អន្តរជាតិ

ចិនសម្ដែងការសោកស្ដាយចំពោះការដកខ្លួនរបស់ប៉ាណាម៉ាពីគម្រោងខ្សែក្រវាត់មួយខ្សែផ្លូវមួយ

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុងប៉េកាំង៖ កាលពីថ្ងៃសុក្រ (ថ្ងៃទី៧ ខែកុម្ភៈ) ប្រទេសចិនបានថ្លែងថា ខ្លួន «សោកស្ដាយ» ចំពោះការសម្រេចចិត្តរបស់ប្រទេសប៉ាណាម៉ាក្នុងការដកខ្លួនចេញពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់មួយខ្សែផ្លូវមួយរបស់ក្រុងប៉េកាំង បន្ទាប់ពីប្រទេសនៅអាមេរិកឡាទីននេះបានបញ្ចប់ការចូលរួមរបស់ខ្លួនក្នុងគម្រោងនេះ ដោយសារសម្ពាធពីវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានថ្លែងថា «ក្រុងប៉េកាំងសោកស្ដាយចំពោះការសម្រេចចិត្តរបស់ប៉ាណាម៉ា» ដោយជំរុញឱ្យប៉ាណាម៉ា «ពិចារណាពីទំនាក់ទំនងទ្វេភាគីទូលំទូលាយ និងផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសទាំងពីរ» និង «ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ»។

ចាប់តាំងពីឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាគាត់ចង់យក ព្រែកដែលវ៉ាស៊ីនតោនបានសាងសង់កាលពីជាងមួយសតវត្សមុន និងក្រោយមកបានប្រគល់ឱ្យប៉ាណាម៉ា។

ប្រមាណ ៤០ ភាគរយនៃចរាចរណ៍កុងតឺន័រអាមេរិកឆ្លងកាត់ដងទឹកចង្អៀតដែលភ្ជាប់សមុទ្រការ៉ាប៊ីនជាមួយមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រៅពីថ្លៃឆ្លងកាត់ដែលត្រូវបង់ វ៉ាស៊ីនតោនហាក់មានការព្រួយបារម្ភជាចម្បងអំពីការវិនិយោគរបស់ចិននៅព្រែកដែលមានប្រវែង ៨០ គីឡូម៉ែត្រ ដែលចាត់ចែងពាណិជ្ជកម្មសមុទ្រសកលប្រមាណ ៥ ភាគរយ។

ប្រធានាធិបតីប្រទេសនេះ លោក ហូសេ រ៉ូល មូលីណូ កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ប៉ាណាម៉ាបានដកខ្លួនចេញពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្ដួចផ្ដើមខ្សែក្រវាត់មួយខ្សែផ្លូវមួយ (BRI)។

ជាការឆ្លើយតប ក្រុងប៉េកាំងបានថ្លែងថា ខ្លួន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់សម្ពាធ និងការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយខ្សែផ្លូវមួយ»។

លោក លីន បានថ្លែងថា «សមិទ្ធផលរបស់វាបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅក្នុងប្រទេសនានាដូចជាប៉ាណាម៉ា»។

គម្រោង BRI គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលជាសសរស្តម្ភសំខាន់នៃការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងការពង្រីកឥទ្ធិពលរបស់ប្រទេសរបស់លោកនៅក្រៅប្រទេស។

អ្នករិះគន់លោកខាងលិចចោទប្រកាន់ចិនថាប្រើប្រាស់ BRI ដើម្បីធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាប់ក្នុងបំណុលដែលមិនអាចទ្រទ្រង់បាន ដើម្បីអនុវត្តឥទ្ធិពលការទូតលើពួកគេ ឬសូម្បីតែរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ៕

ប្រភព៖ AFP/ec