ព័ត៌មានជាតិ

រដ្ឋមន្រ្តីចេញពាក្យស្លោកថា«ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយគឺជាអ្នកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាម្នាក់»

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដាក់ចេញជាពាក្យស្លាកសម្រាប់ជាទិសណែនាំដល់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងមួយនេះថា «ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ គឺជាអ្នកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាម្នាក់» ។ហើយអំពាវនាវឱ្យប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ជួយថែទាំភ្ញៀវទេសចរ តាមរយៈការលក់ផ្លែឈើច្រើនមុខជូនពួកគាត់។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែង និងអំពាវនាវបែបនេះ អមដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្តល់ជូនចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ជាង ១.០០០ គ្រួសារកាលពីថ្ងៃទី ២ កុម្ភៈកន្លងទៅនេះ។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា៖ ងាកមករឿងទេសចរណ៍ ជាមួយនឹងសន្តិភាពនេះ គឺមូលដ្ឋានទេសចរណ៍ គឺសន្តិភាព មានន័យថា បើគ្មានសន្តិភាព កុំនិយាយពីរឿងទេសចរណ៍។ ប្រទេសណាមានទេសចរច្រើន បើបាត់សន្តិភាពភ្លាម គឺខ្សត់ទេសចរភ្លាម គឺរលាយហើយ។ កត្តានេះហើយកាលពីសម្តចតេជោកាលនៅជានាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា« ទាំងអស់គ្នាដើម្បីទេសចរណ៍ ហើយទេសចរណ៍ គឺដើម្បីទាំងអស់គ្នា»។ ចំណែកសម្តេចធិបតីវិញធ្លាប់មានប្រសាសន៍ថា «ទេសចរណ៍រីកលូតលាស់នាំមកនូវសន្តិភាព»។

ឯកឧត្តមបានបន្ថែមថា៖ ដោយឡែកក្រសួងទេសចរណ៍ យើងបានដាក់ទិសដៅ ណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងមួយនេះ ដោយដាក់ចេញជាពាក្យស្លោកថា “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ គឺជាអ្នកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាម្នាក់” គឺទេសចរណ៍សំខាន់ណាស់ រហូតសម្តេចតេជោចាត់ទុកទេសចរណ៍ថាជាមាសបៃតង ហើយសម្តេចធិបតីចាត់ទុកទេសចរណ៍ជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ពោលគឺកាលមានភ្ញៀវទេសចរមក គឺលុយនៅកន្លែង កើតនៅកន្លែងនោះ ទាំងទេសចរ និងទាំងទេសចរអន្តរជាតិ។

ឯកឧត្តមបានបន្តថា៖ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជួយថែទាំភ្ញៀវទេសចរ តាមរយៈការលក់ផ្លែឈើច្រើនមុខនៅលើដីដ៏មានជីវជាតិនេះ ឱ្យភ្ញៀវកម្សាន្តនៅស្រុកស្ទឹងត្រង់នេះទទួលទានហើយមានការសរសើរ នឹងវិលមកលេងច្រើនដងទៀត៕