អន្តរជាតិ

រដ្ឋាភិបាលត្រាំផ្តល់កញ្ចប់ការងារឈប់សម្រាប់មន្ត្រីសហព័ន្ធ

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ (ថ្ងៃទី២៨ ខែមករា) បានផ្តល់ឱកាសឱ្យមន្ត្រីសហព័ន្ធអាចលាឈប់ពីការងាររបស់ខ្លួន ដោយទទួលបានប្រាក់បំណាច់រយៈពេល៨ខែ យោងតាមអនុស្សរណៈដែលផ្ញើទៅបុគ្គលិក ហើយដែល AFP បានឃើញ។

សំណើនេះ ដែលត្រូវបានសរសើរដោយទីប្រឹក្សារបស់លោកត្រាំ គឺលោក អេឡុន ម៉ាស្ក នៅក្នុងការបង្ហោះមួយនៅលើបណ្តាញ X ថាជា “ចំណុចប្រសព្វប្រវត្តិសាស្ត្រ” ត្រូវបានផ្ញើទៅមន្ត្រីសហព័ន្ធទាំងអស់ចំនួន២លាននាក់ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

សំណើនេះគឺជាចលនាដ៏ធំបំផុតប្រឆាំងនឹងការចំណាយរបស់សហព័ន្ធ ចាប់តាំងពីលោកត្រាំចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់បានប្រាប់ NBC News ថា ពួកគេរំពឹងថានឹងមានមន្ត្រីសហព័ន្ធចន្លោះពី៥ទៅ១០ភាគរយនឹងលាឈប់ និងធានាបាននូវការសន្សំប្រមាណ១០០ប៊ីលានដុល្លារអាមេរិក។

យោងតាមអ៊ីមែល រយៈពេលនៃការលាឈប់នឹងចាប់ផ្តើមពីថ្ងៃអង្គារ និងបន្តរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ។

ជំហាននេះធ្វើឡើងបន្ទាប់ពីបទបញ្ជារបស់លោកត្រាំឱ្យមន្ត្រីសហព័ន្ធទាំងអស់ត្រឡប់មកធ្វើការនៅការិយាល័យពេញម៉ោងវិញ បន្ទាប់ពីបានទទួលឯកសិទ្ធិធ្វើការពីផ្ទះអស់រយៈពេលប៉ុន្មានឆ្នាំ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។

អ៊ីមែលនេះមានលក្ខណៈស្រដៀងនឹងសារដែលបានផ្ញើទៅនិយោជិត Twitter នៅពេលដែលក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយលោកម៉ាស្កនៅចុងឆ្នាំ២០២២ ដោយស្នើឱ្យឆ្លើយតបតាមអ៊ីមែលប្រសិនបើពួកគេចង់បន្តនៅក្នុងក្រុមហ៊ុនដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា X។

មន្ត្រីសហព័ន្ធដែលមានបំណងទទួលយកការស្នើនេះនៅថ្ងៃអង្គារ ត្រូវបានស្នើឱ្យឆ្លើយតបទៅអ៊ីមែលដោយសរសេរពាក្យ “លាឈប់” នៅក្នុងខ្លឹមសារអ៊ីមែល។

លោកម៉ាស្ក ដែលបានចំណាយជាង២៧០លានដុល្លារដើម្បីជួយលោកត្រាំ និងសមាជិកបក្សសាធារណរដ្ឋផ្សេងទៀតឈ្នះការបោះឆ្នោត ត្រូវបានតែងតាំងឱ្យដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មី ដែលមានភារកិច្ចកាត់បន្ថយការចំណាយរបស់សហព័ន្ធយ៉ាងច្រើន។

“កម្លាំងពលកម្មសហព័ន្ធគួរតែរួមមានអ្វីដែលល្អបំផុតដែលអាមេរិកអាចផ្តល់ឱ្យបាន។ យើងនឹងទាមទារភាពឧត្តមនៅគ្រប់កម្រិត” នេះជាខ្លឹមសារក្នុងអ៊ីមែល៕

ប្រភព៖ AFP/rj