អន្តរជាតិ

អគ្គិភ័យនៅលើយន្តហោះនៅកូរ៉េខាងត្បូងបណ្តាលឱ្យមនុស្សប្រាំពីរនាក់រងរបួស

ប្រែសម្រួល៖ ស-សម្បត្តិ

ទីក្រុងសេអ៊ូល៖ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃពុធ(២៩ មករា) ថា មនុស្សប្រាំពីរនាក់បានរងរបួសស្រាលភាគច្រើននៅក្នុងឧប្បត្តិហេតុភ្លើងឆេះយន្តហោះនៅថ្ងៃអង្គារ នៅប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា អគ្គិភ័យនេះអាចបណ្តាលមកពីថ្មពិលចល័តដែលត្រូវបានទុកដាក់នៅក្នុងត្រកដាក់អីវ៉ាន់ពីលើក្បាល។

យន្តហោះរបស់ក្រុមហ៊ុន Air Busan ដែលជាប្រភេទ Airbus A321 ត្រូវហោះហើរទៅកាន់ហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ Gimhae នៅភាគអាគ្នេយ៍ក្រុងបូសាន ប៉ុន្តែបានឆាបឆេះនៅផ្នែកខាងក្រោយកាលពីយប់ថ្ងៃអង្គារ បើតាមក្រសួងដឹកជញ្ជូន។

អ្នកដំណើរចំនួន ១៦៩នាក់ និងអ្នកបម្រើលើយន្តហោះព្រមទាំងបុគ្គលិកចំនួន ៧នាក់ត្រូវបានជម្លៀសចេញតាមជណ្តើរប៉ោងដែលអាចបញ្ចុះឡើង។

ដំបូងឡើយ អាជ្ញាធរបានរាយការណ៍ថាមានអ្នករងរបួសបីនាក់ ប៉ុន្តែបានកែប្រែចំនួននេះទៅជាប្រាំពីរនាក់នៅថ្ងៃពុធ។ ក្រសួងបានបន្ថែមថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ឧប្បត្តិហេតុនេះបានបណ្តាលឱ្យឆេះស្ទើរតែពាក់កណ្តាលនៃតួយន្តហោះ ប៉ុន្តែស្លាប និងម៉ាស៊ីនទាំងសងខាងមិនខូចខាតទេ។ ក្រសួងបានបន្ថែមថា មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។

អ្នកនាំពាក្យក្រសួងបានប្រាប់ AFP ថា “យើងមិនច្បាស់ថាតើពេលណាយើងនឹងអាចបង្ហាញលទ្ធផលនៃការស៊ើបអង្កេតអំពីមូលហេតុនៃអគ្គិភ័យកាលពីយប់មិញនោះទេ”។

រូបភាព និងវីដេអូដ៏គួរឱ្យតក់ស្លុតពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីយប់ថ្ងៃអង្គារបានបង្ហាញពីយន្តហោះត្រូវបានភ្លើងឆេះសន្ធោសន្ធៅ ដោយមានផ្សែងក្រាស់ហាក់ដូចជាហុយចេញពីខាងក្នុងយន្តហោះ។

រូបភាពពីព្រឹកថ្ងៃពុធបានបង្ហាញថា ពាក់កណ្តាលខាងលើនៃតួយន្តហោះត្រូវបានឆេះខូច ដោយបន្សល់ទុកប្រហោងធំមួយ។

ខណៈដែលក្រសួងមិនបានផ្តល់យោបល់អំពីមូលហេតុដែលអាចបណ្តាលឱ្យមានអគ្គិភ័យ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា អណ្តាតភ្លើងបានចាប់ផ្តើមរាលដាលបន្ទាប់ពីផ្សែងខ្មៅចេញពីត្រកដាក់អីវ៉ាន់ពីលើក្បាលនៅជួរកៅអីខាងក្រោយ។

កាសែតក្នុងស្រុក JoongAng Ilbo បានរាយការណ៍ដោយដកស្រង់សម្តីមនុស្សម្នាក់ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Air Busan ដែលសុំមិនបញ្ចេញឈ្មោះថា “ហាក់បីដូចជាអគ្គិភ័យបានផ្ទុះឆេះនៅពេលដែលថ្មពិលចល័តរបស់អ្នកដំណើរម្នាក់ដែលត្រូវបានទុកដាក់នៅក្នុងត្រកដាក់អីវ៉ាន់ពីលើក្បាលជាសម្ភារយកតាមខ្លួន ត្រូវបានសង្កត់”។

អ្នកដំណើរម្នាក់បានរៀបរាប់ដូចដែលបានដកស្រង់ដោយទីភ្នាក់ងារ Yonhap ថា “នៅពេលដែលផ្សែងបានពេញក្នុងយន្តហោះ អ្នកដំណើរម្នាក់ដែលអង្គុយនៅជិតច្រកសង្គ្រោះបន្ទាន់បានបើកទ្វារ ហើយអ្នកបម្រើលើយន្តហោះបានបើកទ្វារម្ខាងទៀត ដែលអនុញ្ញាតឱ្យអ្នកផ្សេងទៀតចាប់ផ្តើមជម្លៀសខ្លួន”។

“វាជា… ស្ថានភាពច្របូកច្របល់ និងគួរឱ្យភ័យខ្លាច”។

កូរ៉េខាងត្បូងបានជួបប្រទះគ្រោះថ្នាក់អាកាសចរណ៍ដ៏អាក្រក់បំផុតនៅលើទឹកដីរបស់ខ្លួនកាលពីខែមុន នៅពេលដែលយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air ដែលហោះហើរពីប្រទេសថៃទៅកាន់ក្រុង Muan កាលពីថ្ងៃទី២៩ ខែធ្នូ បានធ្លាក់ចុះ និងផ្ទុះជាបន្ទុះភ្លើង បន្ទាប់ពីបុកជាមួយរបាំងបេតុង។

គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ១៧៩នាក់ ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកសរុប ១៨១នាក់នៅលើយន្តហោះ។

រដ្ឋមន្រ្តីដឹកជញ្ជូន លោក ផាក សាងវូ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា “បន្ទាប់ពីសោកនាដកម្មយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Jeju Air គ្រោះថ្នាក់អាកាសចរណ៍បន្ថែមមួយទៀតបានកើតឡើង ហើយយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកដំណើរនៅលើយន្តហោះ និងសាធារណជន”៕

ប្រភព៖ AFP/lh