ប្រែសម្រួល៖ ស-សម្បត្តិ
កំណត់សម្គាល់របស់អ្នកនិពន្ធ៖ របាយការណ៍នេះមានព័ត៌មានលម្អិតអំពីការស្លាប់និងរបួសដែលអាចធ្វើឱ្យអ្នកខ្លះមានការរន្ធត់។
ជនជាតិអាមេរិកជាង២០នាក់បានបាត់ខ្លួននៅតាមបណ្តាយខ្សែប្រយុទ្ធជួរមុខនៅអ៊ុយក្រែន ដោយមានការកើនឡើងនៃអ្នករងគ្រោះក្នុងរយៈពេល៦ខែចុងក្រោយនេះ ខណៈដែលជនបរទេសបំពេញចន្លោះខ្វះខាតបន្ទាន់ក្នុងការការពារប្រទេស នេះបើយោងតាមការស៊ើបអង្កេតរបស់ CNN។
សាកសពអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកយ៉ាងតិច៥នាក់ ដែលបានចុះឈ្មោះចូលក្នុងកងទ័ពអ៊ុយក្រែន មិនអាចយកចេញពីសមរភូមិបានទេ បន្ទាប់ពីពួកគេត្រូវបានសម្លាប់ក្នុងប្រតិបត្តិការក្នុងរយៈពេល៦ខែកន្លងមកនេះ តាមការរកឃើញរបស់ CNN។ សាកសពពីរត្រូវបានដឹកជញ្ជូនត្រឡប់ពីដែនដីដែលរុស្ស៊ីកាន់កាប់ កាលពីថ្ងៃសុក្រ មកកាន់ទឹកដីអ៊ុយក្រែនវិញ បន្ទាប់ពីការចរចាដ៏យូរ។
សក្ខីកម្មដ៏រន្ធត់របស់មិត្តរួមការងារដែលនៅរស់ និងការកើនឡើងនៃចំនួនអ្នកស្លាប់ បានបង្ហាញពីតួនាទីដ៏សំខាន់ប៉ុន្តែមិនសូវជាគេស្គាល់របស់អ្នកប្រយុទ្ធជួរមុខជនជាតិអាមេរិក នៅក្នុងសង្រ្គាមមួយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានហៅថា “គួរឱ្យអស់សំណើច” ហើយបានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បញ្ចប់តាមផ្លូវការទូត។
សាច់ញាតិរបស់ជនជាតិអាមេរិកដែលបាត់ខ្លួនបានប្រាប់ CNN អំពីការខ្វះខាតដ៏គួរឱ្យរន្ធត់ក្នុងការមិនអាចបញ្ចុះសពកូនប្រុសរបស់ពួកគេ អំពីស្ថានភាពផ្លូវច្បាប់ដែលមិនអាចប្រកាសជាផ្លូវការថាអ្នកជាទីស្រឡាញ់របស់ពួកគេបានស្លាប់ និងការធ្វើទុក្ខបុកម្នេញដោយអ្នកប្រើប្រាស់អ៊ីនធឺណិតរុស្ស៊ីដែលបំភិតបំភ័យពួកគេតាមអនឡាញ។ ភាពស្រួចស្រាល់នៃការប្រយុទ្ធនៅតាមបណ្តោយខ្សែមុខភាគខាងកើតរបស់អ៊ុយក្រែន មានន័យថាសាកសពទាហានពីភាគីទាំងសងខាងជារឿយៗមិនអាចប្រមូលបាន ហើយនៅរាយប៉ាយពេញសមរភូមិ។
អ្នកស្ម័គ្រចិត្តជនជាតិអាមេរិកពីរនាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍តែមួយ នៅខាងក្រៅ Pokrovsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីចុងខែកញ្ញា បើតាមអ្នករស់រានមានជីវិត និងសាច់ញាតិ។ សាកសពទាំងពីរមិនទាន់ត្រូវបានប្រមូលនៅឡើយទេ។ អតីតទាហានអាមេរិក Zachary Ford អាយុ២៥ឆ្នាំ មកពីរដ្ឋ Missouri និងជនជាតិអាមេរិកម្នាក់ទៀតដែលគ្មានបទពិសោធន៍យោធា ដែលគ្រួសាររបស់គាត់ស្នើសុំឱ្យស្គាល់តែតាមឈ្មោះហៅក្រៅថា ‘Gunther’ ត្រូវបានសម្លាប់ដោយដ្រូនខណៈពេលដែលត្រូវបានចាត់តាំងឱ្យផ្ទុះស្ពានមួយនៅក្បែរភូមិ Novohrodivka។
