សន្ដិសុខសង្គម

សមត្ថកិច្ចស្រុកទឹកឈូចុះប្រមូលសិស្សគេចថ្នាក់រៀននិងទុកកង់ម៉ូតូក្រៅសាលាមកអប់រំ

ដោយ៖ កំចាយ

កំពត÷ កម្លាំងសមត្ថកិច្ចស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះប្រមូលសិស្សប្រុសស្រីដែលគេចវេះម៉ោងរៀន និងអ្នកទុកកង់ម៉ូតូក្រៅសាលាមកអប់រំឲ្យបញ្ឈប់សកម្មភាពបន្តទៀត។

លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា៖ ផ្អែកតាមកិច្ចសុំអន្តរាគមន៍ពីលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនត្រសេកកោង កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភ: លោក ទុយ រុំ អភិបាលរងស្រុកទឹកឈូបានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថស្រុកចាប់ប្រតិបត្តិការប្រមូលសិស្សគេចម៉ោងសិក្សាដោយពពាក់ពពូននៅកន្លែងលក់ដូរក្រៅរបងសាលាស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ។ សមត្ថកិច្ចបានរកឃើញសិស្សប្រុស៦នាក់ និងសិស្សស្រី២នាក់ រួមទាំងម៉ូតូ៥គ្រឿង ហើយនាំមកក្នុងបរិវេណសាលា រួចធ្វើកោសល្យវិច័យ តែមិនមានសិស្សណាម្នាក់ផ្ទុកសារធាតុញៀនទេ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីលោកអភិបាលរងស្រុកអប់រំរួចរាល់ សិស្សទាំងនោះត្រូវបានប្រគល់ជូនលោកគ្រូ អ្នកគ្រូដើម្បីទូន្មានបន្ត។ ក្រៅពីនោះ សមត្ថកិច្ចក៏បានប្រមូលកង់ និងម៉ូតូចំនួន៤៩គ្រឿងផ្សេងទៀតដែលសិស្សដទៃព្យាយាមដាក់ទុកនៅក្រៅរបងវិទ្យាល័យ។ សមត្ថកិច្ចក៏បានណែនាំម្ចាស់កង់ ម៉ូតូឲ្យឈប់ទៅប្រមូលផ្តុំគ្នានៅក្រៅសាលា និងយកទ្រព្យសម្បត្តិរបស់ខ្លួនមកទុកក្នុងបរិវេណវិទ្យាល័យ៕