ប្រែសម្រួល៖ ស-សម្បត្តិ

នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ម៉ូដែលបញ្ញាសិប្បនិម្មិត R1 របស់ក្រុមហ៊ុនបង្កើតថ្មី DeepSeek របស់ចិនគឺ “គួរឱ្យកត់សម្គាល់” ប៉ុន្តែបានសង្កត់ធ្ងន់ថា OpenAI ជឿជាក់ថាកម្លាំងកុំព្យូទ័រកាន់តែខ្លាំងគឺជាគន្លឹះនៃជោគជ័យរបស់ពួកគេ។

DeepSeek ដែលជាម៉ូដែលបញ្ញាសិប្បនិម្មិតចិនមានតម្លៃទាប បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកកាលពីខែមុន នៅពេលដែលបានបញ្ជាក់ក្នុងឯកសារមួយថា ការបណ្តុះបណ្តាលម៉ូដែល DeepSeek-V3 របស់ខ្លួនត្រូវការកម្លាំងកុំព្យូទ័រតិចជាង ៦ លានដុល្លារ ដោយប្រើប្រាស់ឈីប Nvidia H800 ដែលមានសមត្ថភាពទាបជាង។
យោងតាមការចុះផ្សាយនៅលើគណនី WeChat ផ្លូវការរបស់ DeepSeek បានឱ្យដឹងថា DeepSeek-R1 ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីសប្តាហ៍មុន មានតម្លៃថោកជាងម៉ូដែល o1 របស់ OpenAI ពី ២០ ទៅ ៥០ ដង អាស្រ័យលើប្រភេទការងារ។
លោក Altman បានសរសេរនៅលើបណ្តាញ X ថា “ម៉ូដែល r1 របស់ DeepSeek គឺជាម៉ូដែលគួរឱ្យកត់សម្គាល់ ជាពិសេសអ្វីដែលពួកគេអាចផ្តល់ជូនក្នុងតម្លៃនេះ”។
លោកបានបន្ថែមថា “ប៉ុន្តែជាចម្បង យើងមានការរំភើបក្នុងការបន្តអនុវត្តផែនការស្រាវជ្រាវរបស់យើង និងជឿជាក់ថាកម្លាំងកុំព្យូទ័របន្ថែមគឺសំខាន់ជាងពេលណាៗទាំងអស់ដើម្បីសម្រេចបេសកកម្មរបស់យើង”។
ការលេចឡើងរបស់ DeepSeek បានបង្កើតឱ្យមានការសង្ស័យអំពីហេតុផលនៃការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួន ក្នុងការសន្យាវិនិយោគរាប់ពាន់លានដុល្លារលើបញ្ញាសិប្បនិម្មិត ហើយតម្លៃភាគហ៊ុននៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមទាំង Nvidia ត្រូវបានប៉ះពាល់។
Nvidia បានជួបប្រទះការខាតបង់តម្លៃទីផ្សារចំនួន ៥៩៣ ពាន់លានដុល្លារក្នុងមួយថ្ងៃជាកំណត់ត្រាកាលពីថ្ងៃច័ន្ទ ដែលជាការខាតបង់ច្រើនបំផុតក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនណាមួយនៅ Wall Street។/
ប្រភព៖ Reuters
