ប្រែសម្រួល៖ ស-សម្បត្តិ
ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសនៅថ្ងៃអង្គារ (ថ្ងៃទី៤ ខែកុម្ភៈ) អំពីកញ្ចប់ពន្ធគយលើផលិតផលអាមេរិកមួយចំនួន ជាការឆ្លើយតបភ្លាមៗទៅនឹងការដាក់ពន្ធគយ១០ភាគរយលើទំនិញនាំចូលពីចិន ដែលប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ចិនបានដាក់ពន្ធគយ១០ភាគរយលើប្រេងឆៅ គ្រឿងយន្តកសិកម្ម យានយន្តដែលប្រើប្រាស់ប្រេងច្រើន និងរថយន្តប្រភេទពិកអាប់ និង១៥ភាគរយលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក។ ពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។
វិធានការនេះកើតឡើងបន្ទាប់ពីពន្ធគយ១០ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីចិនចូលជាធរមាននៅថ្ងៃអង្គារ ដែលបង្កហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មឡើងវិញរវាងសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក ដោយសារលោកត្រាំដាក់ទណ្ឌកម្មលើចិនដែលមិនបានបញ្ឈប់លំហូរនៃគ្រឿងញៀនខុសច្បាប់។
ក្រសួងពាណិជ្ជកម្មប៉េកាំងបានថ្លែងថា ការដាក់ពន្ធគយលើទំនិញនាំចូលពីចិន “រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អង្គការពាណិជ្ជកម្មពិភពលោក”។
លោកត្រាំបានផ្អាកការគំរាមដាក់ពន្ធគយ២៥ភាគរយលើប្រទេសម៉ិកស៊ិក និងកាណាដានៅនាទីចុងក្រោយកាលពីថ្ងៃចន្ទ ដោយយល់ព្រមផ្អាករយៈពេល៣០ថ្ងៃ ជាថ្នូរនឹងការផ្តល់សម្បទានលើការអនុវត្តច្បាប់ព្រំដែន និងបទល្មើសជាមួយប្រទេសជិតខាងទាំងពីរ។
ប៉ុន្តែមិនមានការអនុគ្រោះបែបនេះសម្រាប់ប្រទេសចិនទេ ដោយពន្ធគយថ្មីចូលជាធរមាននៅម៉ោង ១២:០១នាទីយប់។
អ្នកនាំពាក្យសេតវិមានបានថ្លែងថា លោកត្រាំនឹងមិនសន្ទនាជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង រហូតដល់ចុងសប្តាហ៍នេះ។
ក្នុងអាណត្តិទីមួយរបស់លោកនៅឆ្នាំ២០១៨ លោកត្រាំបានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្មដ៏សាហាវរយៈពេលពីរឆ្នាំជាមួយចិន ដោយសារតែអតិរេកពាណិជ្ជកម្មដ៏ច្រើនរបស់ចិនជាមួយសហរដ្ឋអាមេរិក ដែលការដាក់ពន្ធគយទៅវិញទៅមកលើទំនិញរាប់រយពាន់លានដុល្លារ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក។
ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនោះ ចិនបានយល់ព្រមក្នុងឆ្នាំ២០២០ ចំណាយបន្ថែម២០០ពាន់លានដុល្លារក្នុងមួយឆ្នាំលើទំនិញអាមេរិក ប៉ុន្តែផែនការនេះត្រូវបានរាំងស្ទះដោយជំងឺកូវីដ-១៩ ហើយឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនបានកើនឡើងដល់៣៦១ពាន់លានដុល្លារ យោងតាមទិន្នន័យគយចិនដែលចេញផ្សាយកាលពីខែមុន។
“សង្គ្រាមពាណិជ្ជកម្មនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដូច្នេះភាពប្រហែលនៃការដាក់ពន្ធគយបន្ថែមនៅតែខ្ពស់” នេះជាការថ្លែងរបស់ក្រុមហ៊ុន Oxford Economics ក្នុងកំណត់សម្គាល់មួយ ខណៈដែលពួកគេបានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន។
លោកត្រាំបានព្រមានថា លោកអាចនឹងបង្កើនពន្ធគយលើប្រទេសចិនបន្ថែមទៀត លុះត្រាតែប៉េកាំងបញ្ឈប់លំហូរថ្នាំហ្វេនតានីល ដែលជាថ្នាំញៀនប្រភេទអូភីអូអ៊ីដដ៏គ្រោះថ្នាក់ ចូលទៅក្នុងសហរដ្ឋអាមេរិក។
“ខ្ញុំសង្ឃឹមថាចិននឹងបញ្ឈប់ការផ្ញើថ្នាំហ្វេនតានីលមកយើង ហើយប្រសិនបើពួកគេមិនបញ្ឈប់ទេ ពន្ធគយនឹងកើនឡើងខ្ពស់ជាងនេះទៅទៀត” នេះជាការថ្លែងរបស់លោកកាលពីថ្ងៃចន្ទ។
ចិនបាននិយាយថា ហ្វេនតានីលគឺជាបញ្ហារបស់អាមេរិក ហើយបានថ្លែងថាខ្លួននឹងប្រឆាំងនឹងពន្ធគយនេះនៅអង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតទៅវិញផ្សេងទៀត ប៉ុន្តែក៏បានទុកឱកាសសម្រាប់ការចរចាផងដែរ។
• កិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង
មានការធូរស្បើយនៅក្នុងទីក្រុងអូតាវ៉ា និងទីក្រុងម៉ិកស៊ិកូ ក៏ដូចជាទីផ្សារហិរញ្ញវត្ថុសកល បន្ទាប់ពីកិច្ចព្រមព្រៀងដើម្បីជៀសវាងការដាក់ពន្ធគយខ្ពស់លើប្រទេសកាណាដា និងម៉ិកស៊ិក។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូដា ហ្សេនបោម បានថ្លែងថា ពួកគេបានយល់ព្រមពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់នៅតាមព្រំដែន ដើម្បីឆ្លើយតបនឹងការទាមទាររបស់លោកត្រាំក្នុងការបង្ក្រាបអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។ ការណ៍នេះនឹងផ្អាកពន្ធគយ២៥ភាគរយដែលត្រូវចូលជាធរមាននៅថ្ងៃអង្គារ រយៈពេល៣០ថ្ងៃ។
