សេដ្ឋកិច្ច

ប្រធានាធិបតីអាមេរិកលោក Donald Trumpនិយាយថាជនជាតិអាមេរិកអាចនឹងជួបការឈឺចាប់ក្នុងសង្រ្គាមពាណិជ្ជកម្មដែលលោកបានបង្កើតវា

វ៉ាស៊ីនតោន៖ប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ពន្ធគយដ៏ធំធេងដែលលោកបានដាក់លើប្រទេសម៉ិកស៊ិក កាណាដា និងចិន អាចបង្កឱ្យមានការឈឺចាប់ “រយៈពេលខ្លី” សម្រាប់ជនជាតិអាមេរិក ខណៈដែលទីផ្សារសកលបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភថា ពន្ធគយទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កើនអតិផរណាឡើងវិញ។

លោក Trump បានមានប្រសាសន៍ថា លោកនឹងជជែកជាមួយថ្នាក់ដឹកនាំប្រទេសកាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទ (ថ្ងៃទី៣ ខែកុម្ភៈ) ដែលបានប្រកាសដាក់ពន្ធគយតបតវិញដូចគ្នា ប៉ុន្តែលោកមិនរំពឹងថា ពួកគេនឹងផ្លាស់ប្តូរគំនិតរបស់លោកឡើយ។

“ខ្ញុំមិនរំពឹងថានឹងមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ” លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកត្រឡប់មកវ៉ាស៊ីនតោនវិញពីដំណាក់ Mar-a-Lago របស់លោកនៅរដ្ឋហ្វ្លូរីដា។ “ពួកគេជំពាក់យើងប្រាក់ច្រើនណាស់ ហើយខ្ញុំប្រាកដថាពួកគេនឹងសងយើងវិញ។”

លោកក៏បានមានប្រសាសន៍ផងដែរថា ពន្ធគយនឹង “កើតឡើងជាក់ជាមិនខាន” ជាមួយសហភាពអឺរ៉ុប ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ទេ។

សេដ្ឋវិទូបាននិយាយថា ផែនការរបស់ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ ក្នុងការដាក់ពន្ធគយ២៥ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក និង១០ភាគរយលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទាំងបីរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលយឺតយ៉ាវ និងធ្វើឱ្យថ្លៃទំនិញកើនឡើងសម្រាប់ជនជាតិអាមេរិក។

លោក Trump និយាយថា វាជាការចាំបាច់ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន ព្រមទាំងជំរុញឧស្សាហកម្មក្នុងស្រុក។

“យើងអាចនឹងមានការឈឺចាប់បន្តិចបន្តួចក្នុងរយៈពេលខ្លី ហើយប្រជាជនយល់ពីរឿងនេះ។ ប៉ុន្តែក្នុងរយៈពេលវែង សហរដ្ឋអាមេរិកត្រូវបានគេបោកប្រាស់ដោយស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក” លោកមានប្រសាសន៍។

ប្រតិកម្មទីផ្សារហិរញ្ញវត្ថុកាលពីថ្ងៃចន្ទ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្ម។ ទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាង២ភាគរយ។ ភាគហ៊ុននៅទូទាំងអាស៊ី រួមទាំងហុងកុង តូក្យូ និងសេអ៊ូល ក៏បានធ្លាក់ចុះប្រមាណ២ភាគរយដែរ។ ទីផ្សារចិនដីគោកត្រូវបានបិទដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

រូបិយប័ណ្ណយ័នចិន ដុល្លារកាណាដា និងប៉េសូម៉ិកស៊ិក បានធ្លាក់ថ្លៃធៀបនឹងដុល្លារអាមេរិកដែលកំពុងកើនឡើង។ ដោយសារកាណាដា និងម៉ិកស៊ិកជាប្រភពនាំចូលប្រេងឆៅធំជាងគេរបស់សហរដ្ឋអាមេរិក តម្លៃប្រេងអាមេរិកបានកើនឡើងជាង១ដុល្លារ ខណៈដែលតម្លៃសាំងនាពេលអនាគតបានកើនឡើង៣ភាគរយ។

