ព័ត៌មានជាតិ

ជួបជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយបូមទឹកនៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ អមដំណើរដោយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានទៅជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយបូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។

លោករដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ​២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។

លោករដ្ឋមន្ត្រី បានទទួលនូវសំណើរបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បន្ថែមលើនោះ លោកបានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត» ហើយក៏បានលើកឡើងពីសារប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។

បើតាមលោករដ្ឋមន្ត្រី  សហគមន៍កសិកម្មទំនើបនេះនឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

នាឱកាសនោះ​  ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ៕