អ្នករស់រានមានជីវិតជាជនជាតិអាមេរិកម្នាក់ ដែលស្នើសុំឱ្យស្គាល់តាមឈ្មោះហៅក្រៅថា ‘Redneck’ បានពណ៌នាអំពីបេសកកម្មដែលមានឱកាសជោគជ័យមានកម្រិត ដែលក្រុមអ្នកស្ម័គ្រចិត្តអាមេរិកទាំងបីនាក់ត្រូវបានជាប់អន្ទាក់យ៉ាងឆាប់រហ័សដោយការបាញ់ប្រហាររបស់រុស្ស៊ី នៅក្នុងល្អាងមួយប្រហែល៥០០ម៉ែត្រពីគោលដៅស្ពានរបស់ពួកគេ។
“ដ្រូនរុស្ស៊ីចាប់ផ្តើមហោះតាមបណ្តោយដើមឈើ ដើម្បីព្យាយាមទម្លាយដំបូលបន្ទាយ” គាត់បានរំឭកក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក។ ឈើកំណាត់មួយនៅលើដំបូលបានធ្លាក់ប៉ះមុខរបស់គាត់។ “ខ្ញុំមានកាំភ្លើងបាញ់គ្រាប់រំសេវ ខ្ញុំកំពុងព្យាយាមបាញ់ទម្លាក់ដ្រូនទាំងនេះ។”
Ford បានប្រាប់មេបញ្ជាការរបស់គាត់តាមវិទ្យុថា ពួកគេនឹងបោះបង់បេសកកម្ម ប៉ុន្តែត្រូវបានណែនាំឱ្យបន្ត ហើយថាគ្មានការជម្លៀសណាមួយអាចធ្វើទៅបានរហូតដល់ថ្ងៃបន្ទាប់ នេះបើតាម Redneck។ នៅពេលការវាយប្រហារចាប់ផ្តើម Redneck និយាយថា គាត់បានបាញ់កាំភ្លើងយន្តរបស់គាត់ទៅកាន់ទាហានរុស្ស៊ីដែលនៅចំពីមុខគាត់ ហើយជនជាតិអ៊ុយក្រែនដែលកាន់កាំភ្លើងបាញ់គ្រាប់បែក និងប្រព័ន្ធអាវុធប្រឆាំងរថក្រោះ Javelin បានស្លាប់ខណៈពេលកំពុងទប់ទល់នឹងរថក្រោះរុស្ស៊ី។
គាត់និយាយថា គាត់បានចូលទៅក្នុងបន្ទាយដើម្បីយកគ្រាប់រំសេវ រួចផុតពីការវាយប្រហារដោយដ្រូនដែលបានធ្វើឱ្យ Ford និង Gunther រងរបួស។ របួសរបស់ Ford ត្រូវការទុយូរនីកែ (tourniquet) ពីរដើម្បីបញ្ឈប់ការហូរឈាម នេះបើតាម Redneck និយាយ ដែលគាត់បានដាក់មុនពេលចូលរួមការពារម្តងទៀត និងឃើញទាហានអ៊ុយក្រែនម្នាក់ត្រូវបាញ់ចំមុខស្លាប់នៅចំពីមុខគាត់។
ប៉ុន្មាននាទីក្រោយមក គាត់ឮ Ford ស្រែកថា “Gunther ស្លាប់ហើយ” គាត់បានប្រាប់ CNN។ “ខ្ញុំបានចុះទៅពិនិត្យមើល ហើយជនជាតិអ៊ុយក្រែនដែលនៅទីនោះគ្រាន់តែសម្លឹងមើលខ្ញុំហើយនិយាយថា ‘មិត្តស្លាប់ហើយ'”។ Redneck និយាយថា Ford នៅតែមានស្ថានភាពនឹងនរ ហើយមេបញ្ជាការរបស់ពួកគេបានព្រមានតាមវិទ្យុថា ការវាយប្រហារមួយទៀតរបស់រុស្ស៊ីជិតនឹងកើតឡើងហើយ។