ក្រុមហ៊ុនអាមេរិកខាងជើងបានត្រៀមខ្លួនសម្រាប់ពន្ធគយថ្មីដែលអាចបង្កការរំខានដល់ឧស្សាហកម្មនានា ចាប់ពីរថយន្តរហូតដល់ទំនិញប្រើប្រាស់ និងថាមពល។

ពន្ធគយរបស់លោក Trump នឹងគ្របដណ្តប់ស្ទើរតែពាក់កណ្តាលនៃការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក ហើយនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនផលិតកម្មក្នុងស្រុករបស់ខ្លួនឱ្យបានច្រើនជាងពីរដងដើម្បីបំពេញគម្លាត – ដែលជាកិច្ចការមិនអាចធ្វើទៅបានក្នុងរយៈពេលខ្លី នេះបើយោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ច។

“និយាយពីផ្នែកសេដ្ឋកិច្ច ការតានតឹងផ្នែកពាណិជ្ជកម្មដែលកាន់តែខ្លាំងឡើង គឺជាស្ថានភាពចាញ់-ចាញ់សម្រាប់គ្រប់ប្រទេសដែលពាក់ព័ន្ធ” នេះបើយោងតាមការសរសេររបស់អ្នកវិភាគក្នុងកំណត់ត្រាកាលពីថ្ងៃអាទិត្យ។

អ្នកវិភាគផ្សេងទៀតបាននិយាយថា ពន្ធគយទាំងនេះអាចធ្វើឱ្យប្រទេសកាណាដា និងម៉ិកស៊ិកធ្លាក់ចូលក្នុងភាពធ្លាក់ចុះសេដ្ឋកិច្ច និងនាំមកនូវ “ភាពស្ទះសេដ្ឋកិច្ច” – អតិផរណាខ្ពស់ កំណើនសេដ្ឋកិច្ចយឺត និងអត្រាគ្មានការងារធ្វើខ្ពស់ – នៅក្នុងប្រទេស។

  • កាលបរិច្ឆេទផុតកំណត់ថ្ងៃអង្គារ

ពន្ធគយរបស់លោក Trump ដែលត្រូវបានគូសបញ្ជាក់ក្នុងបទបញ្ជាប្រតិបត្តិចំនួនបី នឹងចូលជាធរមាននៅម៉ោង១២.០១នាទីព្រឹកម៉ោងខាងកើត នៅថ្ងៃអង្គារ។

អ្នកវិភាគមួយចំនួនបាននិយាយថា នៅមានក្តីសង្ឃឹមខ្លះសម្រាប់ការចរចា ជាពិសេសជាមួយប្រទេសកាណាដា និងចិន។

សេដ្ឋវិទូរបស់ Goldman Sachs បាននិយាយថា ពន្ធគយទាំងនេះទំនងជាបណ្តោះអាសន្នទេ ប៉ុន្តេទស្សនវិស័យមិនច្បាស់លាស់ទេ ព្រោះសេតវិមានបានកំណត់លក្ខខណ្ឌទូទៅណាស់សម្រាប់ការដកចេញវិញ។

ឯកសារព័ត៌មានរបស់សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលប្រទេសទាំងបីត្រូវធ្វើដើម្បីទទួលបានការលើកលែងនោះទេ។

លោក Trump បានប្តេជ្ញាថានឹងរក្សាពន្ធគយទាំងនេះរហូតដល់អ្វីដែលលោកពិពណ៌នាថាជាគ្រាអាសន្នជាតិទាក់ទងនឹងថ្នាំហ្វេនតានីល ដែលជាថ្នាំញៀនប្រភេទអូពីអ៊ូអីដដ៏គ្រោះថ្នាក់ និងអន្តោប្រវេសន៍ខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក បានបញ្ចប់។

