ប្រែសម្រួល៖ស-សម្បត្តិ
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ បន្ទាប់ពីការកើនឡើងនៃស្តុកប្រេងឆៅក្នុងសហរដ្ឋអាមេរិក និងការថយចុះនៃការព្រួយបារម្ភអំពីការផ្គត់ផ្គង់ពីប្រទេសលីប៊ី ខណៈដែលការយកចិត្តទុកដាក់ផ្តោតទៅលើលទ្ធភាពនៃការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកទៅលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក។
តម្លៃប្រេងឆៅ Brent Futures បានធ្លាក់ចុះ ៥៩ សេន ឬ ០,៧៦ ភាគរយ មកនៅត្រឹម ៧៧,៩០ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០៩:១៦ GMT ខណៈដែលតម្លៃប្រេងឆៅអាមេរិក Futures បានធ្លាក់ចុះ ៥៥ សេន ឬ ០,៧៥ ភាគរយ មកនៅត្រឹម ៧៣,២២ ដុល្លារ។
សេតវិមានបានថ្លែងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមានគម្រោងដាក់ពន្ធ ២៥ ភាគរយទៅលើប្រទេសកាណាដា និងម៉ិកស៊ិក នៅថ្ងៃសៅរ៍។
លោក Ole Hansen ប្រធានផ្នែកយុទ្ធសាស្ត្រទំនិញនៅធនាគារ Saxo បានមានប្រសាសន៍ថា “តម្លៃប្រេងឆៅនៅតែបត់បែនតាមចង្វាក់របស់វង់ភ្លេងពន្ធគយរបស់លោកត្រាំ ដោយពន្ធគយលើប្រទេសកាណាដាដែលនឹងចូលជាធរមាននៅថ្ងៃសៅរ៍ អាចនឹងធ្វើឱ្យតម្លៃក្នុងសហរដ្ឋអាមេរិកកើនឡើង”។
កាណាដាបានផ្គត់ផ្គង់ប្រេង ៣,៩ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ស្មើនឹងពាក់កណ្តាលនៃការនាំចូលសរុបប្រចាំឆ្នាំ ខណៈដែលម៉ិកស៊ិកបានផ្គត់ផ្គង់ ៧៣៣.០០០ បារ៉ែលក្នុងមួយថ្ងៃ យោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល (EIA)។
លោក Hansen បានបន្តថា “ជារួម តម្លៃជួញដូរទន់ខ្សោយបន្តិចបន្ទាប់ពីលីប៊ីបានថ្លែងថា ការនាំចេញបានចាប់ផ្តើមឡើងវិញ ហើយ API បានរាយការណ៍អំពីការកើនឡើងប្រចាំសប្តាហ៍នៃស្តុកក្នុងសហរដ្ឋអាមេរិក។ លើសពីនេះ គេរំពឹងថា OPEC+ នឹងបន្តអនុវត្តតាមការកើនឡើងផលិតកម្មដែលបានប្រកាសរួចហើយចាប់ពីខែមេសា”។
ប្រភពទីផ្សារបានឱ្យដឹងកាលពីថ្ងៃអង្គារ ដោយយោងតាមតួលេខរបស់វិទ្យាស្ថានប្រេងកាតអាមេរិកថា ស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងម៉ាស៊ូតបានធ្លាក់ចុះ។
EIA ដែលជាស្ថាប័នស្ថិតិនៃក្រសួងថាមពលសហរដ្ឋអាមេរិក នឹងចេញផ្សាយទិន្នន័យប្រចាំសប្តាហ៍របស់ខ្លួននៅម៉ោង ១៥:៣០ GMT នៅថ្ងៃពុធនេះ។
ការព្រួយបារម្ភអំពីការផ្គត់ផ្គង់បានថយចុះ បន្ទាប់ពីសាជីវកម្មប្រេងជាតិលីប៊ី បានថ្លែងកាលពីថ្ងៃអង្គារថា សកម្មភាពនាំចេញកំពុងដំណើរការជាធម្មតា បន្ទាប់ពីបានធ្វើការចរចាជាមួយក្រុមតវ៉ាដែលទាមទារឱ្យផ្អាកការដឹកជញ្ជូននៅកំពង់ផែប្រេងសំខាន់មួយរបស់ខ្លួន។
លោក Tamas Varga អ្នកវិភាគនៃក្រុមហ៊ុនជើងសាប្រេង PVM បានថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យរដ្ឋមន្ត្រីរួម (JMMC) របស់ OPEC+ នៅថ្ងៃចន្ទក្រោយ នឹងក្លាយជាប្រភពនៃភាពមិនច្បាស់លាស់មួយទៀតក្នុងបរិយាកាសនយោបាយ និងសេដ្ឋកិច្ចដែលគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ និងប្រភពនានា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត និងសមភាគី OPEC+ ជាច្រើនរូបបានធ្វើការពិភាក្សាគ្នា បន្ទាប់ពីការអំពាវនាវរបស់លោកត្រាំឱ្យបញ្ចុះតម្លៃប្រេង និងមុនកិច្ចប្រជុំនៅសប្តាហ៍ក្រោយរបស់បណ្តាប្រទេសផលិតប្រេង OPEC+។
លោក Varga បានថ្លែងថា “គោលបំណងរបស់លោកត្រាំគឺដើម្បីបង្ខំឱ្យរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត និងជាមហាអំណាចក្នុងក្រុម OPEC+ ចូលរួមក្នុងការចរចាដើម្បីបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការបញ្ចុះតម្លៃប្រេងដោយការបង្កើនផលិតកម្ម ដែលមានផលប៉ះពាល់បន្ទាប់បន្សំគឺការកាត់បន្ថយអតិផរណា និងការធ្លាក់ចុះតម្លៃប្រេងសាំងក្នុងស្រុក នេះជាគំនិតរបស់សហរដ្ឋអាមេរិក”៕
ប្រភព៖ Reuters