អន្តរជាតិ

ភាគហ៊ុន ASML កើនឡើងខ្លាំងបន្ទាប់ពីការកម្មង់ទិញខ្ពស់

ប្រែសម្រួល ៖ លន ស្រស់

ទីក្រុងមីឡាន៖ ភាគហ៊ុនរបស់ក្រុមហ៊ុន ASML បានកើនឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរនៅទីផ្សារហ្វ្រែងហ្វើត នាព្រឹកថ្ងៃពុធ បន្ទាប់ពីមានការកម្មង់ទិញខ្ពស់ក្នុងត្រីមាសទី៤។

ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ផលិតឈីបកុំព្យូទ័រធំជាងគេនេះ បានរាយការណ៍ពីការកម្មង់ទិញក្នុងត្រីមាសទី៤ ដែលល្អជាងការរំពឹងទុកយ៉ាងច្រើន ដោយមានតម្លៃ ៧,០៨ ប៊ីលានអឺរ៉ូ ដោយសារតម្រូវការខ្ពស់សម្រាប់ឧបករណ៍ទំនើបបំផុតរបស់ខ្លួន។

ភាគហ៊ុនដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃ DeepSeek នាសប្តាហ៍នេះ បានកើនឡើង ៨,៧ ភាគរយនៅទីផ្សារហ្វ្រែងហ្វើត។

ក្រុមហ៊ុន Jefferies បានលើកឡើងក្នុងកំណត់ចំណាំមួយថា “ការកម្មង់ទិញខ្ពស់ក្នុងត្រីមាសទី៤ និងការកម្មង់ទិញដែលមិនទាន់បានបញ្ជូន នឹងជួយបំបាត់ការព្រួយបារម្ភមួយចំនួនអំពីឆ្នាំ ២០២៥ ប៉ុន្តែការព្រួយបារម្ភអំពីកំណើនឆ្នាំ ២០២៦ ទំនងនៅតែមាន”៕/

ប្រភព៖ Reuters