អន្តរជាតិ

ប្រទេសចិនកំពុងសាងសង់ឡាស៊ែរយក្សដើម្បីបង្កើតថាមពលដែលគេរកឃើញតាមរូបភាពផ្កាយរណប

ប្រែសម្រួល៖ ស-សម្បត្តិ​

អគារដ៏ធំមួយរាងជាអក្សរ X កំពុងត្រូវបានសាងសង់នៅភាគនិរតីប្រទេសចិន ដែលត្រូវបានរកឃើញតាមរយៈរូបភាពផ្កាយរណប។ តាមការវិភាគ នេះជាមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនុយក្លេអ៊ែរហ្វ្យូសឹន ដែលអាចជាសញ្ញាបង្ហាញថា ចិនកំពុងឈានមុខគេក្នុងការស្វែងរកប្រភពថាមពលនេះ។

មជ្ឈមណ្ឌលនេះមានដៃអគារធំៗចំនួនបួន ដែលអាចបាញ់កាំរស្មីឡាស៊ែរទៅកាន់ប៉មកណ្តាលដែលមានបន្ទប់ផ្ទុកអ៊ីសូតូបអ៊ីដ្រូសែន។ ថាមពលឡាស៊ែរនឹងរំលាយអ៊ីដ្រូសែនទាំងនេះបញ្ចូលគ្នា ដើម្បីបង្កើតថាមពល។

មជ្ឈមណ្ឌលនេះនឹងមានទំហំធំជាងមជ្ឈមណ្ឌល NIF របស់សហរដ្ឋអាមេរិកប្រមាណ ៥០% និងអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅលើពិភពលោក។ វាអាចត្រូវបានប្រើប្រាស់ទាំងសម្រាប់ការស្រាវជ្រាវថាមពលស្អាត និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

អ្នកជំនាញមួយចំនួនជឿថា វាអាចជាមជ្ឈមណ្ឌលហ្វ្យូសឹនប្រភេទផ្សេង ដែលបញ្ចូលគ្នារវាងហ្វ្យូសឹននិងហ្វីសឹន។ នេះគឺជាបច្ចេកវិទ្យាដែលចិនបង្កើតឡើងដោយខ្លួនឯង និងអាចមានអានុភាពខ្លាំងជាងអ្វីដែលមាននៅប្រទេសលោកខាងលិច។

សហរដ្ឋអាមេរិកនៅតែនាំមុខក្នុងការប្រកួតប្រជែងផ្នែកហ្វ្យូសឹន ប៉ុន្តែចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបានបង្ហាញថាខ្លួនអាចផ្លាស់ប្តូរពីគំនិតទៅជាការអនុវត្តបានលឿនជាងកម្មវិធីរបស់រដ្ឋាភិបាលណាមួយ។

ប្រសិនបើមជ្ឈមណ្ឌលនេះជាកន្លែងឡាស៊ែរមែន វានឹងផ្តល់មធ្យោបាយពិសេសមួយក្នុងការសិក្សាស្រាវជ្រាវសម្ភារក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ។ វាអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្របង្កើតសម្ពាធដែលជាធម្មតាមាននៅចំណុចកណ្តាលផ្កាយ ឬក្នុងអាវុធនុយក្លេអ៊ែរ។

លោក ដេកឃើរ អេវេលេត អ្នកវិភាគនៅសាជីវកម្ម CNA របស់សហរដ្ឋអាមេរិក បានតាមដានមជ្ឈមណ្ឌលនេះអស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២០ មន្ត្រីអាមេរិកម្នាក់បានចេញផ្សាយរូបភាពដែលបង្ហាញពីទីតាំងនុយក្លេអ៊ែរដែលអាចមានរបស់ចិន រួមទាំងទីតាំងនេះនៅក្បែរក្រុងម៉ៀនយ៉ាង ខេត្តស៊ីឈួន។

ថាមពលនុយក្លេអ៊ែរហ្វ្យូសឹនផ្តល់នូវសក្តានុពលនៃថាមពលស្អាតដ៏សម្បូរបែប ដោយគ្មានបញ្ហាកាកសំណល់វិទ្យុសកម្មរយៈពេលវែងដូចថាមពលនុយក្លេអ៊ែរហ្វីសឹនដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះទេ។ ប្រទេសនិងក្រុមហ៊ុនទូទាំងពិភពលោកកំពុងប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងវា។

មជ្ឈមណ្ឌល NIF នៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចជោគជ័យដ៏ធំមួយក្នុងឆ្នាំ២០២២ ដោយបានបង្កើតប្រតិកម្មនុយក្លេអ៊ែរហ្វ្យូសឹនដែលទទួលបានថាមពលសុទ្ធ។ នេះជាជំហានមួយឆ្ពោះទៅមុខក្នុងការបង្កើតឡើងវិញនូវប្រតិកម្មដែលផ្តល់ថាមពលដល់ព្រះអាទិត្យនិងផ្កាយផ្សេងទៀត។

CNN បានទាក់ទងក្រសួងការពារជាតិ និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនដើម្បីសុំការអធិប្បាយ ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបនៅពេលចេញផ្សាយនេះនៅឡើយទេ។

ចិននិងសហរដ្ឋអាមេរិកសុទ្ធតែជាភាគីនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ដែលហាមឃាត់ការផ្ទុះនុយក្លេអ៊ែរ។

“វាដល់ពេលត្រូវកសាងហើយ វាដល់ពេលត្រូវវិនិយោគហើយ” លោក ហូឡង់បាននិយាយ។ “ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនមិនធ្វើទេ នោះចិននឹងឈ្នះការប្រកួតប្រជែងនេះ។”