អន្តរជាតិ

ម៉ិកស៊ិកនិងកាណាដានិយាយថា Trump នឹងផ្អាកពន្ធគយរយៈពេលមួយខែ

ប្រែសម្រួល៖ ស-សម្បត្តិ

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានផ្អាកការគំរាមដាក់ពន្ធគយខ្ពស់លើប្រទេសម៉ិកស៊ិក និងកាណាដាកាលពីថ្ងៃចន្ទ (ថ្ងៃទី៣ ខែកុម្ភៈ) ដោយព្រមព្រៀងផ្អាករយៈពេល៣០ថ្ងៃ ជាថ្នូរនឹងការសម្របសម្រួលលើការអនុវត្តច្បាប់ព្រំដែន និងឧក្រិដ្ឋកម្មជាមួយប្រទេសជិតខាងទាំងពីរ។

ពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសចិននៅតែត្រូវចូលជាធរមាននៅក្នុងពេលប៉ុន្មានម៉ោងខាងមុខ។

ទាំងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយថា ពួកគេបានព្រមព្រៀងពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារព្រំដែន ឆ្លើយតបទៅនឹងការទាមទាររបស់លោក Trump ក្នុងការបង្ក្រាបការធ្វើអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។ នេះនឹងផ្អាកពន្ធគយ២៥ភាគរយដែលត្រូវចូលជាធរមាននៅថ្ងៃអង្គាររយៈពេល៣០ថ្ងៃ។

កាណាដាបានព្រមព្រៀងដាក់ពង្រាយបច្ចេកវិទ្យា និងបុគ្គលិកថ្មីនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មចាត់តាំង ការរត់ពន្ធថ្នាំ fentanyl និងការសម្អាតប្រាក់។

ម៉ិកស៊ិកបានព្រមព្រៀងពង្រឹងព្រំដែនខាងជើងរបស់ខ្លួនជាមួយសមាជិកកងការពារជាតិចំនួន១០,០០០នាក់ដើម្បីទប់ស្កាត់លំហូរនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។

សហរដ្ឋអាមេរិកក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការជួញដូរអាវុធមានអានុភាពខ្លាំងទៅកាន់ប្រទេសម៉ិកស៊ិក ដូចដែលលោកស្រី Sheinbaum បានថ្លែង។

លោក Trump បានថ្លែងនៅលើបណ្តាញសង្គមថា “ក្នុងនាមជាប្រធានាធិបតី វាជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការធានាសុវត្ថិភាពជនជាតិអាមេរិកាំងទាំងអស់ ហើយខ្ញុំកំពុងធ្វើរឿងនោះ។ ខ្ញុំពេញចិត្តខ្លាំងណាស់ជាមួយនឹងលទ្ធផលដំបូងនេះ”។

កិច្ចព្រមព្រៀងនេះបានទប់ស្កាត់ជាបណ្តោះអាសន្ននូវការចាប់ផ្តើមនៃសង្គ្រាមពាណិជ្ជកម្មដែលសេដ្ឋវិទូបានព្យាករណ៍ថានឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចនៃភាគីពាក់ព័ន្ធទាំងអស់ និងនាំឱ្យមានការកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់។

បន្ទាប់ពីបានជជែកតាមទូរសព្ទជាមួយមេដឹកនាំទាំងពីររូប លោក Trump បាននិយាយថា លោកនឹងព្យាយាមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងរយៈពេលមួយខែខាងមុខជាមួយដៃគូពាណិជ្ជកម្មធំបំផុតពីររបស់សហរដ្ឋអាមេរិក ដែលសេដ្ឋកិច្ចរបស់ពួកគេបានក្លាយជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយត្រូវបានចុះហត្ថលេខានៅទសវត្សរ៍ឆ្នាំ១៩៩០។

នេះកើតឡើងតិចជាង៤៨ម៉ោងបន្ទាប់ពីលោក Trump បានប្រកាសដាក់ពន្ធគយទូលំទូលាយលើទំនិញពីដៃគូពាណិជ្ជកម្មធំបំផុតទាំងបីរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃពាណិជ្ជកម្មប្រចាំឆ្នាំសរុប២.១ទ្រីលានដុល្លារអាមេរិក។

  • នៅតែមានផែនការដាក់ពន្ធគយលើប្រទេសចិន

មិនមានកិច្ចព្រមព្រៀងបែបនេះសម្រាប់ប្រទេសចិនទេ ដែលប្រឈមមុខនឹងពន្ធគយទូទៅ១០ភាគរយដែលត្រូវចាប់ផ្តើមនៅម៉ោង១២.០១នាទីពេលព្រឹក ម៉ោងភាគខាងកើត នៅថ្ងៃអង្គារ (ថ្ងៃពុធ ម៉ោង១.០១នាទី ម៉ោងសិង្ហបុរី)។ អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក Trump នឹងមិនជជែកជាមួយប្រធានាធិបតីចិន Xi Jinping រហូតដល់ចុងសប្តាហ៍នេះទេ។