“គាត់ដឹងថាយើងនឹងមិនអាចទប់ទល់នឹងការវាយប្រហារមួយទៀតបានទេ” Redneck និយាយអំពី Ford “ដូច្នេះគាត់ចាប់ផ្តើមស្នើសុំឱ្យខ្ញុំសម្លាប់គាត់ ដើម្បីកុំឱ្យគាត់ត្រូវបានចាប់ខ្លួន”។ Redneck និយាយថា គាត់បានបដិសេធ ហើយប្រាប់ Ford ថាពួកគេនឹងរកផ្លូវដោះស្រាយបាន មុនពេលបន្តបញ្ចូលគ្រាប់កាំភ្លើងរបស់ពួកគេឡើងវិញ មុនពេលការវាយប្រហារដែលរំពឹងទុក។
“គាត់ស្ងៀមស្ងាត់ខ្លាំងណាស់” Redneck និយាយអំពី Ford។ “ប៉ុន្មាននាទីក្រោយមក គាត់បានហៅខ្ញុំហើយប្រាប់ថាគាត់បានបន្ធូរទុយូរនីកែរបស់គាត់”។ Redneck និយាយថា គាត់បានដាក់វាឡើងវិញ ប៉ុន្តែ Ford បានបាត់បង់ឈាមច្រើនពេក។
Redneck និយាយថា សំណូមពរចុងក្រោយរបស់ Ford គឺចង់ឃើញពន្លឺព្រះអាទិត្យនៅពេលគាត់ស្លាប់។ “ខ្ញុំបានដាក់គាត់ឱ្យដេកដោយក្បាលឆ្ពោះទៅទ្វារ ដើម្បីឱ្យគាត់អាចមើលឃើញខាងក្រៅ ឃើញព្រះអាទិត្យ ហើយខ្ញុំគ្រាន់តែកាន់ដៃគាត់។ អ្វីដែលគាត់និយាយច្បាស់ៗចុងក្រោយគឺ ‘កុំឱ្យគេនិយាយថាពួកឆ្កែទាំងនោះបានសម្លាប់ខ្ញុំឡើយ’។”
Redneck និយាយថា Ford បានសម្តែងអារម្មណ៍ដែលទូទៅក្នុងចំណោមអ្នកប្រយុទ្ធបរទេស។
ការចងចាំដ៏ច្បាស់បំផុតរបស់គាត់អំពី Ford គឺឧបករណ៍បំពងសំឡេងពណ៌ខៀវតូចមួយដែលគាត់តែងតែយកជាប់ខ្លួន ដែលគាត់តែងតែបញ្ចាំងបទចម្រៀងរបស់សិល្បករចក្រភពអង់គ្លេស Artemas ដែលមានចំណងជើងថា “I like the way you kiss me”។ “គាត់តែងតែបញ្ចាំងភ្លេង និងរាំជុំវិញឧបករណ៍បំពងសំឡេងនោះ” គាត់និយាយ។
គាត់និយាយថា ឱកាសរស់រានមានជីវិតរបស់អ្នកប្រយុទ្ធស្ម័គ្រចិត្តបរទេសនៅសមរភូមិមុខ អាស្រ័យលើកម្រិតបទពិសោធន៍របស់ពួកគេ ប៉ុន្តែក៏អាស្រ័យលើភារកិច្ចដែលបានប្រគល់ឱ្យដោយកងពលដែលពួកគេចូលរួមផងដែរ។ ខណៈពេលដែលមន្ត្រីខ្លះផ្តល់ភារកិច្ចស្មើគ្នាដល់ជនបរទេស និងជនជាតិអ៊ុយក្រែន គាត់និយាយថា អ្នកផ្សេងទៀត “នឹងក្បត់អ្នក ហើយធ្វើឱ្យអ្នកស្លាប់យ៉ាងឆាប់រហ័ស”។
គាត់បានស្តីបន្ទោសការបាត់បង់នៅក្នុងកងពលរបស់គាត់ទៅលើ “មន្ត្រីអាក្រក់ម្នាក់… ដែលមិនពិតជាឃើញភាពខុសគ្នារវាងមនុស្សម្នាក់ៗទេ។ វាគ្រាន់តែជាសាច់សម្រាប់ម៉ាស៊ីនកិន ហើយគាត់គ្រាន់តែបញ្ជូនអ្នកណាក៏បានដែលគាត់អាចរក”។
“នៅពេលនេះ អ្នកមិនអាចនិយាយថាវាមិនមែនជាការប្រយុទ្ធរបស់អាមេរិកទេ” គាត់និយាយ។ អ្នករិះគន់សង្គ្រាម “កំពុងព្យាយាមនិយាយថា ‘នេះជាបញ្ហារបស់អ៊ុយក្រែន។ បើយើងអាចធ្វើឱ្យមានសន្តិភាពឥឡូវនេះ យើងនឹងមិនចាំបាច់ដោះស្រាយរឿងនេះទេ’។ ការពិតគឺថា វានឹងមិនឈប់ទេ” Redneck បន្ថែម។
