សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូងខេត្តករណីប្រើប្រាស់បំពាននិងខុសច្បាប់នូវសារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង១១និង៤០នាទីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ ពេលល្បាតដល់វត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យបានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង១ក្រុមកំពុងបង្ហោះម៉ូតូ ។

កម្លាំងបានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៦នាក់ ក្នុងនោះមានស្រ្តីស្រី៣នាក់ រួមទាំងម៉ូតូចំនួន៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្មេងទំនើងទាំងចំនួន១៦នាក់(ស្រី០៣នាក់) ជាលទ្ធផលវិជ្ជមាន(+) ចំនួន៦នាក់ និងអវិជ្ជមាន(-) ចំនួន ១០នាក់(ស្រី៣នាក់)។

ចំពោះក្មេងទំនើងចំនួន៦នាក់រួមមាន៖ ១.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ, ២.ឈ្មោះ ម៉ែន សុខខុន ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះ លឹម គឹមហូវ ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ហឿត រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ តូត ភេទប្រុស អាយុ២៥ឆ្នាំ និង ៦.ឈ្មោះ នួន វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកក្មេងទំនើងចំនួន១០នាក់/ស្រី០៣នាក់ ពុំមានសារធាតុញៀន ដោយទទួលបានការអនុញ្ញាតពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