំបាននិយាយថា “ខ្ញុំប្រឆាំងទាំងស្រុងចំពោះការទិញយកក្រុមហ៊ុន US Steel ដែលធ្លាប់តែខ្លាំងពូកែនិងមានអំណាចដោយក្រុមហ៊ុនបរទេស ក្នុងករណីនេះគឺក្រុមហ៊ុន Nippon Steel របស់ជប៉ុន។”
ទោះយ៉ាងណា ក្រុមហ៊ុន Nippon Steel បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សំណើរបស់ខ្លួនស្របទៅនឹងគោលដៅរបស់លោកត្រាំក្នុងការធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លាំង ខណៈមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរត្រៀមជួបគ្នា។
“យើងជឿជាក់ថាផែនការទិញយករបស់យើងគឺជាសំណើដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន US Steel ហើយខ្ញុំសង្ឃឹមថាជំនួបរវាងលោក(នាយករដ្ឋមន្ត្រីជប៉ុន) ស៊ីហ្គេរុ អ៊ីស៊ីបា និងលោកត្រាំ នឹងអាចឱ្យលោកត្រាំយល់ពីចំណុចនេះ និងបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងមួយ” នេះបើតាមការប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ដោយលោក តាកាហ៊ីរ៉ូ ម៉ូរី អនុប្រធានក្រុមហ៊ុន Nippon Steel។
លោក ម៉ាក ហ្សាកឃឺបឺក នៃក្រុមហ៊ុន Meta Platforms និងលោក ហ្វ្រេដរិក ស្មីត ប្រធានក្រុមប្រឹក្សាភិបាលនិងស្ថាបនិកក្រុមហ៊ុន FedEx ក៏បាននៅសេតវិមានសម្រាប់កិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ដែរ។ មិនទាន់ច្បាស់នៅឡើយថាតើពួកគេបានជួបលោកត្រាំដែរឬទេ។
អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយនៅលើវេទិកាសង្គម X ថា លោកហ្សាកឃឺបឺកបាននៅសេតវិមានដើម្បីពិភាក្សាអំពីរបៀបដែលក្រុមហ៊ុន Meta អាចជួយរដ្ឋបាលក្នុងការជំរុញភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់អាមេរិកនៅក្រៅប្រទេស។
ប្រភព៖ Reuters/ec
