សន្ដិសុខសង្គម

ករណីជនជាតិឥណ្ឌូនេស៊ីលោតសម្លាប់ខ្លួននៅកាស៊ីណូក្រោនរីសត ក្រុងប៉ោយប៉ែត ៖ នគរបាលចាប់ខ្លួនជនសង្ស័យ៥នាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ករណីជនជាតិឥណ្ឌូនេស៊ីលោតសម្លាប់ខ្លួននៅកាស៊ីណូក្រោន រីសត (Crown Resort Casino ) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក នាំឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់បញ្ជូនទៅតុលាការ ។

បន្ទាប់ពីមានករណីមនុស្សលោតសម្លាប់ខ្លួនពីលើអគារ កាស៊ីណូក្រោន រីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត  សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។

យោងប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា: ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះភីដ ញ៉ាតូណូ.( PID NHARTONO) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកកាស៊ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តភក្ដិជនជាតិឥណ្ឌូណេស៊ីរួមការងារក្នុងកាស៊ីណូ ។

ពួកគេបង្កឲ្យមានហិង្សាកើតឡើង  ហើយជនរងគ្រោះបានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៊ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់តែម្តង។

ភ្លាមៗនោះដែរ  កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ឌូនេស៊ីចំនួន៥នាក់ យកមកសួរនាំ  រួមមាន៖ ១-ឈ្មោះថំមី ហ្វេបរី ម៉ាហ៊ូឡេតតេ ( TOMMY FEBRY MAHULETTE ) ភេទប្រុស អាយុ២៩ឆ្នាំ ជនដៃដល់ ។២-ឈ្មោះ៖ ហ៊ួឡាន់តូ (HUDLANTO )ភេទប្រុស អាយុ៣០ឆ្នាំ   ៣-ឈ្មោះ យេរី ខាសយ៉ាឌី (GERY CAHYADI) ភេទប្រុស អាយុ ២៨, ៤-ឈ្មោះ NICO ANDREAS ភេទប្រុស អាយុ៣០ឆ្នាំ និង ៥-ឈ្មោះ វីរេននី (WIRIANI ) ភេទស្រី អាយុ២៦ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំដោយមានការបកប្រែភាសា  ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា៖ ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សាជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកំពុងសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