Redneck ដែលនិយាយពីសហរដ្ឋអាមេរិក បានឱ្យដឹងថា អង្គភាពរបស់គាត់ត្រូវបានជម្លៀសចេញពីតំបន់នោះ ហើយក្រោយមកគាត់បានឃើញវីដេអូដ្រូនថតសាកសពរបស់ Ford និង Gunther។ តំបន់ដែលពួកគេបានប្រយុទ្ធឥឡូវស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ដំណើរការនៃការទាញយកសាកសពពីខ្សែសមរភូមិមុខគឺពិបាក និងពោរពេញដោយអារម្មណ៍។ អតីតនាវិកជើងទឹកអាមេរិក Corey Nawrocki អាយុ៤១ឆ្នាំ មកពីរដ្ឋ Pennsylvania បានស្លាប់ក្នុងការប្រយុទ្ធនៅតំបន់ Bryansk របស់រុស្ស៊ីកាលពីខែតុលា។
សាកសពរបស់គាត់ត្រូវបានទាហានរុស្ស៊ីបង្ហាញនៅលើ Telegram ប៉ុន្តែបន្ទាប់ពីការចរចាស្មុគស្មាញ គាត់គឺជាម្នាក់ក្នុងចំណោមសាកសពជិត៨០០ដែលរុស្ស៊ីបានប្រគល់ឱ្យអ៊ុយក្រែនវិញកាលពីថ្ងៃសុក្រ ដូចគ្នានឹងជនជាតិអាមេរិកម្នាក់ទៀតដែលបាត់ខ្លួនដែរ។
ម្តាយរបស់គាត់ Sandy Nawrocki បានយំខណៈពេលដែលគាត់ពិពណ៌នាពីអារម្មណ៍ “ខ្យល់កួចចុះឡើង — ការធូរស្បើយ ប៉ុន្តែក៏មានការក្រៀមក្រំ។ ទម្ងន់មួយត្រូវបានដកចេញពីស្មារបស់ខ្ញុំ ព្រោះឥឡូវនេះខ្ញុំលែងបារម្ភអំពីអ្វីដែលពួកគេអាចធ្វើចំពោះគាត់នៅទីនោះទៀតហើយ”។
នាងបានពិពណ៌នាអំពី Nawrocki ជាអតីតយុទ្ធជននាវិកជើងទឹកអស់រយៈពេលពីរទសវត្សរ៍ដែលបានបម្រើការនៅអ៊ីរ៉ាក់៦លើក និងនៅអាហ្វហ្គានីស្ថាន២លើក ថាជា “មនុស្សឆ្លាតវៃ” ដែលចូលចិត្តធ្វើឱ្យនាងសើច ហើយត្រូវបានជំរុញឱ្យប្រយុទ្ធនៅអ៊ុយក្រែនដោយសារតែផលប៉ះពាល់ដែលគាត់បានឃើញលើជនស៊ីវិល។
“មនុស្សស្លូតត្រង់ត្រូវបានសម្លាប់ ទារកត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ” នាងនិយាយ។ “ខ្ញុំគិតថាវាពិតជាធ្វើឱ្យគាត់រំខាន”។
Nawrocki បានស្លាប់បន្ទាប់ពីត្រូវបាញ់ខណៈពេលព្យាយាមជួយមិត្តរួមការងារម្នាក់ដែលរងរបួស នេះបើតាមការប្រាប់ដល់ម្តាយរបស់គាត់។
រូបភាពសាកសពនិងអាវុធរបស់គាត់ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមរុស្ស៊ី ហើយនាងនិយាយថា អាសយដ្ឋាននិងវីដេអូផ្ទះរបស់នាងក៏ត្រូវបានបង្ហោះដែរ។ នៅពេលនាងព្យាយាមជូនដំណឹងដល់មិត្តនាវិកជើងទឹករបស់ Nawrocki តាមបណ្តាញសង្គមអំពីការស្លាប់របស់គាត់ អ្នកប្រើប្រាស់អ៊ីនធឺណិតគាំទ្ររុស្ស៊ី “បានបង្ហោះមតិអាក្រក់ៗទាំងនេះ និងរូបញញឹម” នាងនិយាយ។
