សន្ដិសុខសង្គម

កម្លាំងនគរបាលជាង១០០នាក់, រថយន្តទឹក៤គ្រឿង ទៅជួយពន្លត់ករណីអគ្គិភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត 

ដោយ : បន្ទាយ

បន្ទាយមានជ័យ: សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតនៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥  ទំនងជាចង់ប្រតិកម្មតបថា ករណីអគ្គិភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត មិនមែនពលរដ្ឋច្រកថង់ទឹកគប់អាចពន្លត់ភ្លើងឆេះដ៏សន្ធោសន្ធៅនោះទេ ។

តែតាមពិតនិងសមហេតុផលគឺកម្លាំងនគរបាលជាង១០០នាក់,រថយន្តទឹក៤គ្រឿងទៅជួយពន្លត់ និងក៏មានកម្លាំង មន្ត្រីអាជ្ញាធរ អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើនទៀតបានជួយយ៉ាងសស្រោកសស្រាំផងដែរ ។

សូមរំលឹកថា ករណីអគ្គិភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត ស្ថិតនៅប្លុកកាស៊ីណូ ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ថ្ងៃទី២៨ ឈានចូល២៩ ខែមករា ឆ្នាំ២០២៥ គឺបណ្ដាលឱ្យឆាបឆេះតូបនិងទំនិញលក់ដូររបស់អាជីវករអស់ចំនួន៣ តូប។

ខណ:នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន៤គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ រហូតដល់វេលាម៉ោង ២៤និង៥០នាទី ទើបអាចគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា : ករណីអគ្គិភ័យឆាបឆេះផ្សារត្រី បានបណ្ដាលឲ្យឆេះអស់ទាំងស្រុងតូបលក់ទំនិញអស់ចំនួន ៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាប់ហួយ១ និងតូបលក់ខោអាវ១​ ។

លោកអធិការ ព្រហ្ម ពិសិដ្ឋ បានបន្តថា: ទោះជាយ៉ាងណាក៏ដោយ អគ្គិភ័យនោះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ៕