អន្តរជាតិ

នាយិកាបុគ្គលិកនៃសេតវិមានរបស់លោក Trump ប្រកាសមិនទទួលយកលោក Elon Musk និងព្រមានអំពីតួនាទី «សហប្រធានាធិបតី»

ប្រែសម្រួល៖ ស-សម្បត្តិ

នាយិកាបុគ្គលិកសេតវិមាន Susie Wiles បានបដិសេធមិនផ្តល់ការិយាល័យក្នុងអគារ West Wing ដល់លោក Elon Muskនោះទេ។

មានការចាប់អារម្មណ៍ខ្លាំងលើឋានៈ “មិត្តភក្តិលេខមួយ” របស់មហាសេដ្ឋីរូបនេះ ដែលមានតួនាទីជាប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល និងបានអង្គុយក្នុងការិយាល័យអូវ៉ាល់ពេលលោក Trump ចុះហត្ថលេខាលើច្បាប់។

ប៉ុន្តែគាត់ក៏បង្កជាភាពចម្រូងចម្រាស និងក្លាយជាគោលដៅងាយស្រួលសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលបានហៅគាត់ដោយកំប្លែងថាជា «សហប្រធានាធិបតី»។

លោកស្រី Wiles វ័យ ៦៧ឆ្នាំ ជាអ្នកនយោបាយជើងចាស់គណបក្សសាធារណរដ្ឋ បានទទួលជោគជ័យដំបូងនៅថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក Trump ពេលគាត់បញ្ជាក់ថា Musk នឹងមិនមានតុក្នុងអគារ West Wing ឡើយ។

ក្រុមការងារ DOGE របស់លោក Musk មានមូលដ្ឋាននៅក្នុងបរិវេណសេតវិមាន ប៉ុន្តែស្ថិតនៅក្នុងការិយាល័យប្រតិបត្តិ Eisenhower ដែលនៅខាងមុខអគារសំខាន់។

អ្នកគ្រប់គ្រង DOGE ត្រូវរាយការណ៍ទៅលោកស្រី Wiles ដែលជាសញ្ញានៃការគ្រប់គ្រងរបស់គាត់លើសេតវិមាន។

អ្នកជំនាញជឿថាលោកស្រី Wiles ដែលធ្លាប់ដឹកនាំយុទ្ធនាការឆ្នាំ២០១៦ និង២០២០ របស់លោក Trump នៅរដ្ឋ Florida ដោយជោគជ័យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រធានាធិបតី។

“គាត់មានភាពទន់ភ្លន់គួរឱ្យកត់សម្គាល់ ហើយគាត់នឹងត្រូវការវាទាំងអស់ដើម្បីបំពេញការងារនេះ” នេះជាសម្ដីរបស់លោក Chris Whipple អ្នកនិពន្ធសៀវភៅអំពីយុទ្ធនាការឆ្នាំ២០២៤ របស់លោក Trump ដោយកត់សម្គាល់ថាមាននាយិកាបុគ្គលិកបួននាក់ក្នុងអាណត្តិទីមួយរបស់លោក Trump។

“បុគ្គលិកលក្ខណៈគឺជាគុណភាពដែលគេមិនសូវយកចិត្តទុកដាក់ក្នុងចំណោមនាយិកាបុគ្គលិកសេតវិមាន។ Susie មានវា ខ្ញុំគិតអ៊ីចឹង។”

“ប៉ុន្តែវាជាការងារដ៏លំបាកបំផុតនៅវ៉ាស៊ីនតោន បើមិនមែននៅលើភពផែនដីទេ។ ជាពិសេសពេលចៅហ្វាយគឺលោក Donald Trump” គាត់បានប្រាប់កាសែត The Times។

“មិនដែលមានរដ្ឋបាលណាមួយមានការប្រកួតប្រជែងអំណាចច្រើនបែបនេះតាំងពីដំបូងទេ” នេះជាការបន្ថែមរបស់អ្នកស្ទង់មតិជំនាញ Frank Luntz។

“គាត់មានចិត្តត្រឹមត្រូវ និងជំនាញត្រឹមត្រូវសម្រាប់ការងារនេះ — បើមាននរណាម្នាក់នឹងទទួលបានជោគជ័យ គឺគាត់ហើយ។”