ចិនបាននិយាយថា ខ្លួននឹងប្រឆាំងនឹងពន្ធគយទាំងនេះនៅអង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតផ្សេងទៀត ប៉ុន្តែក៏បានទុកឱកាសសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកផងដែរ។

ការប្រតិកម្មខ្លាំងបំផុតរបស់ចិនគឺទាក់ទងនឹងថ្នាំហ្វេនតានីល។

“ហ្វេនតានីលគឺជាបញ្ហារបស់អាមេរិក” ក្រសួងការបរទេសចិនបាននិយាយ ដោយបន្ថែមថា ចិនបានចាត់វិធានការយ៉ាងទូលំទូលាយដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។

ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum ដោយលើកកណ្តាប់ដៃឡើងលើអាកាសក្នុងសុន្ទរកថាមួយនៅខាងក្រៅរាជធានី បានប្តេជ្ញាចិត្តក្នុងការប្រឈមមុខ។ អ្នកស្រីបានចោទប្រកាន់សហរដ្ឋអាមេរិកថាបរាជ័យក្នុងការដោះស្រាយបញ្ហាហ្វេនតានីលរបស់ខ្លួន និងបាននិយាយថា វានឹងមិនត្រូវបានដោះស្រាយដោយពន្ធគយទេ។

អ្នកស្រី Sheinbaum បាននិយាយថា អ្នកស្រីនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមនៅថ្ងៃចន្ទ អំពីពន្ធគយតបតដែលអ្នកស្រីបានបញ្ជាកាលពីចុងសប្តាហ៍។

កាណាដាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ក្រោមស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដើម្បីប្រឆាំងនឹងពន្ធគយទាំងនេះ។

នាយករដ្ឋមន្ត្រី Justin Trudeau ក៏បានលើកទឹកចិត្តប្រជាជនកាណាដាកាលពីថ្ងៃអាទិត្យ ឱ្យធ្វើពហិការលើសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន បន្ទាប់ពីបានបញ្ជាឱ្យដាក់ពន្ធគយតបតលើទំនិញអាមេរិកដែលមានតម្លៃ១៥៥ពាន់លានដុល្លារ ចាប់ពីប៊ឺរ និងស្រាទំពាំងបាយជូរ រហូតដល់ឈើ និងគ្រឿងប្រើប្រាស់។

មន្ត្រីកាណាដាបាននិយាយថា ពួកគេកំពុងរៀបចំវិធានការដើម្បីជួយអាជីវកម្មដែលអាចរងផលប៉ះពាល់ដោយសង្រ្គាមពាណិជ្ជកម្ម។

លោក Trump បានរិះគន់កាណាដាជាពិសេស ដោយអំពាវនាវឱ្យប្រទេសនេះក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ លោកបាននិយាយថា កាណាដា “លែងមានលទ្ធភាពអាចរស់រានជាប្រទេសមួយបានទៀតហើយ” ដោយគ្មាន “ការឧបត្ថម្ភធនដ៏ច្រើន” របស់ខ្លួន។

  • គ្រាអាសន្នជាតិ?

លោក Trump បានប្រកាសគ្រាអាសន្នជាតិក្រោមច្បាប់ពីរ គឺច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ និងច្បាប់ស្តីពីគ្រាអាសន្នជាតិ ដែលផ្តល់អំណាចទូលំទូលាយដល់ប្រធានាធិបតីក្នុងការដាក់ទណ្ឌកម្មដើម្បីដោះស្រាយវិបត្តិនានា។

មេធាវីពាណិជ្ជកម្មបាននិយាយថា លោក Trump អាចប្រឈមនឹងបណ្តឹងផ្លូវច្បាប់ចំពោះការសាកល្បងដែលហួសពីដែនកំណត់នៃច្បាប់សហរដ្ឋអាមេរិក។ សមាជិកសភាខ្លះមកពីគណបក្សប្រជាធិបតេយ្យបានថ្កោលទោសអំពីអ្វីដែលពួកគេហៅថាជាការរំលោភបំពានយ៉ាងច្បាស់លើអំណាចប្រតិបត្តិ ខណៈដែលអ្នកផ្សេងទៀតបានព្រមានអំពីតម្លៃទំនិញដែលនឹងកើនឡើង។

