កីឡា

អាតេតា ពេញចិត្តនឹងការលេងរបស់កីឡាករវ័យក្មេង ណ្វានេរី ក្រោយឈ្នះហ្សីរ៉ូណា

ប្រែសម្រួល៖តារា

គ្រូបង្វឹកក្លិបអាសេណល មីកែល អាតេតា បានសរសើរកីឡាករខ្សែបម្រើ អេថាន ណ្វានេរី ក្រោយពីកីឡាករវ័យ១៧ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អម្តងទៀត ដោយជួយក្រុមឈ្នះកៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក្រោយឈ្នះក្រុមហ្សីរ៉ូណា។

ក្លិបមកពី Premier League បានត្រឡប់ពីស្ថានភាពត្រូវគេនាំមុខមួយគ្រាប់ ទៅឈ្នះហ្សីរ៉ូណា ២-១ ដោយសារគ្រាប់បាល់ជ័យជម្នះរបស់ ណ្វានេរី នៅនាទីទី៤២ នៅកីឡដ្ឋាន Montilivi កាលពីថ្ងៃពុធ។ នេះជាការចាប់ផ្តើមដំបូងរបស់គេនៅក្នុង Champions League។

ណ្វានេរី ដែលបានចូលរួមជាមួយអាសេណាល់តាំងពីអាយុ៨ឆ្នាំ បន្តបង្ហាញទម្រង់លេងល្អ ចាប់តាំងពី ប៊ូកាយ៉ូ សាកា រងរបួសសាច់ដុំភ្លៅកាលពីចុងខែធ្នូ។

“នេះហើយជាអ្វីដែលយើងចូលចិត្តអំពីគេ គេមានឆន្ទៈក្នុងការផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យមានការប្រែប្រួល” អាតេតា បានប្រាប់អ្នកកាសែត។

“គេមានភាពក្លាហានណាស់នៅពេលមានបាល់ និងមានទំនុកចិត្តខ្លាំង ព្រោះមុននោះគេមានសកម្មភាពមួយទៀត ស្រដៀងគ្នាខ្លាំង គេធ្វើការសម្រេចចិត្តត្រឹមត្រូវ គេប្តូរទៅមុខ។ គេមានសមត្ថភាពស៊ុតបញ្ចូលទីពីគ្រប់មុំ ហើយវាជាគ្រាប់បាល់សំខាន់ណាស់។”

“វាជាធម្មជាតិសម្រាប់គេ អ្នកអាចឃើញរបៀបដែលគេប៉ះបាល់ របៀបដែលគេឆ្លងកាត់អ្នកការពារ និងបច្ចេកទេសដែលគេមាន គេមានភាពច្បាស់លាស់ក្នុងការស៊ុតបញ្ចូលទី ដាក់គេនៅក្នុងស្ថានភាពបែបនោះច្រើនដង លទ្ធផលនឹងល្អ។”

ប៉ុន្តែ អាតេតា នៅតែមិនចង់និយាយច្រើនអំពីរបួសរបស់អ្នកចាំទីជម្រើសទី១ ដេវីដ រ៉ាយ៉ា ដែលមិនបានចូលលេងប្រឆាំងហ្សីរ៉ូណា ដោយអ្នកចាំទីជនជាតិប្រេស៊ីល ណេតូ បានធ្វើការបង្ហាញខ្លួនលើកដំបូងឱ្យក្រុមមកពីភាគខាងជើងក្រុងឡុងដ៍ ក្នុងអវត្តមានអន្តរជាតិអេស្ប៉ាញរូបនេះ។

អាសេណាល់នឹងត្រូវទទួលក្រុមមេនឆេស្ទ័រ ស៊ីធី ដែលឈរនៅលេខ៤ នៅក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ។ ក្រុមរបស់ អាតេតា កំពុងឈរនៅលេខ២ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមនាំមុខ លីវ៉ឺផូល ៦ពិន្ទុ ដោយបានលេងច្រើនជាងមួយប្រកួត។

“គេ (រ៉ាយ៉ា) ពិតជាមិនអាចលេងបាន គេរងរបួស នោះហើយ។ សូមមើលថាស្ថានភាពនឹងទៅជាយ៉ាងណា” អាតេតា បាននិយាយ៕

ប្រភព៖ Reuters