គ្រាន់តែពីរសប្តាហ៍មុនលោក Trump ចូលកាន់តំណែង លោកស្រី Wiles បានបញ្ជាក់យ៉ាងច្បាស់ក្នុងបទសម្ភាសន៍មួយថា គាត់នឹងដឹកនាំដោយតឹងរ៉ឹង។

“ខ្ញុំមិនស្វាគមន៍អ្នកដែលចង់ធ្វើការតែម្នាក់ឯង ឬចង់ក្លាយជាតួឯក” លោកស្រី Wiles បានប្រាប់ Axios។ “ក្រុមការងាររបស់ខ្ញុំនិងខ្ញុំនឹងមិនអត់ឱនចំពោះការនិយាយដើម ការសង្ស័យមិនសមរម្យ ឬភាពច្របូកច្របល់ឡើយ។ ទាំងនេះផ្ទុយពីបេសកកម្មរបស់យើង។”

អាណត្តិទីមួយរបស់លោក Trump ត្រូវបានកត់សម្គាល់ដោយការប្រយុទ្ធគ្នាផ្ទៃក្នុង ការបត់ និងការលេចធ្លាយព័ត៌មាន។ ជំនួយការបានបង្កើតក្រុមប្រកួតប្រជែងក្នុងអគារ West Wing និងប្រយុទ្ធគ្នាដើម្បីមានឥទ្ធិពលលើប្រធានាធិបតី ដែលបានកើតឡើងដូចកម្មវិធីរឿងពិត។

រួចទៅហើយ មន្ត្រីអាណត្តិទីពីរមួយចំនួនកំពុងក្លាយជាតួឯកដោយខ្លួនឯង រួមទាំងប្រធាន X លោក Elon Musk។

លោក Musk តែងតែប្រើគណនីបណ្តាញសង្គមរបស់គាត់ដើម្បីផ្តល់មតិលើនយោបាយ មិនថាអាមេរិកឬបរទេស។ ថ្មីៗនេះ គាត់បានជជែកជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Kier Starmer អំពី “ក្រុមកុមារបំពាន” នៅចក្រភពអង់គ្លេស។

លោកស្រី Wiles កំពុងបញ្ជាក់ថាអាណត្តិទីពីរនឹងខុសគ្នា។

ត្រូវបានលោក Trump ដាក់ឈ្មោះហៅថា “នារីទឹកកក” លោកស្រី Wiles អាយុ ៦៧ឆ្នាំ ជាអ្នកនយោបាយគណបក្សសាធារណរដ្ឋរដ្ឋ Florida យូរឆ្នាំ ដែលមានវិធីសាស្ត្រម៉ឹងម៉ាត់ក្នុងការងាររបស់គាត់។ គាត់នឹងក្លាយជាស្ត្រីដំបូងដែលកាន់ការិយាល័យនាយិកាបុគ្គលិក ដែលជាតំណែងកំពូលនៅសេតវិមាន។

គាត់បានប្រាប់សារព័ត៌មានថា បុគ្គលិកត្រៀមខ្លួនធ្វើការម៉ោងវែង និងខិតខំដើម្បីចាប់ផ្តើមការងារភ្លាមៗ។

“បុគ្គលិក West Wing មានទាំងថ្មីនិងចាស់ — ភាគច្រើនក្មេង ទាំងអស់ត្រៀមខ្លួនធ្វើការម៉ោងយូរ” គាត់បាននិយាយ។ “ខ្ញុំជឿជាក់យ៉ាងមុតមាំលើការងារក្រុម។ អ្នកដែលមិនអាចទុកចិត្តបានក្នុងការសហការ និងផ្តោតលើគោលដៅរួមរបស់យើង មិនអាចធ្វើការនៅ West Wing បានទេ។”

លោកស្រី Wiles ក៏បានបង្ហាញថា លោក Trump ចូលរួមយ៉ាងសកម្មក្នុងដំណើរការជ្រើសរើសបុគ្គលិក ដោយផ្ទាល់សម្ភាសន៍បុគ្គលិកជាន់ខ្ពស់ជាច្រើនទាំងសម្រាប់សេតវិមាននិងទីភ្នាក់ងាររដ្ឋាភិបាល។

