ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតឈ្មោះ«ទឹកស្អាតភូមិយើង»ដែលមានទីតាំងស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ផ្តល់សេវាប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងមានស្តង់ដារសុវត្ថិភាព ពោលគឺក្រុមហ៊ុនចាំបាច់ ត្រូវពង្រីកបណ្តាញបន្ថែមដោយទាញយកប្រភពទឹកពីទន្លេមេគង្គ ចៀសវាងការទាញបូមយកទឹកនៅតាមខ្ពបបន្តទៀត។
ការជំរុញរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម បែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះពិនិត្យសេវាករទឹកស្អាត និងបើកកិច្ចប្រជុំ នៅសាលាឃុំព្រែកដំបូក ស្រុកស្រីសន្ធរ កាលពីថ្ងៃទី ៣០ មករាកន្លងទៅនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ការធ្វើរបស់អ្នកផលិតទឹកស្អាតនៅឃុំព្រែកដំបូករយៈពេលជាង១០ ឆ្នាំកន្លងមកនេះគឺធ្វើសកម្មភាពធាក់ថយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋបានបោះឆ្នោតឱ្យ។ ហើយយើងជាមន្រ្តីទទួលបន្ទុកត្រូវមានការទទួលខុសត្រូវចំពោះការអនុវត្តនានា។ ពិសេសបញ្ហាទឹកស្អាតនៅឃុំព្រែកដំបូកនេះ បានកើតឡើងដដែលៗនៅរដូវប្រាំង ជាខែបុណ្យទាន គឺមានបញ្ហាហើយដែលបង្កើតឱ្យចរន្តដឹកទឹកលក់តាមភូមិ និងបណ្តាទីប្រជុំជន។
ឯកឧត្តមបានបន្ថែមថា៖ សូមឱ្យអភិបាលស្រុកស្រីសន្ធរ និងអាជ្ញាធរពាក់ព័ន្ធឃុំទាំង ៥ ដែលពាក់ព័ន្ធសហការគ្នាដោះស្រាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ គឺក្រុមហ៊ុនចែកចាយទឹកស្អាត ត្រូវបន្តសុពលភាពតាមកិច្ចសន្យា។ ជាវិធានការយើងទុកពេលឱ្យខាងក្រុមហ៊ុនរយៈពេលបីខែ ដើម្បីពង្រឹងវិសាលភាព គុណភាព នៃការផ្គត់ផ្គង់ទឹកស្អាតនេះជូនប្រជាពលរដ្ឋ។ ផ្ទុយមកវិញក្រោយបីខែបើគ្មានការរីកចម្រើន ឬប្រសើរនោះទេ សេវាករនៃម្ចាស់ក្រុមហ៊ុនត្រូវគិតគូរពីយុទ្ធសាស្រ្តនៃការដកខ្លួន តើរកដៃគូមកបន្ត លក់ឱ្យផ្ទេរយ៉ាងណា?
ឯកឧត្តមបានបន្តថា៖ ដោយឡែកខាងសេវាករដែលបានបូមទឹកតាមខ្ពបដាក់ចូលក្នុងអាងចម្រោះ ចែកចាយឱ្យគាត់ជាប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាទឹកគ្មានគុណភាព គ្មានសុវត្ថិភាព ពួកគាត់(ប្រជាពលរដ្ឋ)ទទួលយកមិនបានទេ។ ករណីនេះស្នើឱ្យសេវាករពង្រីកបណ្តាញបន្ថែមបូមពីទន្លេមេគង្គមក និងមួយទៀតតបណ្តាញបន្ថែមតាមផ្ទះប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា៕