ប្រែសម្រួល៖ ស-សម្បត្តិ
ញូវយ៉ក៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (ស/Iអាយអេ) បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ-១៩ “ទំនងជា” បានចេញពីមន្ទីរពិសោធន៍ ជាងការកើតឡើងដោយធម្មជាតិ នេះបើយោងតាមអ្នកនាំពាក្យទីភ្នាក់ងារនេះ កាលពីថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២៥។
ទីភ្នាក់ងារនេះបានថ្លែងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ខ្លួនមិនអាចសន្និដ្ឋានបានថា កូវីដ-១៩ គឺជាលទ្ធផលនៃឧប្បត្តិហេតុនៅមន្ទីរពិសោធន៍ ឬកើតឡើងដោយធម្មជាតិនោះទេ។
ប៉ុន្តែក្នុងសប្តាហ៍ចុងក្រោយនៃរដ្ឋបាលលោក បៃដិន អតីតប្រធានស៊ីអាយអេ លោក វីលៀម ប៊ឺន បានស្នើឲ្យអ្នកវិភាគ និងអ្នកវិទ្យាសាស្ត្ររបស់ស៊ីអាយអេធ្វើការសម្រេចចិត្តច្បាស់លាស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ប្រវត្តិសាស្ត្រនៃជំងឺរាតត្បាតនេះ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប។
ស៊ីអាយអេថា ខ្លួនមាន “ទំនុកចិត្តកម្រិតទាប” លើការវាយតម្លៃរបស់ខ្លួនដែលថា “ប្រភពនៃជំងឺរាតត្បាតកូវីដ-១៩ ដែលទាក់ទងនឹងការស្រាវជ្រាវគឺមានភាពទំនងជាង” និងកត់សម្គាល់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ទាំងករណីទាំងពីរ — ប្រភពពីមន្ទីរពិសោធន៍ និងប្រភពធម្មជាតិ — នៅតែអាចទទួលយកបាន។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអធិប្បាយនោះទេ។
មិនមានភាពច្បាស់លាស់ថា ទីភ្នាក់ងារនេះបានប្រមូលព័ត៌មានស៊ើបការណ៍ថ្មីអំពីប្រភពកំណើតកូវីដ-១៩ និងថាតើភស្តុតាងថ្មីនោះត្រូវបានប្រើប្រាស់ដើម្បីបង្កើតការវាយតម្លៃចុងក្រោយនេះដែរឬទេ។
រដ្ឋាភិបាលចិនថា ខ្លួនគាំទ្រ និងបានចូលរួមក្នុងការស្រាវជ្រាវដើម្បីកំណត់ប្រភពកំណើតនៃកូវីដ-១៩ និងបានចោទប្រកាន់វ៉ាស៊ីនតោនថាធ្វើនយោបាយនីយកម្មបញ្ហានេះ ជាពិសេសដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារស៊ើបការណ៍អាមេរិកក្នុងការស៊ើបអង្កេត។
ប៉េកាំងបានថ្លែងថា ការអះអាងដែលថាការលេចធ្លាយពីមន្ទីរពិសោធន៍ទំនងជាបានបង្កឲ្យមានជំងឺរាតត្បាតនេះ គឺគ្មានភាពគួរឲ្យជឿជាក់ទេ។
ក្នុងបទសម្ភាសន៍ជាមួយ Breitbart បន្ទាប់ពីត្រូវបានសភាអាមេរិកអនុម័តកាលពីថ្ងៃសុក្រ ប្រធានស៊ីអាយអេ លោក ចន រ៉ាត់ក្លីហ្វ បានថ្លែងថា អាទិភាពមួយក្នុងចំណោមអាទិភាពដំបូងរបស់លោក គឺធ្វើឲ្យទីភ្នាក់ងាររបស់លោកធ្វើការវាយតម្លៃជាសាធារណៈអំពីប្រភពកំណើតនៃជំងឺរាតត្បាតនេះ។
លោកបានថ្លែងថា “នេះជាអាទិភាពថ្ងៃទីមួយសម្រាប់ខ្ញុំ”។
“ខ្ញុំបានថ្លែងជាផ្លូវការដូចដែលលោកដឹងថា ខ្ញុំគិតថាការស៊ើបការណ៍ វិទ្យាសាស្ត្រ និងការគិតពិចារណាទូទៅរបស់យើង ពិតជាបង្ហាញថា ប្រភពកំណើតនៃកូវីដ-១៩ គឺជាការលេចធ្លាយនៅវិទ្យាស្ថានវីរុសវិទ្យាវូហាន។”
ប្រភព៖ Reuters/mi