អន្តរជាតិ

បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទលួចប្រាក់ ៨៨៥ ដុល្លារអាមេរិកពីអ្នកដំណើរលើជើងហោះហើរ Scoot

ប្រែសម្រួល៖ ស-ស​ម្បត្តិ

សិង្ហបុរី៖ បុរសអាយុ ៣០ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ) ពីបទលួចប្រាក់ចំនួន ៨៨៥ ដុល្លារអាមេរិក (ប្រមាណ ១.២០០ ដុល្លារសិង្ហបុរី) ពីអ្នកដំណើរម្នាក់លើជើងហោះហើរ Scoot។

លោក Zhang Youqi ជាជនជាតិចិន ត្រូវបានចោទប្រកាន់ពីបទលួចនៅលើជើងហោះហើរ TR813 ពីជេជូទៅសិង្ហបុរីកាលពីថ្ងៃអង្គារ។

គាត់ត្រូវបានចោទថាបានយកប្រាក់ពីថង់ក្រណាត់ដែលនៅក្នុងកាបូបខ្នង ក្នុងអំឡុងពេលចន្លោះម៉ោង ៨:៤០ ព្រឹក និងម៉ោង ១:៤៨ រសៀល។

នគរបាលបានឱ្យដឹងមុនថា ការស៊ើបអង្កេតបានបង្ហាញថា អ្នកដំណើរម្នាក់បានឃើញបុរសរូបនេះប៉ះកាបូបរបស់គាត់ដែលទុកនៅក្នុងទូដាក់អីវ៉ាន់ខាងលើ។

អ្នកដំណើររូបនោះបានប្រឈមមុខជាមួយបុរសនោះ និងពិនិត្យមើលខ្លឹមសារក្នុងកាបូបរបស់គាត់។ គាត់បានរកឃើញថាប្រាក់ដុល្លារអាមេរិកមួយគំនរបាត់ និងសង្ស័យថាគាត់បានលួចប្រាក់របស់គាត់។

ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋាន Changi មន្ត្រីនៃផ្នែកនគរបាលអាកាសយានដ្ឋានបានធ្វើការស៊ើបអង្កេត។

ដោយមានជំនួយពីបុគ្គលិកយន្តហោះ ពួកគេបានរកឃើញប្រាក់ដែលបាត់នៅក្នុងទូដាក់អីវ៉ាន់ខាងលើមួយផ្សេងទៀត។ បុរសរូបនោះបានឆ្លងកាត់តំបន់នេះនៃយន្តហោះក្នុងអំឡុងពេលកើតហេតុ។

លោក Zhang ត្រូវបានដោះលែងក្រោមការធានាចំនួន ១០.០០០ ដុល្លារសិង្ហបុរី។ សំណុំរឿងរបស់គាត់នឹងត្រូវបានស្តាប់ម្តងទៀតនៅថ្ងៃទី១៣ ខែកុម្ភៈ។

បទល្មើសលួចអាចត្រូវជាប់ពន្ធនាគាររហូតដល់បីឆ្នាំ ពិន័យជាប្រាក់ ឬទាំងពីរ៕

ប្រភព៖ CNA/dv