នាងមិនចង់ឱ្យកូនប្រុសរបស់នាងទៅអ៊ុយក្រែនទេ ប៉ុន្តែនេះគឺជា “សង្គ្រាមដែលគ្មានការញុះញង់” នាងនិយាយ។ “នេះជាសង្គ្រាមរបស់យើងទាំងអស់គ្នា។ ប្រសិនបើរុស្ស៊ីឈ្នះ ឈ្នះលើអ៊ុយក្រែន នោះវាប៉ះពាល់ដល់ប្រទេសប៉ូឡូញ វាប៉ះពាល់ដល់ប្រទេសអឺរ៉ុបទាំងអស់។”
ការដឹកជញ្ជូនសាកសពជនជាតិអាមេរិកត្រឡប់មកវិញ គឺជាការបញ្ចប់នៃដំណើរស្មុគស្មាញ និងពោរពេញដោយអារម្មណ៍សម្រាប់អ្នកដែលពាក់ព័ន្ធ។ Lauren Guillaume ជាជនជាតិអាមេរិកដែលរស់នៅក្នុងទីក្រុងគីវ និងធ្វើការឱ្យអង្គការមិនរកប្រាក់កម្រៃ RT Weatherman Foundation ជួយគ្រួសារបរទេសក្នុងការស្វែងរកអ្នកជាទីស្រឡាញ់របស់ពួកគេ ជារឿយៗតាមរយៈការស្រាវជ្រាវនៅតាមកន្លែងរក្សាសាកសពជាមួយអ្នកស៊ើបអង្កេតជនជាតិអ៊ុយក្រែនរបស់មូលនិធិ គឺ Iryna Khoroshayeva។
ការកំណត់អត្តសញ្ញាណវិជ្ជមានអាចធ្វើទៅបានតាមរយៈការរួមបញ្ចូលគ្នានៃវិធីសាស្ត្រកំណត់អត្តសញ្ញាណដោយមើល និងការធ្វើតេស្ត DNA នេះបើតាម Guillaume។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ការងារកំណត់អត្តសញ្ញាណអ្នកស្លាប់កាន់តែស្មុគស្មាញនៅពេលដែលសាកសពត្រូវបានប្រគល់មកវិញពីខាងរុស្ស៊ី។ “បន្ទាប់ពីការដោះដូរសាកសព យើងអាចទទួលបានថង់មួយដែលមានសំណល់សាកសព១០ដែលជាកម្មសិទ្ធិរបស់មនុស្សផ្សេងគ្នា” នេះបើតាម Artur Dobroserdov ប្រធានគណៈកម្មការអ៊ុយក្រែនទទួលបន្ទុកជនបាត់ខ្លួនក្រោមក្រសួងមហាផ្ទៃ។
Dobroserdov បានបញ្ជាក់ថា ជនជាតិអាមេរិកជាង២០នាក់បានបាត់ខ្លួននៅក្នុងសមរភូមិ ហើយនិយាយថា ពួកគេអាចប្រគល់ផ្នែកណាមួយនៃសាកសពសម្រាប់ការដឹកជញ្ជូនត្រឡប់បានលុះត្រាតែពួកគេបានកំណត់អត្តសញ្ញាណទាំងអស់រួចរាល់ ដោយសារពួកគេមិនចង់ឱ្យគ្រួសារបញ្ចុះសពតែផ្នែកមួយនៃអ្នកជាទីស្រឡាញ់របស់ពួកគេ ហើយក្រោយមកទើបទទួលបានសំណល់សាកសពបន្ថែមទៀត។
ករណីដំបូងមួយដែល Guillaume អាចជួយបានគឺករណីរបស់អតីតទាហានអាមេរិក Cedric Hamm មកពីរដ្ឋតិចសាស់ ដែលត្រូវបានសម្លាប់នៅតំបន់ព្រំដែនភាគខាងជើង Sumy កាលពីខែមីនា។ គ្រួសាររបស់ Hamm អាចកំណត់អត្តសញ្ញាណរូបសាក់ដ៏ពិសេសដែលរួមបញ្ចូលគ្នារវាងសិល្បៈ Aztec និងយោធាអាមេរិក នៅលើរាងកាយរបស់គាត់ តាមរយៈវីដេអូផ្សាយផ្ទាល់ដែល Guillaume បានរៀបចំពីកន្លែងរក្សាសាកសព។ សាកសពត្រូវបានដឹកជញ្ជូនត្រឡប់ទៅទីក្រុងសាន់អាន់តូនីញ៉ូក្នុងខែធ្នូ។