លោក Trump បានព្រមានថា លោកអាចនឹងបង្កើនពន្ធគយលើប៉េកាំងបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “សង្ឃឹមថាប្រទេសចិននឹងឈប់ផ្ញើថ្នាំ fentanyl មកឱ្យយើង ហើយប្រសិនបើពួកគេមិនឈប់ទេ ពន្ធគយនឹងកើនឡើងខ្ពស់ជាងនេះ”។

ចិនបាននិយាយថា fentanyl គឺជាបញ្ហារបស់អាមេរិក ហើយបាននិយាយថា នឹងប្រឆាំងនឹងពន្ធគយនេះនៅអង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតទៅវិញផ្សេងទៀត ប៉ុន្តែក៏បានទុកឱកាសសម្រាប់ការចរចាផងដែរ។

ការវិវត្តន៍ចុងក្រោយនៃរឿងរ៉ាវនេះបានធ្វើឱ្យប្រាក់ដុល្លារកាណាដាកើនឡើងខ្ពស់បន្ទាប់ពីធ្លាក់ចុះទៅកម្រិតទាបបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។ ព័ត៌មាននេះក៏បានផ្តល់ភាពរីករាយដល់ futures នៃសន្ទស្សន៍ភាគហ៊ុនសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃនៃការខាតបង់នៅ Wall Street។

ក្រុមឧស្សាហកម្មដែលភ័យខ្លាចពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បានស្វាគមន៍ការផ្អាកនេះ។

លោក Chris Davison ដែលដឹកនាំក្រុមពាណិជ្ជកម្មនៃផលិតករ canola នៃប្រទេសកាណាដាបាននិយាយថា “នោះជាដំណឹងល្អខ្លាំងណាស់។ យើងមានឧស្សាហកម្មដែលមានសមាហរណកម្មខ្ពស់ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ”។

លោក Trump បានបង្ហាញកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេសនឹងក្លាយជាគោលដៅបន្ទាប់របស់លោក ប៉ុន្តែមិនបាននិយាយថានៅពេលណាទេ។

លោកបានប្រាប់អ្នកសារព័ត៌មានថា “ពួកគេមិនទទួលយករថយន្តរបស់យើង ពួកគេមិនទទួលយកផលិតផលកសិកម្មរបស់យើង។ ពួកគេមិនសូវទទួលយកអ្វីទាំងអស់ ហើយយើងទទួលយកអ្វីៗគ្រប់យ៉ាងពីពួកគេ”។

មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃច័ន្ទបាននិយាយថា អឺរ៉ុបនឹងត្រៀមខ្លួនតបតវិញប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធគយ ប៉ុន្តែ ក៏បានអំពាវនាវឱ្យមានការប្រើហេតុផល និងការចរចាផងដែរ។ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់សហភាពអឺរ៉ុប។

លោក Trump បានបង្ហាញថា ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០២០ អាចនឹងត្រូវបានលើកលែងពីពន្ធគយ។

លោក Trump បានទទួលស្គាល់កាលពីចុងសប្តាហ៍ថា ពន្ធគយរបស់លោកអាចបង្កឱ្យមានការឈឺចាប់រយៈពេលខ្លីសម្រាប់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែនិយាយថាវាចាំបាច់ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀន និងជំរុញឧស្សាហកម្មក្នុងស្រុក។

ពន្ធគយដូចដែលបានគ្រោងទុកដំបូងនឹងគ្របដណ្តប់ស្ទើរតែពាក់កណ្តាលនៃការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក និងនឹងតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនផលិតកម្មផ្ទាល់ខ្លួនឱ្យបានច្រើនជាងពីរដងដើម្បីបំពេញគម្លាត – ដែលជាកិច្ចការដែលមិនអាចធ្វើទៅបាននៅពេលខាងមុខ តាមការសរសេររបស់អ្នកវិភាគ ING។

អ្នកវិភាគផ្សេងទៀតបាននិយាយថា ពន្ធគយអាចធ្វើឱ្យកាណាដា និងម៉ិកស៊ិកធ្លាក់ចូលក្នុងភាពថមថយសេដ្ឋកិច្ច និងអាចបង្កឱ្យមាន “ការថមថយអតិផរណា” – អតិផរណាខ្ពស់ កំណើនដែលមិនមានការប្រែប្រួល និងការគ្មានការងារធ្វើកើនឡើង – នៅក្នុងប្រទេស៕

ប្រភព៖ Reuters/fs/dy