សន្ដិសុខសង្គម

ក្រសួងប្រៃសណីយ៍កម្ពុជាបានបញ្ជាក់ប្រាប់ពីរបៀបនៃការការពារខ្លួនពីអំពើឆបោក

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)នៃកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានប្រាប់ពីឧបាយកលឆបោក និងវិធីសាស្រ្តការពារខ្លួនពីការឆបោក ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើន ដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។

លើសពីនេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន ប្រាប់ពីកលល្បិចឆបោកផ្សេងៗ និងវិធីសាស្រ្តការពារខ្លួនដែលមានខ្លឹមសារថា៖

ឧបាយកលឆបោក៖ រូបភាពនៃឧបាយកលឆបោក ធ្វើឡើងតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត ប្រសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង។ ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាការ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។

ចំពោះវិធីសាស្រ្តការពារខ្លួនពីការឆបោកវិញ ក្រសួងក៏បានបញ្ជាក់បន្ថែមដែរថា ដើម្បីការពារខ្លួនពីការឆបោក រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមអនុវត្តវិធីសាស្ត្រដ៏សំខាន់ទាំងនេះ។ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។ ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់។ សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង។ បង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូរបស់អ្នកជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នកដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និងមិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗទៅជនដែលសង្ស័យជាដាច់ខាត៕/