សន្ដិសុខសង្គម

ឃាត់ខ្លួនរួចអប់រំយុវជន២នាក់ក្រោយជិះម៉ូតូបង្ហោះតាមផ្លូវសាធារណ:យ៉ាងអនាធិបតេយ្យ

ដោយ៖កំចាយ

កំពត÷ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានតាមឃាត់ខ្លួនយុវជន២នាក់ នាំមកអប់រំ និងធ្វើកិច្ចសន្យាឈប់ជិះម៉ូតូបង្ហោះ រួចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ចំណែកម៉ូតូពាក់ព័ន្ធសកម្មភាពអនាធិបតេយ្យតាមទីសាធារណ:នោះត្រូវសមត្ថកិច្ចដកហូត និងរក្សាទុករយ:ពេល៣ខែ។

មន្ត្រីមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី បានរាយការណ៍អំពីករណីយុវជន២នាក់ជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់អ្នកដំណើរទូទៅ។ ភ្លាមៗ កម្លាំងអធិការដ្ឋានបានដេញស្ទាក់ រហូតតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចនាំមកសាកសួរ។

ប្រភពដដែលបានបញ្ជាក់ថា យុវជនដែលត្រូវសមត្ថកិច្ចនាំខ្លួនមកអប់រំពាក់ព័ន្ធសកម្មភាពបង្កអនាធិបតេយ្យខាងលើ រួមមាន ១. ឈ្មោះ ចន្ធី វឌ្ឍនា អាយុ ១៧ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ។ ២. ឈ្មោះ ហៀង វិនន់ អាយុ ១៥ឆ្នាំ រស់នៅស្រុកសំរោង ខេត្តតាកែវ។ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត មន្ត្រីជំនាញបានអប់រំយុវជនទាំង២នាក់ និងធ្វើកិច្ចសន្យាបញ្ឈប់ការជិះម៉ូតូបង្ហោះតទៅទៀត រួចទើបអនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខតាកែវ1V-5578 ត្រូវដកហូត និងរក្សាទុកនៅអធិការដ្ឋានរយ:ពេល៣ខែ៕