អន្តរជាតិ

កិច្ចព្រមព្រៀងថ្មីស្តីពីបទឈប់បាញ់រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនឹងបរាជ័យបើគ្នានការអន្តរាគមន៍ពីរដ្ឋបាលថ្មីរបស់អាមេរិក

ប្រែសម្រួល៖ស-សម្បត្តិ

ការឈប់បាញ់គ្នាដ៏ផុយស្រួយរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ ខណៈភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភកិច្ចព្រមព្រៀងថ្មីៗនេះ។

អ៊ីស្រាអែលបានផ្អាកការវិលត្រឡប់របស់ជនភៀសខ្លួនហ្គាហ្សាទៅតំបន់ខាងជើងវិញ បន្ទាប់ពីចំណាប់ខ្មាំងឈ្មោះអារបែល យេហ៊ូដ អាយុ២៩ឆ្នាំ ដែលត្រូវបានជីហាដអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ចាប់ជំរិត មិនទាន់ត្រូវបានដោះលែងដូចការរំពឹងទុក។

ក្រុម PIJ បានអះអាងថា លោក យេហ៊ូដ នឹងត្រូវដោះលែងជាផ្នែកមួយនៃការដោះដូរអ្នកទោស។ ភាពតានតឹងកាន់តែខ្លាំងឡើងនៅពេលកងកម្លាំងអ៊ីស្រាអែលបានបាញ់ព្រមានដើម្បីបញ្ឈប់ពលរដ្ឋស៊ីវិលពីការធ្វើដំណើរទៅខាងជើង ខណៈក្រុមហាម៉ាស់រិះគន់អ៊ីស្រាអែលចំពោះការពន្យារពេលអនុវត្តកិច្ចព្រមព្រៀង។

ការឈប់បាញ់គ្នា ដែលអ៊ីស្រាអែលចាត់ទុកថាជា “ក្របខណ្ឌ” ត្រូវបានពិនិត្យពិច័យ ដោយអ្នកជំនាញព្រមានអំពីបញ្ហាប្រឈមក្នុងការចរចាជាមួយក្រុមឧទ្ទាមដូចជាហាម៉ាស់។ ក្នុងពេលជាមួយគ្នា វីដេអូឃោសនារបស់ហាម៉ាស់ក្នុងពេលដោះដូរចំណាប់ខ្មាំងបានបង្កជាការជជែកគ្នាកាន់តែខ្លាំង។ ភាគីទាំងពីរប្រឈមនឹងស្ថានភាពលំបាក៖ ហាម៉ាស់ព្យាយាមប្រើប្រាស់ចំណាប់ខ្មាំងដើម្បីទទួលបានផលប្រយោជន៍យុទ្ធសាស្ត្រ ខណៈអ៊ីស្រាអែលព្យាយាមជួយសង្គ្រោះពលរដ្ឋរបស់ខ្លួននិងបំផ្លាញក្រុមហាម៉ាស់។

សំណួរនៅតែមានអំពីតួនាទីរបស់សហរដ្ឋអាមេរិក ខណៈអ៊ីស្រាអែលបានអំពាវនាវឱ្យរដ្ឋបាលត្រាំគាបសង្កត់លើហាម៉ាស់ឱ្យគោរពតាមកិច្ចព្រមព្រៀង។ អ្នកជំនាញលើកឡើងថា ការដួលរលំនៃការឈប់បាញ់គ្នាអាចនាំឱ្យមានការប្រយុទ្ធគ្នាឡើងវិញ ដោយសារការស្អប់ខ្ពើមគ្នាដ៏ជ្រាលជ្រៅធ្វើឱ្យកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះកាន់តែស្មុគស្មាញ៕