“ខ្ញុំមានមោទនភាពណាស់ចំពោះកូនប្រុសរបស់ខ្ញុំ” នេះជាសម្តីរបស់ម្តាយរបស់គាត់ Raquel Hamm ដែលនិយាយថា គាត់បានប្រយុទ្ធនៅអ៊ុយក្រែនដោយសារគាត់ចង់ប្រើប្រាស់អតីតភាពយោធារបស់គាត់ដើម្បីធ្វើដំណើរ។ “ភាពស្ងប់ស្ងៀមរបស់គាត់ រហូតដល់នាទីចុងក្រោយ” បានធ្វើឱ្យនាងមានការភ្ញាក់ផ្អើល នាងនិយាយ ដោយពណ៌នាពីរបៀបដែលនាងត្រូវបានប្រាប់ថា “គាត់បានជួយសង្គ្រោះបុរសវ័យក្មេងម្នាក់ទៀត” ក្នុងអំឡុងពេលប្រយុទ្ធដែលបានសម្លាប់គាត់។
“ការរំពឹងទុករបស់ខ្ញុំ ដោយស្មោះត្រង់ គឺថាកូនប្រុសរបស់ខ្ញុំនឹងមិនត្រូវបានរកឃើញឡើយ” Hamm និយាយ។ “កូនប្រុសរបស់ខ្ញុំបានបង់ថ្លៃខ្ពស់បំផុតនៅលើសមរភូមិដើម្បីសេរីភាពអ៊ុយក្រែន ហើយរឿងនេះនឹងនៅជាមួយខ្ញុំជារៀងរហូត។ កូនរបស់ខ្ញុំមិនបានស្លាប់ឥតប្រយោជន៍ទេ។”
“គាត់គឺជាមនុស្សដែលគិតពីអ្នកដទៃ” នេះជាសម្តីរបស់អ្នកប្រយុទ្ធជនជាតិអាមេរិកម្នាក់ទៀតដែលរងរបួសក្នុងការប្រយុទ្ធដែលបានសម្លាប់ Cedric Hamm ដែលនិយាយជាមួយ CNN ពីសហរដ្ឋអាមេរិកដែលគាត់កំពុងជាសះស្បើយ។ គាត់បានស្នើសុំឱ្យគេហៅគាត់តាមឈ្មោះក្លែងក្លាយថា Mitchell ដោយហេតុផលសន្តិសុខ។
Guillaume និយាយថា ជនបរទេសអាចត្រូវបានប្រកាសថាស្លាប់តាមរយៈការបញ្ជាក់ផ្ទាល់ ដូចជាការធ្វើតេស្ត DNA លើសំណល់សាកសពរបស់ពួកគេ ឬតាមរយៈសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់នៃការស្លាប់របស់ពួកគេ។ “វាត្រូវការពេលវេលា” នាងនិយាយ។ នៅខែមីនា អង្គការរបស់នាងមានករណី១៦។ ឥឡូវនេះ វាកំពុងដោះស្រាយករណីជនបរទេស៨៨នាក់ដែលស្លាប់ឬបាត់ខ្លួន មកពី១៨សញ្ជាតិ — ពាក់កណ្តាលជាជនជាតិអាមេរិក។ “ភាគច្រើននៃករណីទាំងនោះគឺជាករណីបាត់ខ្លួនក្នុងសមរភូមិ” នាងនិយាយ។
ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងចំណោមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកនៅអ៊ុយក្រែននៅតែមិនច្បាស់លាស់ នេះបើតាម Guillaume។
នាងជឿថា ចំនួនអ្នកស្លាប់និងបាត់ខ្លួនដែលកើនឡើងនេះ បណ្តាលមកពីជនបរទេសត្រូវបានបញ្ជូនទៅកាន់តំបន់សមរភូមិមុខដ៏លំបាក ដែលត្រូវការបទពិសោធន៍យោធាពីមុនរបស់ពួកគេ។ “យើងឃើញថា អ្នកប្រតិបត្តិការបរទេសពិតជាបំពេញចន្លោះខ្វះខាតនៃប្រតិបត្តិការដែលមានគ្រោះថ្នាក់ខ្ពស់ ប៉ុន្តែផលចំណេញក៏ខ្ពស់ដែរ។ ជីវិតនិងការពលិកម្មរបស់ពួកគេមិនមែនឥតប្រយោជន៍ទេ៕”
កែសម្រួលរួច