សន្ដិសុខសង្គម

អ្នកបើកបរ២៥នាក់លើ២៧៧នាក់ ត្រូវបាននគរបាលឃាត់យកមកអប់រំក្រោយរកឃើញបើកបរក្រោមឥទ្ធិពលជាតិស្រវឹង

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់ សាធារណ:និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់ផែនជំនាញនិងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង (ក្រោមឥទ្ធិពលសារធាតុស្រឹងឬជាតិអាកុល) ពេលយប់ក្នុងការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។

ជាលទ្ធផល នគរបាលជំនាញមានការសង្ស័យ បានធ្វើតេសលើអ្នកបើកបររថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបើកបរសរុប ២៧៧ នាក់ (ស្រី៥៩ នាក់)។ ក្នុងនោះអ្នកបើកបរមានជាតិអាល់កុល ២៥នាក់ (ម៉ូតូ ១៩គឿង – រថយន្តតូច ៦គ្រឿង) ត្រូវបានធ្វើការអប់រំនៅនឹងកន្លែងដើម្បីឲ្យថយជាតិអាល់កុលនិងឲ្យសាច់ញាតិមកទទួលយកត្រឡប់ទៅលំនៅដ្ឋានវិញ៕