ព័ត៌មានជាតិ

សេវាស្ម័គ្រចិត្តគ្រូពេទ្យក្រៅប្រទេសកូរ៉េរបស់អង្គការហាឆាន់ខាំបញ្ចប់ការពិនិត្យនិងព្យាបាលជំងឺទូទៅមិនគិតថ្លៃជូនប្រជាពលរដ្ឋនៅក្រុងក្រុងសិរីសោភ័ណ

ដោយ :  បន្ទាយ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំសម្របសម្រួលនិងចុងក្រោយបានប្រគល់ប័ណ្ណសរសើរ  លិខិតថ្លែអំណរគុណ ជូនគ្រូពេទ្យស័្មគ្រចិត្តកូរ៉េរបស់អង្គការ ហា ឆាន់ ខាំ (HACHAN KHAM -កូរ៉េ បន្ទាប់ពីបានបញ្ចប់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ (២៩-៣១ខែមករាឆ្នាំ២០២៥ ) កន្លងមកថ្មីៗនេះ នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េនេះដឹកនាំមកដោយលោកវេជ្ជបណ្ឌិត គឹម យ៉ុងអុក (Kim Young Og) មានចំនួន៣០ នាក់។ក្នុងនោះមានការពិនិត្យនិងព្យាបាលជូនអ្នកជំងឺទូទៅ មានឯកទេសខាងព្យាបាលដូចជា៖ ផ្នែកខាងក្នុងរាងកាយ វះកាត់ ផ្នែកកុមារ ផ្នែកសិរីរាង្គ និងភ្នែក បានរាប់រយនាក់ក្នុងប៉ុន្មានថ្ងៃមកនេះ ។

លោកអ៊ុំ រាត្រី បានឲ្យដឹងថា : ក្រុមគ្រូពេទ្យនេះបានចុះមកពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅក្រុងសិរីសោភ័ណដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈឡើយ ហើយរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោកបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការហាឆាន់ខាំនេះ ហើយបានជូនពរនិងជូនប័ណ្ណថ្លែងអំណរគុណ ៕