ប្រែសម្រួល៖ស-សម្បត្តិ
សិង្ហបុរី៖ ទោះបីជាអ្នកទិញទំនិញមានឆន្ទៈចំណាយប្រាក់បន្ថែមទៅលើផលិតផល និងសេវាកម្មនានាក្នុងអំឡុងពេលមុនបុណ្យចូលឆ្នាំចិនក៏ដោយ ក៏អាជ្ញាធរការពារអ្នកប្រើប្រាស់សិង្ហបុរីបានអំពាវនាវឱ្យអ្នកលក់បញ្ជាក់ច្បាស់អំពីការកើនឡើងថ្លៃតាមរដូវកាលនេះ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីសមាគមការពារអ្នកប្រើប្រាស់សិង្ហបុរី (CASE) បានទទួលពាក្យបណ្តឹងចំនួន៩ករណីកាលពីឆ្នាំមុនទាក់ទងនឹងការដំឡើងថ្លៃបែបនេះ កើនឡើងពី៤ករណីក្នុងឆ្នាំ២០២២ និង៦ករណីក្នុងឆ្នាំ២០២៣។
ករណីទាំងនេះពាក់ព័ន្ធនឹងសេវាកម្មដូចជាការលាងរថយន្ត ការធ្វើសក់ ការធ្វើក្រចក និងការស្ពាបាទ ដែលអ្នកប្រើប្រាស់មិនត្រូវបានប្រាប់ជាមុនអំពីការដំឡើងថ្លៃរហូតដល់៣០ភាគរយ។
- មូលហេតុនៃការឡើងថ្លៃ
CASE បានកត់សម្គាល់ថា អាជីវកម្មអាចត្រូវដំឡើងថ្លៃ ដោយសារម្ហូបអាហារ និងកម្លាំងពលកម្មអាចមានតម្លៃថ្លៃជាងមុនក្នុងអំឡុងពេលនេះ។
ឧទាហរណ៍ ហាងធ្វើក្រចក Nails Actually នៅ Buona Vista បានដំឡើងថ្លៃបន្ថែមចន្លោះពី៥ដុល្លារសិង្ហបុរី (៣,៧០ដុល្លារអាមេរិក) ដល់១៥ដុល្លារសិង្ហបុរី នៅពេលជិតដល់បុណ្យចូលឆ្នាំចិន។
លោក Jason Tan ម្ចាស់ហាងបានមានប្រសាសន៍ថា “លើសពីកញ្ចប់សេវាកម្ម យើងក៏ផ្តល់ឥណទាន និងការបញ្ចុះតម្លៃបន្ថែមនៅពេលពួកគេមកហាងយើង។ ដូច្នេះ ប្រាក់ចំណូលក្នុងអំឡុងពេលនេះនឹងជួយគ្របដណ្តប់ខែដែលមានប្រាក់ចំណេញទាបពេញមួយឆ្នាំ។”
លោកបានបន្ថែមថា ប្រាក់ចំណេញបន្ថែមនឹងត្រូវបែងចែកក្នុងចំណោមបុគ្គលិក។
ទំនិញនៅផ្សារស្រស់ក៏អាចមានតម្លៃខ្ពស់ជាងមុនដែរ។
អ្នកលក់ម្នាក់បានថ្លែងថា បន្លែរបស់គាត់មានតម្លៃថ្លៃជាង៤០ភាគរយបើធៀបនឹងតម្លៃធម្មតា ដោយចង្អុលបង្ហាញពីអាកាសធាតុភ្លៀងដែលបានកាត់បន្ថយការផ្គត់ផ្គង់ដំណាំ។
អ្នកលក់គ្រឿងសមុទ្រម្នាក់ទៀត ដែលលក់បង្គាដុំ បាននិយាយថា អ្នកផ្គត់ផ្គង់របស់គាត់បានដំឡើងថ្លៃពី១០ដុល្លារសិង្ហបុរី ទៅ១៦ដុល្លារសិង្ហបុរីក្នុងមួយគីឡូក្រាម។
