ដោយ៖កំចាយ

កំពត÷ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនក្រុមក្មងទំនើង១១នាក់ទៅសាលាដំបូងក្រោមបទសង្ស័យបង្កហិង្សាដោយចេតនា។
មត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង១១នាក់មានអាយុចន្លោះពី១៤ឆ្នាំដល់១៩ឆ្នាំ ដោយក្រុមទី១មានគ្នា៥នាក់ រស់នៅក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ សង្កាត់អណ្តូងខ្មែ ក្រុងកំពត និងឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកក្រុមទី២មានគ្នា៦នាក់ រស់នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបានរម្លឹកថា កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្រុមទី១ បាននាំគ្នាចូលចាក់សាំងម៉ូតូនៅស្ថានីយសូគីមិចក្បែររង្វង់មូលរូបសំណាកផ្លែទុរេន។ ស្របពេលនោះ ក្រុមទី២ ដែលធ្លាប់មានទំនាស់ជាមួយគ្នាបានមកដល់ក៏កើតជាហិង្សាដោយយករបស់របរផ្សេងៗវាយគប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យបំផុត។
ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ កម្លាំងនគរបាលក្រុងកំពតក៏ចុះអន្តរាគមន៍ដោយឃាត់ខ្លួនក្រុមក្មេងទាំងនោះបាន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន រួចនាំទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។ មន្ត្រីនគរបាលបានបន្តទៀតថា ក្រោយបញ្ជូនមកដល់ស្នងការដ្ឋានខេត្ត និងកសាងសំណុំរឿងរួចរាល់់ នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រុមជនសង្ស័យត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងដើម្បីមានចំណាត់ការតាមនីតិវិធី៕
