ព័ត៌មានជាតិ

ត្រៀមស្តារប្រឡាយចាស់ប្រវែង៤០គីឡូម៉ែត្រដើម្បីត្រងយកទឹកភ្លៀងជួយស្តុកទុកទឹកស្រោចស្រពស្រូវរដូវប្រាំង១ម៉ឺនហិកតានៅឃុំខ្លះក្នុងស្រុកមង្គលបូរី

ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោករដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ បានជួបពិភាក្សានៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ប្រវែង៤០គីឡូម៉ែត្រ ដើម្បីត្រងយកទឹកភ្លៀងសម្រាប់បម្រុងជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ១ម៉ឺនហិកតា គឺអាចនៅផ្នែកនៃវាលស្រែក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ស្រុកមង្គលបូរី ពោលគឺឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កុំឲ្យខ្វះខាតដូចដែលមានឡើងរាល់ៗឆ្នាំ។

ករណីនេះ  លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានលើកពីគម្រោងប្រព័ន្ធធារាសាស្ត្រចាស់ ថ្មីនៅភូមិសាស្ត្រស្រុកមង្គលបូរី។ក្នុងនោះក៏មានប្រឡាយក្តាន់ ដែលជាប្រឡាយមេដ៏ធំដែលសាងសង់រួចជាច្រើនឆ្នាំមកហើយ ដែលជួយរំដោះទឹកជំនន់និងជួយយកប្រភពទឹករដូវវស្សាពីស្ទឹងបវេលខេត្តបាត់ដំបងនិងស្ទឹងមង្គលបូរីខេត្តបន្ទាយមានជ័យមកស្រោចស្រពវាលស្រែរបស់កសិករនៅស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ ។ប៉ុន្តែ នៅរដូវប្រាំង  បរិមាណផ្ទៃដីធ្វើស្រូវប្រាំងរបស់កសិករច្រើនលើសកម្រិតដែលទឹកអាចផ្គត់ផ្គង់បាន  ទើបបង្កឲ្យខ្វះទឹកស្ទើររាល់ឆ្នាំ ។

ចំណែកលោកឃ្លោក នូយ អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី៣០ខែមករាថា: ការចង់ស្តារប្រឡាយប្រវែង៤០គីឡូម៉ែត្រនោះ មិនមែនសម្រាប់នាំទឹកមកសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះខាតទឹកនារដូវប្រាំងឆ្នាំ២០២៥ នេះទេ។ បើគម្រោងនេះអាចធ្វើបានមែន គឺសម្រាប់បង្រុងទុកសម្រាប់ឆ្នាំក្រោយៗប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា កាលពីពេលនោះដែរ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ អមដំណើរដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានទៅជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយបូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំតំណាងសហគមន៍និងប្រជាកសិករប្រមាណ​២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ៕