ជាទូទៅ តម្លៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនកើនឡើងលើសពី៣០ភាគរយ យោងតាមការសិក្សាប្រៀបធៀប នេះបើតាមការថ្លែងរបស់លោក Andy Chang នាយកផ្នែកផលិតផលស្រស់ និងក្លាសេរបស់ NTUC FairPrice។
ទោះយ៉ាងណា ជាឆ្នាំទីបីជាប់គ្នា ប្រព័ន្ធផ្សារទំនើបនេះបានរក្សាតម្លៃទំនិញដែលប្រើប្រាស់ជាទូទៅសម្រាប់ចម្អិនអាហារក្នុងពេលបុណ្យចូលឆ្នាំចិន ដូចជាផ្សិតសៀងកេ និងស្ពៃខាត់ណា។ ឆ្នាំនេះ ពួកគេក៏បានបន្ថែមផលិតផលសាច់ជ្រូកទៅក្នុងកញ្ចប់ផលិតផលដែលរក្សាតម្លៃដដែលផងដែរ។
- ការលក់ដូរនៅផ្សារបុណ្យមានការធ្លាក់ចុះ
ខណៈដែលអ្នកប្រើប្រាស់ទិញទំនិញចាំបាច់ដោយមិនគិតពីតម្លៃ តូបមួយចំនួននៅផ្សារបុណ្យចូលឆ្នាំចិនប្រចាំឆ្នាំនៅ Chinatown កំពុងកាត់បន្ថយតម្លៃក្នុងការប៉ុនប៉ងចុងក្រោយដើម្បីរកប្រាក់ចំណេញខ្លះ។
ការណ៍នេះកើតឡើងក្នុងពេលដែលអាជីវកម្មមិនសូវល្អ ដែលអ្នកលក់បានចោទថាបណ្តាលមកពីភ្លៀងធ្លាក់ជាប់រហូត។
អ្នកដែលលក់ដូរកាលពីឆ្នាំមុនបាននិយាយថា ការលក់ដូរឆ្នាំនេះបានធ្លាក់ចុះ៣០ភាគរយ។
អ្នកលក់គ្រឿងតុបតែងម្នាក់បាននិយាយថា “ពីមុនខ្ញុំលក់តែមួយតម្លៃ១ដុល្លារសិង្ហបុរី។ ឥឡូវខ្ញុំលក់ប្រាំបីមុខតម្លៃ១ដុល្លារសិង្ហបុរី។ បើខ្ញុំមិនធ្វើបែបនេះទេ គ្មាននរណាទិញទេ។ ឥឡូវ…វាលក់ដាច់ណាស់។”
គណៈកម្មាធិការពិធីបុណ្យ Chinatown សង្ឃឹមថា ពិធីរាប់ថយក្រោយប្រចាំឆ្នាំនៅយប់ថ្ងៃអង្គារនឹងជួយជំរុញការលក់។
លោក Luo Chen Jun ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់គណៈកម្មាធិការបានមានប្រសាសន៍ថា “បន្ទាប់ពីពិធីរាប់ថយក្រោយ នឹងមានការផ្តល់ការបញ្ចុះតម្លៃគួរឱ្យទាក់ទាញជាច្រើន ហើយយើងពិតជាសង្ឃឹមថានឹងលើកទឹកចិត្តប្រជាជនសិង្ហបុរីកាន់តែច្រើនមកទិញឥវ៉ាន់បុណ្យចូលឆ្នាំចិននាទីចុងក្រោយនៅទីនេះ។”
ខណៈដែលតូបបិទនៅម៉ោង១០:៣០យប់ជារៀងរាល់ថ្ងៃ តូបមួយចំនួននឹងបន្តបើកដល់ម៉ោង១:០០ព្រឹកនៅថ្ងៃចុងក្រោយនៃពិធីបុណ្យនៅថ្ងៃអង្គារ។/
ប្រភព៖ CNA/ja(ca)”