ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីលោក គង់ រតនា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះបានសម្រេចឃាត់ខ្លួនបុរសចំនួនបីនាក់បានរួមគំនិតគ្នាប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាត,លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅព្រឹកថ្ងៃទី ៣១ មករានេះ។
ប្រភពព័ត៌មានពីស្រុកមេមត់បានឱ្យដឹងថា៖ ដើមហេតុដែលបណ្តាលឱ្យមានការឃាត់ខ្លួនបុរសបីនាក់នោះ កាលពីយប់ថ្ងៃទី៣០ មករា នៅចំណុចចម្ការកៅស៊ូរបស់ឈ្មោះ ឆាក់ វិចិត្រ ភេទប្រុស ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប៉ុនប៉ងឃាតកម្ម ,លួចមានស្ថានទម្ងន់ទោស (ជ័រកៅស៊ូ) និងប្រើប្រាស់អាវុធខុសច្បាប់មួយកើតឡើងបង្កឡើងដោយក្រុមជនសង្ស័យ៣នាក់៖ ១.ឈ្មោះ ប្រុន ធុល អាយុ៣០ឆ្នាំ,២.ឈ្មោះ ប្រុន ហើម អាយុ២៥ឆ្នាំ និង៣.ឈ្មោះ ប្រុន ផេ អាយុ២១ឆ្នាំ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នាជាបងប្អូនបង្កើត បានធ្វើសកម្មភាពចូលលួចជ័រកៅស៊ូរបស់ជនរងគ្រោះឈ្មោះ ឆាក់ វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ។ ពេលកំពុងធ្វើសកម្មភាពត្រូវជនរងគ្រោះមកទាន់ ហើយក្រុមជនសង្ស័យយកកាំភ្លើងស្នប់(កាំភ្លើងកែច្នៃ)បាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់តែមិនត្រូវ ហើយគេចខ្លួនបាត់។
ប្រភពព័ត៌មានបានបន្តថា៖ ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ និងកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ហៅនាំជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុកកាំភ្លើងស្នប់(កាំភ្លើងកែច្នៃ)ចំនួន១ដើម និងកាំបិតផ្គាក់ចំនួន១ដើម បាននៅចំណុចភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចាត់ការតាមនីតិវិធី៕