អន្តរជាតិ

ត្រាំនិយាយថា បញ្ញាសិប្បនិម្មិត Deep Seek របស់ចិនគឺជា ‘សញ្ញាដាស់តឿន’សម្រាប់សហរដ្ឋអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមករាឆ្នាំ២០២៥ ថា ម៉ូដែលបញ្ញាសិប្បនិម្មិតតម្លៃទាប Deep Seek របស់ចិនគឺជា “សញ្ញាដាស់តឿន” សម្រាប់ក្រុមហ៊ុនអាមេរិក បន្ទាប់ពីការលេចឡើងរបស់វាបានបង្កឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុនបច្ចេកវិទ្យា។

លោកត្រាំបានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណបក្សសាធារណរដ្ឋនៅក្រុងមីយ៉ាមីថា “សង្ឃឹមថា ការចេញផ្សាយបញ្ញាសិប្បនិម្មិត Deep Seek ពីក្រុមហ៊ុនចិននឹងក្លាយជាសញ្ញាដាស់តឿនសម្រាប់ឧស្សាហកម្មរបស់យើង ដែលយើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងដើម្បីឈ្នះ”។

ប៉ុន្តែលោកត្រាំបានមានប្រសាសន៍ថា ការភ្ញាក់ផ្អើលនេះក៏អាចជា “វិជ្ជមាន” សម្រាប់ Silicon Valley ដោយការបង្ខំឱ្យមានការច្នៃប្រឌិតក្នុងតម្លៃទាបជាងមុន។

លោកត្រាំបានមានប្រសាសន៍ថា “ខ្ញុំនឹងនិយាយថា នោះអាចជាវិជ្ជមាន។ ដូច្នេះជំនួសឱ្យការចំណាយរាប់ពាន់លានៗ អ្នកនឹងចំណាយតិចជាង ហើយសង្ឃឹមថានឹងទទួលបានដំណោះស្រាយដូចគ្នា”។

មតិរបស់លោកត្រាំបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតឈីបអាមេរិក Nvidia ដែលឈីបរបស់ខ្លួនជំរុញឧស្សាហកម្មបញ្ញាសិប្បនិម្មិត បាននាំមុខក្នុងការធ្លាក់ចុះតម្លៃភាគហ៊ុនបច្ចេកវិទ្យា ដោយបាត់បង់តម្លៃទីផ្សារជិត ៦០០ ពាន់លានដុល្លារអាមេរិក។

ប្រព័ន្ធឆាតបត (chatbot) ដែលបង្កើតឡើងដោយក្រុមហ៊ុន Deep Seek ដែលជាក្រុមហ៊ុនថ្មីមានមូលដ្ឋាននៅក្រុងហាងចូវភាគខាងកើតប្រទេសចិន បានបង្ហាញសមត្ថភាពស្របគ្នានឹងសមត្ថភាពរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតនាំមុខរបស់អាមេរិក ដោយប្រើការវិនិយោគតិចជាងក្រុមហ៊ុនអាមេរិកច្រើន។

កាលពីសប្តាហ៍មុន បន្ទាប់ពីពិធីសប្បថចូលកាន់តំណែងអាណត្តិទីពីររបស់លោក លោកត្រាំបានប្រកាសអំពីគម្រោងទឹកប្រាក់ ៥០០ ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ញាសិប្បនិម្មិតនៅសហរដ្ឋអាមេរិក ដឹកនាំដោយក្រុមហ៊ុនយក្សជប៉ុន SoftBank និងក្រុមហ៊ុនផលិត ChatGPT គឺ OpenAI៕

ប្រភព៖ AFP/rj