កាណាដាបានយល់ព្រមដាក់ពង្រាយបច្ចេកវិទ្យា និងបុគ្គលិកថ្មីនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មចាត់តាំង ការរត់ពន្ធថ្នាំហ្វេនតានីល និងការសម្អាតប្រាក់។
ម៉ិកស៊ិកបានយល់ព្រមពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយសមាជិកកងការពារជាតិចំនួន១០,០០០នាក់ ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។
សហរដ្ឋអាមេរិកក៏បានប្តេជ្ញាទប់ស្កាត់ការជួញដូរអាវុធមានអានុភាពខ្លាំងទៅកាន់ប្រទេសម៉ិកស៊ិក ដែលនេះជាការថ្លែងរបស់លោកស្រី ហ្សេនបោម។
“ក្នុងនាមជាប្រធានាធិបតី វាជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការធានាសុវត្ថិភាពជនជាតិអាមេរិកទាំងអស់ ហើយខ្ញុំកំពុងធ្វើរឿងនោះ។ ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះលទ្ធផលដំបូងនេះ” នេះជាការថ្លែងរបស់លោកត្រាំនៅលើបណ្តាញសង្គម។
បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំទាំងពីររូប លោកត្រាំបានថ្លែងថា លោកនឹងព្យាយាមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងរយៈពេលមួយខែខាងមុខជាមួយដៃគូពាណិជ្ជកម្មធំបំផុតទាំងពីររបស់សហរដ្ឋអាមេរិក ដែលសេដ្ឋកិច្ចរបស់ពួកគេបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយត្រូវបានចុះហត្ថលេខានៅទសវត្សរ៍ឆ្នាំ១៩៩០។
ការវិវត្តចុងក្រោយបង្អស់នៃរឿងរ៉ាវនេះ បានធ្វើឱ្យរូបិយប័ណ្ណដុល្លារកាណាដាឡើងថ្លៃយ៉ាងខ្លាំង បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។ ព័ត៌មាននេះក៏បានជួយលើកទឹកចិត្តដល់សន្ទស្សន៍ភាគហ៊ុនអាមេរិកនាពេលអនាគត បន្ទាប់ពីថ្ងៃដែលមានការខាតបង់នៅផ្សារហ៊ុន Wall Street ហើយបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។
ក្រុមឧស្សាហកម្មដែលភ័យខ្លាចអំពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បានស្វាគមន៍ការផ្អាកនេះ។
“នោះជាព័ត៌មានដែលលើកទឹកចិត្តខ្លាំងណាស់” នេះជាការថ្លែងរបស់លោក គ្រីស ដេវីសុន ដែលដឹកនាំក្រុមពាណិជ្ជកម្មនៃផលិតករកាណូឡាកាណាដា។ “យើងមានឧស្សាហកម្មដែលមានសមាហរណកម្មខ្ពស់ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។”
លោកត្រាំបានបង្ហាញកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស នឹងក្លាយជាគោលដៅបន្ទាប់របស់លោក ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាទេ។
មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ បានថ្លែងថា អឺរ៉ុបនឹងត្រៀមខ្លួនតបតវិញ ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធគយ ប៉ុន្តែក៏បានអំពាវនាវឱ្យមានភាពវិចារណញ្ញាណ និងការចរចាផងដែរ។ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់សហភាពអឺរ៉ុប។
លោកត្រាំបានបង្ហាញថា ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០២០ អាចនឹងត្រូវបានលើកលែងពីពន្ធគយ។
លោកត្រាំបានទទួលស្គាល់កាលពីចុងសប្តាហ៍ថា ពន្ធគយរបស់លោកអាចបង្កឱ្យមានការឈឺចាប់រយៈពេលខ្លីដល់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែលោកថាវាចាំបាច់ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន និងជំរុញឧស្សាហកម្មក្នុងស្រុក។
ពន្ធគយដូចដែលបានគ្រោងទុកដំបូងនឹងគ្របដណ្តប់ស្ទើរតែពាក់កណ្តាលនៃការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក និងនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនផលិតកម្មក្នុងស្រុករបស់ខ្លួនឱ្យបានច្រើនជាងពីរដងដើម្បីបំពេញគម្លាត – ដែលជាភារកិច្ចមួយមិនអាចធ្វើទៅបាននៅក្នុងរយៈពេលខ្លីនេះ នេះបើយោងតាមការសរសេររបស់អ្នកវិភាគនៅ ING។
អ្នកវិភាគផ្សេងទៀតបានថ្លែងថា ពន្ធគយអាចធ្វើឱ្យប្រទេសកាណាដា និងម៉ិកស៊ិកធ្លាក់ចូលក្នុងភាពធ្លាក់ចុះសេដ្ឋកិច្ច និងអាចបង្កឱ្យមាន “ស្តាក់ហ្វ្លេសិន” – អតិផរណាខ្ពស់ កំណើនដេកទ្រឹង និងអត្រាគ្មានការងារធ្វើកើនឡើង – នៅក្នុងប្រទេស៕
ប្រភព៖ Reuters/lh
