កម្សាន្ដ

តារាចម្រៀងស្រី Beyonce ឈ្នះពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំនៅក្នុងកម្មវិធី Grammy Awards ២០២៥ ជាមួយនឹងអាល់ប៊ុម Cowboy Carter

ប្រែសម្រួល៖ ស្រីកា
តារាស្រី Beyonce បានឈ្នះពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំសម្រាប់អាល់ប៊ុម Cowboy Carter នៅក្នុងកម្មវិធី Grammy Awards ២០២៥ ដែលជាពានរង្វាន់កំពូលដ៏កម្រមួយនៃកម្មវិធីនេះ។


តារាចម្រៀងល្បីឈ្មោះរូបនេះ ដែលជាសិល្បការិនីទទួលបានពានរង្វាន់ និងការដាក់បញ្ចូលឈ្មោះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Grammy ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងប្រភេទនេះចំនួនបួនដងរួចមកហើយ ហើយមនុស្សជាច្រើនយល់ថានាងត្រូវបានគេមើលរំលងពីពានរង្វាន់កំពូលនេះ។

“វាបានកន្លងផុតទៅច្រើនឆ្នាំណាស់មកហើយ” លោកស្រី Beyonce បាននិយាយក្នុងសុន្ទរកថារបស់នាង។ “ខ្ញុំសូមឧទ្ទិសពានរង្វាន់នេះជូនលោកស្រី Martell” នាងបានបន្ថែម ដោយសំដៅទៅលើលោកស្រី Linda Martell ដែលជាសិល្បការិនីស្បែកខ្មៅដំបូងគេដែលបានសម្តែងនៅឆាក Grand Ole Opry។

“យើងទាំងអស់គ្នាបានឃើញវាកើតឡើងហើយ” ពិធីករ Trevor Noah បាននិយាយ ដោយសំដៅទៅលើសមិទ្ធផលដ៏យូរអង្វែងមកហើយសម្រាប់សិល្បករឆ្នើមមួយរូបនៃវិស័យតន្ត្រី។
Kendrick Lamar បានឈ្នះពានរង្វាន់បទចម្រៀង និងការថតសំឡេងប្រចាំឆ្នាំសម្រាប់បទ Not Like Us ដែលជាបទចម្រៀងរិះគន់មួយ ដោយទទួលបានពានរង្វាន់កំពូលពីរនៃរាត្រីកម្មវិធីនោះ។

“យើងនឹងឧទ្ទិសពានរង្វាន់នេះជូនដល់ទីក្រុង” Lamar បាននិយាយ មុនពេលរៀបរាប់ឈ្មោះតំបន់នានានៅក្នុងតំបន់ Los Angeles។

នេះគឺជាបទចម្រៀងហិបហបលើកទីពីរដែលធ្លាប់ឈ្នះក្នុងប្រភេទនេះ។ បទដំបូងគឺជាបទ This Is America របស់ Childish Gambino៕
ប្រភព៖ AP/hq