លោកស្រី Wiles ត្រូវបានគេកត់សម្គាល់ថាបានដឹកនាំយុទ្ធនាការប្រកបដោយប្រសិទ្ធភាព និងរៀបចំបានល្អនៅឆ្នាំ២០២៤។

ហើយគាត់បានចាប់ផ្តើមដាក់ច្បាប់ខណៈលោក Trump ត្រៀមខ្លួនសម្រាប់អាណត្តិទីពីរនៅសេតវិមាន។

សប្តាហ៍មុន គាត់បានដាក់បម្រាមបណ្តាញសង្គមលើបេក្ខជនគណៈរដ្ឋមន្ត្រីរបស់គាត់ ដោយបញ្ជាមិនឱ្យបង្ហោះដោយគ្មានការយល់ព្រម។

“ខណៈពេលការណែនាំនេះត្រូវបានផ្តល់ជូនពីមុនមក ខ្ញុំកំពុងបញ្ជាក់ម្តងទៀតថា គ្មានសមាជិកណាម្នាក់នៃរដ្ឋបាលថ្មី ឬអន្តរកាលនិយាយតំណាងឱ្យសហរដ្ឋអាមេរិក ឬប្រធានាធិបតីជាប់ឆ្នោតដោយផ្ទាល់ឡើយ” លោកស្រី Wiles បានសរសេរក្នុងអនុស្សរណៈមួយដែលត្រូវបានរាយការណ៍ដោយកាសែត New York Post។

“ដូច្នេះ បេក្ខជនទាំងអស់គួរទប់ស្កាត់ការបង្ហោះបណ្តាញសង្គមសាធារណៈទាំងអស់ដោយគ្មានការយល់ព្រមជាមុនពីទីប្រឹក្សាសាធាណៈដែលនឹងចូលកាន់តំណែង។”

ប៉ុន្តែគាត់ក៏រំពឹងថានឹងជួបបញ្ហាប្រឈមក្នុងការអនុវត្តវិន័យក្នុងក្រុមការងាររបស់លោក Trump។

ការទទួលខុសត្រូវសំខាន់មួយរបស់នាយិកាបុគ្គលិកគឺការគ្រប់គ្រងពេលវេលារបស់ប្រធានាធិបតី និងអ្នកដែលអាចជួបគាត់។

លោក Trump មិនពេញចិត្តនឹងការរឹតបន្តឹងបែបនេះក្នុងអាណត្តិទីមួយរបស់គាត់ ពេលគាត់មាននាយិកាបុគ្គលិកបួននាក់ក្នុងរយៈពេលបួនឆ្នាំ។ ជំនួយការតែងលួចចូលទៅការិយាល័យអូវ៉ាល់ដើម្បីនិយាយជាមួយគាត់ ដោយដឹងថាគាត់ទំនងនឹងស្តាប់មនុស្សចុងក្រោយក្នុងបន្ទប់។

លើសពីនេះ លោក Trump ក៏និយាយជាញឹកញាប់ជាមួយទីប្រឹក្សាខាងក្រៅ សមាជិកគ្រួសារ និងមនុស្សផ្សេងទៀតដែលបានជួបគាត់ – ដែលតែងតែធ្វើឱ្យខូចដំណើរការ និងការសម្រេចចិត្តដោយសារការផ្លាស់ប្តូរនាទីចុងក្រោយរបស់គាត់។

ទោះយ៉ាងណា លោកស្រី Wiles ទទួលបានការគោរពខ្ពស់ក្នុងនយោបាយ និងត្រូវបានគេកត់សម្គាល់ថាបានដឹកនាំយុទ្ធនាការដ៏មានវិន័យ និងវិជ្ជាជីវៈដែលផ្តល់ជ័យជម្នះដ៏ធំធេងដល់លោក Trump នៅខែវិច្ឆិកា។

លោក Trump បាននិយាយជាសាធារណៈអំពីការគោរព និងការកោតសរសើររបស់គាត់ចំពោះលោកស្រី។

“Susie មានភាពរឹងមាំ ឆ្លាតវៃ ច្នៃប្រឌិត ហើយត្រូវបានគោរព និងកោតសរសើរជាសកល” គាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយពេលគាត់ប្រកាសតែងតាំងគាត់ជានាយិកាបុគ្គលិក៕