សូម្បីតែសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនក៏បានរិះគន់សកម្មភាពរបស់លោក Trump ដែរ។ “វានឹងត្រូវបង់ថ្លៃដោយអ្នកប្រើប្រាស់អាមេរិក។ ខ្ញុំមានន័យថា ហេតុអ្វីបានជាអ្នកចង់ប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់អ្នកលើរឿងនេះ?” នេះជាសម្តីរបស់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ Mitch McConnell នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី 60 Minutes របស់ CBS។

ការស្ទង់មតិរបស់ Reuters/Ipsos ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ជនជាតិអាមេរិកមានការបែងចែកគំនិតគ្នាលើពន្ធគយ ដោយ៥៤ភាគរយប្រឆាំងនឹងពន្ធគយថ្មីលើទំនិញនាំចូល និង៤៣ភាគរយគាំទ្រ ដោយសមាជិកគណបក្សប្រជាធិបតេយ្យប្រឆាំងច្រើនជាង ហើយសមាជិកគណបក្សសាធារណរដ្ឋគាំទ្រច្រើនជាង។

  • វិនិយោគិនពិនិត្យមើលអនាគត

វិនិយោគិនកំពុងពិចារណាអំពីផលប៉ះពាល់នៃពន្ធគយបន្ថែមដែលលោក Trump បានសន្យា រួមទាំងពន្ធគយលើប្រេង និងឧស្ម័ន ក៏ដូចជាដែក អាលុយមីញ៉ូម ឈីបសេមីកុងដុចទ័រ និងឱសថ។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុប “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធគយលើទំនិញសហភាពអឺរ៉ុបដោយអយុត្តិធម៌ឬតាមអំពើចិត្ត”។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអឺរ៉ុប Volkswagen បាននិយាយថា ខ្លួនកំពុងរង់ចាំការចរចាដើម្បីជៀសវាងជម្លោះពាណិជ្ជកម្ម។

ក្រុមហ៊ុនផលិតរថយន្តនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយពន្ធគយថ្មីលើរថយន្តដែលផលិតនៅកាណាដា និងម៉ិកស៊ិក នឹងបង្កបន្ទុកដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដ៏ធំ ដែលគ្រឿងបន្លាស់អាចឆ្លងកាត់ព្រំដែនច្រើនដងមុនពេលដំឡើងចុងក្រោយ។

លោក Trump បានដាក់ពន្ធគយត្រឹមតែ១០ភាគរយប៉ុណ្ណោះលើផលិតផលថាមពលពីកាណាដា បន្ទាប់ពីរោងចក្រចម្រាញ់ប្រេង និងរដ្ឋនៅភាគកណ្តាលបានលើកឡើងពីការព្រួយបារម្ភ។ នៅឆ្នាំ២០២៣ ការនាំចូលប្រេងឆៅដែលមានតម្លៃជិត១០០ពាន់លានដុល្លារ គឺស្មើនឹងប្រហែលមួយភាគបួននៃការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិកពីកាណាដា នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។

មន្ត្រីសេតវិមានបាននិយាយថា កាណាដានឹងលែងត្រូវបានអនុញ្ញាតឱ្យមានការលើកលែងពន្ធគយអាមេរិក “de minimis” សម្រាប់ការដឹកជញ្ជូនដែលមានតម្លៃតិចជាង៨០០ដុល្លារទៀតហើយ។ កាណាដា និងម៉ិកស៊ិកបានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនហ្វេនតានីល និងសារធាតុគីមីដើមរបស់វាចូលទៅសហរដ្ឋអាមេរិកក្នុងកញ្ចប់តូចៗដែលមិនសូវត្រូវបានត្រួតពិនិត្យដោយភ្នាក់ងារគយ៕/

ប្រភព៖ Reuters/ec